លោក អ៊ុំ សំអាន តំណាងរាស្រ្តបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំ ពាក់ព័ន្ធនឹងការអធិប្បាយពីផែនទីព្រំដែនកម្ពុជា-វៀតណាម បានប្រកាសកាលពីព្រឹកថ្ងៃសុក្រនេះថា លោកនឹងដាក់លិខិតជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីស្នើឲ្យព្រះមហាក្សត្រព្រះរាជទានការលើកលែងទោសដល់រូបលោក ដូចលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង ដែលទើបតែត្រូវបានដោះលែងពីពន្ធនាគារកាលពីថ្ងៃពុធ។
ការថ្លែងរបស់លោក អ៊ុំ សំអាន ធ្វើឡើងក្រោយពីអង្គជំនុំជម្រះតុលាការកំពូលបើកសវនាការលើបណ្តឹងសារទុក្ខ ជាលើកទីពីររបស់លោកប្រឆាំងទៅនឹងសាលដីកាសាលាឧទ្ធរណ៍ដែលបានសម្រេចឲ្យលោកជាប់ពន្ធនាគារ ២ឆ្នាំនិង៦ខែពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឲ្យមានការរើសអើង។
ខណៈកំពុងដើរចេញពីសាលសវនាការ និងឈររង់ចាំរថយន្តដឹកយកទៅពន្ធនាគារវិញ និង ខណៈដែលសមត្ថកិច្ចមិនអនុញ្ញាតឲ្យមានការថតសំឡេង និងផ្តិតយករូបភាព លោក អ៊ុំ សំអាន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកនឹងសរសេរលិខិតមួយច្បាប់ក្នុងពេលឆាប់ៗនេះ ដើម្បីសុំឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយស្នើព្រះមហាក្សត្រឲ្យព្រះរាជទានលើកទោសឲ្យបានមុនថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ។ លោកបន្ថែមដោយរំពឹងថា លោកនឹងត្រូវបានដោះលែងនៅអំឡុងពិធីបុណ្យអ៊ុំទូក នាដើមខែវិច្ឆិកានេះ ដើម្បីអាចទៅចុះឈ្មោះបោះឆ្នោតបានទាន់ពេល។
លោក អ៊ុំ សំអាន អ្នកតំណាងរាស្រ្តមានអភ័យឯកសិទ្ធិដែលដៃទាំងពីរជាប់ខ្នោះ និងមានអនុរក្សពន្ធនាគារឈរក្បែរផងនោះ បាននិយាយបន្ថែមក្នុងន័យដើមថា៖
«ខ្ញុំរំពឹងថា នឹងអាចទទួលបានការលើកលែងទោសមុនថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ ដើម្បីអាចទៅចុះឈ្មោះបោះឆ្នោត និងធ្វើជាតំណាងរាស្រ្តបម្រើប្រជាពលរដ្ឋ»។
លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តសៀមរាប ត្រូវបានតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគារ កាលពីខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីមានការស៊ើបអង្កេតទៅលើការអធិប្បាយនានារបស់លោកនៅលើទំព័រហ្វេសប៊ុក ពាក់ព័ន្ធនឹងការបង្ហោះផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម។
ការថ្លែងរបស់លោក អ៊ុំ សំអាន ធ្វើឡើងបន្ទាប់ពីលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោសកាលពីថ្ងៃទី២៥ ខែតុលា ក្រោយពេលដែលលោក ហុង សុខហួរ សរសេរលិខិតសុំទោសលោក ហ៊ុន សែន។
តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបរបស់គណបក្សសង្គ្រោះជាតិនេះត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឲ្យមានការរើសអើង»។ លោកត្រូវបានចាប់កាត់ទោសភ្លាមៗ ក្រោយការធ្វើអធិប្បាយ និងបង្ហោះលើទំព័រហ្វេសប៊ុក នូវសារនឹងផែនទីពាក់ព័ន្ធ នឹងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម កាលពីឆ្នាំ២០១៥។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអាចទទួលយកសំណើរបស់លោក អ៊ុំ សំអាន ប្រសិនបើលោក អ៊ុំ សំអាន ទទួលស្គាល់ទោសកំហុសដោយភាពស្មោះត្រង់។
លោកបញ្ជាក់ថា៖
«ខ្ញុំយល់ថា បើគាត់សរសេរលិខិតទទួលស្គាល់ទោសកំហុសរបស់គាត់ អាហ្នឹងអាចនឹងពិនិត្យ។ សម្តេចនាយករដ្ឋមន្រ្តីលោកតែងមានព្រហ្មវិហារធម៌ចំពោះបងប្អូនប្រជាពលរដ្ឋទូទៅ មិនថា តែជនណា នៅក្នុងគណបក្សនយោបាយណាទេ។ ក៏ប៉ុន្តែបើគ្រាន់តែជាល្បិចយករួចខ្លួនហើយចេញមកវាយប្រហាររដ្ឋាភិបាលទៀត អាហ្នឹងជារឿងមួយទៀត»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានេះបន្ថែមថា សម្រាប់សកម្មជន និងមន្រ្តីមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិជិត២០នាក់ផ្សេងទៀត ក៏អាចនឹងត្រូវបានពិចារណាទៅតាមទោសកំហុសរបស់ពួកគេដែរ ប្រសិនបើមានការសរសេរលិខិតទទួលស្គាល់កំហុសទៅលោកនាយករដ្ឋមន្រ្តី។ ប៉ុន្តែលោក សុខ ឥសាន បន្តថា សម្រាប់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរងការចោទប្រកាន់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ នឹងមិនអាចទទួលបានការស្នើឲ្យលើកលែងទោសណាមួយនោះទេ។
ការស្នើ និងគម្រោងស្នើសុំឲ្យមានការលើកលែងទោសរបស់អ្នកនយោបាយគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំទាំងនេះ ធ្វើឡើងក្រោយពីក្រុមតំណាងរាស្រ្ត និងមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងបានចាកចេញទៅក្រៅប្រទេសជាបន្តបន្ទាប់ ខណៈដែលគម្រោងរំលាយគណបក្សប្រឆាំងដ៏ធំមួយនេះកំពុងដំណើរការទៅមុខ។
លោក សូ ចន្ថា សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយលើកឡើងថា ការដែលអ្នកនយោបាយគណបក្សប្រឆាំងសរសេរលិខិតសុំទោស ឬសុំជំនួយពីប្រមុខរាជរដ្ឋាភិបាលដើម្បីស្នើឲ្យមានការលើកលែងទោស អាចបង្ហាញពីភាពទន់ខ្សោយរបស់អ្នកនយោបាយ និងអាចជះឥទ្ធិពលអវិជ្ជមានសម្រាប់អ្នកគាំទ្រពួកគេ។ ទោះជាយ៉ាងណា លោកថា ការសរសេរលិខិតសុំទោសនេះគឺអាចបណ្តាលមកពីការយល់ឃើញរបស់ពួកគេពាក់ព័ន្ធនឹងស្ថានភាពនយោបាយនៅកម្ពុជា។
លោក សូ ចន្ថា មានប្រសាសន៍ថា៖
«វាអាចទំនងជាដោយសារតែស្ថានភាពនយោបាយចុងក្រោយនេះមានសម្ពាធខ្លាំងពីអន្តរជាតិផង ហើយក៏មានការលើកលែងទោសដល់លោក ហុង សុខហួរ ដែលបានសរសេរលិខិតសុំទោសអីជាដើម។ អីចឹងអាចទំនងនេះជាឱកាសមួយសម្រាប់ពួកគាត់អាចទទួលបានការលើកលែងទោស ហើយមានសេរីភាពដូចអ្នកនយោបាយផ្សេងទៀតផង»។
យ៉ាងហោចណាស់មានមេដឹកនាំ អតីតសមាជិក និងមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិជិត២០នាក់ផ្សេងទៀតកំពុងជាប់ឃុំពីបទផ្សេងៗគ្នា។ ពួកគេបានប្រកាសលាលែង និងផ្តាច់ទំនាក់ទំនងជាមួយគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់ កាលពីដើមឆ្នាំ២០១៧នេះ មុនពេលវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលកំណត់ថា គណបក្សនយោបាយដែលមានទំនាក់ទំនងជាមួយពិរុទ្ធជន ឬជនជាប់ទោស គណបក្សនោះនឹងត្រូវរំលាយ ជាធរមាន។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក៏ត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ពាក់ព័ន្ធនឹងបទចោទអំពីអំពើក្បត់ជាតិ ដោយចោទលោកថា បានឃុបឃិតជាមួយបរទេស ដើម្បីផ្តូលរំលំរដ្ឋាភិបាល ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៕