ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​នឹង​បើក​សវនាការ​បណ្តឹង​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ខែវិច្ឆិកា


រូបឯកសារ៖ លោក​ កឹម​ សុខា​ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិដ៏ទៃទៀត​​​ នៅក្នុង​ក្បួន​យុទ្ធនា​ការ​ឃោសនា​រក​សំលេង​​ឆ្នោត ថ្ងៃ​ដំបូង​​របស់​​គណបក្ស​សង្គ្រោះជាតិ​ នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/ VOA)
រូបឯកសារ៖ លោក​ កឹម​ សុខា​ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិដ៏ទៃទៀត​​​ នៅក្នុង​ក្បួន​យុទ្ធនា​ការ​ឃោសនា​រក​សំលេង​​ឆ្នោត ថ្ងៃ​ដំបូង​​របស់​​គណបក្ស​សង្គ្រោះជាតិ​ នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/ VOA)

លិខិត​​មួយ​ច្បាប់​ចេញ​កាល​ពី​ថ្ងៃទី​២៧​ ​ខែ​តុលា​ ​​​ចុះ​ហត្ថលេខា​ដោយ​លោក​ ​ឌិត មុន្ទី​ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល ​និង​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​ ​បាន​​កោះហៅ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ឲ្យ​ចូលរួម​សវនាការ​​នៅ​ថ្ងៃ​ទី១៦​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ២០១៧​ ​ពាក់ព័ន្ធ​នឹង​បណ្តឹង​សុំ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ។

តុលាការ​កំពូល​បាន​ចេញ​លិខិត​អញ្ជើញ​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​ ​ឲ្យ​ចូលរួម​សវនាការ​លើបណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ប្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ​នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា។​ នេះបើ​យោងតាម​ លិខិត​របស់​តុលាការ​កំពូល​ដែល​ ​VOA​ ​បាន​ទទួល​នា​ថ្ងៃច័ន្ទ។​

លិខិតមួយ​ច្បាប់​ចេញ​កាល​ពី​ថ្ងៃទី​២៧​ ​ខែ​តុលា​ ​ចុះ​ហត្ថលេខា​ដោយ​លោក​ ​ឌិត មុន្ទី​ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល ​និង​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​ ​បានកោះហៅ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ឲ្យ​ចូលរួម​សវនាការនៅ​ថ្ងៃ​ទី១៦​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ២០១៧​ ​ពាក់ព័ន្ធ​នឹង​បណ្តឹង​សុំ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ។​

លិខិត​នោះ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​ ​«សូម​អញ្ជើញ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ទីស្នាក់ការ ផ្ទះ​លេខ​៥៧៦​ ​ផ្លូវជាតិ​លេខ២ សង្កាត់​ចាក់អង្រែលើ​ ​ខណ្ឌ​មានជ័យ​ ​រាជធានី​ភ្នំពេញ​ ​ដើម្បី​ចូលរួម​សវនាការ ​នៅ​ថ្ងៃទី១៦ ​ខែ​វិច្ឆិកា ​ឆ្នាំ២០១៧ ​វេលា​ម៉ោង​៨ព្រឹក ​នៅ​តុលាការ​កំពូល​ ​(បន្ទប់១)​ ​កម្មវត្ថុ​បណ្ដឹង​ ​ប្ដឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ»។​

VOA​ ​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​មន្ត្រី​នៃ​តុលាការ​កំពូល​រួម​ទាំង​ ប្រធាន​ស្ថាប័ន​នេះ​គឺ​លោក​ ​ឌិត មុន្ទី​បាន​ទេ​នា​ថ្ងៃច័ន្ទ​នេះ។

VOA​ ក៏មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ ​សុន ឆ័យ​ ​អ្នកនាំពាក្យគណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ស្ថិត​ក្នុង​ប្រទេស​បាន​ទេ​ ​ចំណែក​អ្នកស្រី មូរ សុខហួរ​ ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ស្នាក់នៅ​បរទេស​ ក៏​មិនអាច​ទាក់ទង​បានដែរ។​

កាលពី​ដើម​ខែ​តុលា​ ​ក្រសួង​មហាផ្ទៃ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​កំពូល​ស្នើ​ឲ្យ​រំលាយ​គណ​បក្សសង្គ្រោះ​ជាតិ​ ​ដោយ​ចោទ​ថា​ ​គណបក្ស​នេះ​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់លោក​ ​ហ៊ុន សែន។​ ​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ដាក់​ក្រោយការ​ចាប់​ខ្លួនលោក​ ​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ​ដោយ​អាជ្ញាធរ​បាន​ចោទ​លោក​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់​ជាតិ​ ​ដោយ​យោង​លើ​វីដេអូ​ឃ្លីប​មួយ​ដែល​លោក​ ​កឹម សុខា​ ​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោក​ ​កាលពី​ឆ្នាំ​២០១៣​ ​ពាក់ព័ន្ធ​នឹង​យុទ្ធ​សាស្រ្ត​នយោបាយ​ដើម្បី​យក​ឈ្នះ​គណបក្ស​កាន់​អំណាច​។​

នាយឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់​ ​VOA​ ​កាលពី​សប្តាហ៍​មុន​ថា​ គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​រំលាយ​ក្នុង​ពេល​ឆាប់ៗ​យ៉ាង​ពិត​ប្រាកដ​ ​ដោយសារ​មិន​អនុវត្ត​ទៅ​តាមច្បាប់ និង​ការ​បញ្ជា​ឲ្យ​ដាក់​សារណា​ដើម្បី​តតាំងក្តី​នៅ​តុលាការ​កំពូល។​

ការ​ព្យាយាម​រំលាយ​គណបក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជាបើក​យុទ្ធនា​ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​អ្នក​និយាយ​រិះគន់​រដ្ឋាភិបាល​ ​អង្គការ​សង្គម​ស៊ីវិល​ ​និង​គណបក្ស​ប្រឆំាង។​

រូបឯកសារ៖ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (ឡេង ឡែន/VOA)

ក្រោយ​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា ​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ ​ទាំង​នៅ​មាន​អភ័យ​ឯក​សិទ្ធិ​សភា ​យ៉ាង​ហោច​ណាស់​មានអ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ជាង​ពាក់កណ្តាល​បានភៀស​ខ្លួន​ចេញ​ពី​ប្រទេសកម្ពុជា​ជា​បន្ត​បន្ទាប់។​

អង្គការ​សង្គម​ស៊ីវិល​ ​ស្ថាប័ន​ជាតិ​ និង​អន្តរជាតិ​ជា​ច្រើន​ក៏​បាន​រិះគន់​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​ជុំវិញ​ការ​ត្រៀម​រំលាយ​គណបក្ស​ប្រឆាំង​ថា​ ​ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឈាន​ទៅ​រក​ភាព​ខ្ទេចខ្ទី​ ​ហើយ​ថា​ ​ការ​រំលាយ​គណ​បក្ស​ប្រឆាំង​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​នេះ​ ​នឹង​ជះ​ឥទ្ធិពល​ដល់​ដំណើរការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ។​

ទោះ​ជា​យ៉ាង​ណា​ ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ ​បាន​ឆ្លើយ​តប​ថា​ ​ពួកគេ​មិន​យកចិត្ត​ទុក​ដាក់​ចំពោះ​ការ​រិះគន់​ ​ឬ​ការ​ព្រមាន​ណា​មួយ​នោះ​ទេ​ ​ហើយ​ថា​ ​រដ្ឋាភិបាល​កម្ពុជា​កំពុង​អនុវត្ត​ច្បាប់​ស្រប​តាម​ប្រទេស​នីតិរដ្ឋ។​

នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដែរ​ ​តុលាការ​កំពូល​បាន​ប្រកាស​លុប​ឈ្មោះ​គណបក្ស​នយោបាយ​ចំនួន​៩​ចេញពី​បញ្ជី​ របស់​ក្រសួង​មហាផ្ទៃ​ ​ទៅ​តាមពាក្យ​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ។​

លោក​ ​អ៊ុក គឹមសិទិ្ធ​ ​អគ្គ​ព្រះរាជអាជ្ញា​រង​អម​តុលាការ​កំពូល​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា បន្ទាប់​ពី​បាន​ទទួល​បណ្តឹង​របស់ក្រសួង​មហាផ្ទៃ​ ​តុលាការ​កំពូល​បាន​សម្រេច​លុប​ឈ្មោះ​គណបក្ស​នយោបាយ​ចំនួន​៩​ចេញពី​បញ្ជី​គណបក្ស​ ​ដោយសារ​គណបក្ស​ទាំង​នោះ​មិន​បាន​បំពេញ​លក្ខខណ្ឌ​ត្រឹម​ត្រូវ។​

លោក​បញ្ជាក់​ថា៖​

«មូល​ហេតុ​នៃការ​លុប​នេះ​គឺ​ ដោយសារ​គណបក្ស​ហ្នឹង​គាត់​អត់​បាន​ធ្វើ​របាយ​ការណ៍​ជូន​ក្រសួង​មហា​ផ្ទៃ​ ​អត់​បាន​ចុះ​បញ្ជី​ ​គណបក្ស​ខ្លះ​អត់​បាន​ធ្វើ​សកម្មភាព ​អត់មាន​ស្នាក់ការ​ អត់​មាន​ស្អីត្រឹមត្រូវ​ទេ»។

លោក​ ​ឈឹម កាន​ ​ប្រធាននាយកដ្ឋាន​កិច្ចការ​សមាគម​ ​និង​គណបក្ស​នយោបាយ​ ​លើក​ឡើង​ថា​ រហូតមក​ដល់​ពេល​នេះ​ ​គណបក្ស​នយោបាយនៅ​កម្ពុជា​សរុប​មាន ​៤៩​ ​រាប់​ទាំង​គណបក្ស​ចំនួន​៩​ដែល​ទើបត្រូវ​បានតុលាការ​កំពូល​សម្រេច​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​គណបក្ស​នយោបាយ។​ ​លោកបន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ​ក៏​នឹង​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ដូច​គ្នា​ ​ប្រសិន​បើ​តុលាការ​កំពូល​សម្រេចរំលាយ​គណបក្ស​នេះជា​ផ្លូវការ។​

គណបក្ស​នយោបាយ​ចំនួន​ ៩​ ដែល​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​រួម​មាន​ ​គណបក្ស​សង្គម​ថ្មី​ ​គណ​បក្ស​ស្ដ្រី​សង្គ្រោះ​កម្ពុជា​ ​គណបក្ស​នាង​នាគ​នារី​ខ្មែរ​ ​គណបក្ស​ពលរដ្ឋ​ខ្មែរ​ ​គណបក្ស​ខ្មែរ​ជាតិ​និយម គណ​បក្ស​សង្គម​ខ្មែរ​និយម​ ​គណបក្ស​ពន្លឺ​សេរីភាព​ ​គណបក្ស​សេរី​បង្រួប​បង្រួម​ជាតិ​ ​និង​គណ​បក្ស​ប្រជា​ជាតិ​ខ្មែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG