ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ​ហ៊ុន សែន​ បន្ត​គំរាម​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​និង​អំពាវនាវ​ឱ្យ​សមាជិក​បក្ស​នេះ​ចុះចូល​ដើម្បី​រក្សា​តំណែង​របស់​ខ្លួន


រូបឯកសារ៖ លោក​ ហ៊ុន សែន​​ មេ​បក្ស​កាន់​អំណាច​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ ​ដែល​ប្រមូលផ្តុំ​នៅ​ឯ​ផ្លូវ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​មុន​ពេល​ហែក្បួន​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ថ្ងៃ​ចុង​ក្រោយ​ ​នា​ថ្ងៃទី​០២​មិថុនាឆ្នាំ២០១៧។​ ​(នៅ វណ្ណារិន/VOA)
រូបឯកសារ៖ លោក​ ហ៊ុន សែន​​ មេ​បក្ស​កាន់​អំណាច​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ ​ដែល​ប្រមូលផ្តុំ​នៅ​ឯ​ផ្លូវ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​មុន​ពេល​ហែក្បួន​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ថ្ងៃ​ចុង​ក្រោយ​ ​នា​ថ្ងៃទី​០២​មិថុនាឆ្នាំ២០១៧។​ ​(នៅ វណ្ណារិន/VOA)

​​ការ​ប៉ុនប៉ង​រំលាយ​បក្ស​ជំទាស់​សង្គ្រោះ​ជាតិ​ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​ការ​វិវត្ត​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​​ និង​អង្គការ​នា​នា​ ​ថា​ជា​ការ​បំបាត់​សំឡេង​ប្រឆាំង​ ​មុន​ពេល​ការ​បោះឆ្នោត​ជាតិ​ ​២០១៨​ ​ឈាន​ចូល​មក​ដល់​ហើយ​ថា​ ជា​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា។

លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​អំពាវនាវ​សារ​ជា​ថ្មីឱ្យ​សមាជិក​ក្រុម​តំណាង​រាស្ត្រ​ ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្រុង​ និង​ខេត្ត​របស់​គណបក្ស​ជំទាស់​សង្គ្រោះ​ជាតិ​ ​ចូល​រួម​រស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​រក្សា​តំណែង​របស់​ខ្លួន​ ​ពេលបក្ស​នេះ​ត្រូវ​រំលាយ​ចោល។

​នេះ​គឺជា​ការ​អំពាវនាវ​លើក​ទី​ពីរ​របស់​លោក​ ​ហ៊ុន សែន​ ​ក្នុង​សប្ដាហ៍​នេះ​ ​ស្រប​ពេល​ដែល​ ​គម្រោង​រំលាយ​គណបក្ស​ជំទាស់​សង្គ្រោះ​ជាតិ​ដ៏​ចម្រូងចម្រាស​នៅតែ​បន្ត​ទៅ​មុខ​ ​បើ​ទោះជា​មាន​ការ​រិះគន់​ និង​ជំទាស់​ពី​សហគមន៍​អន្តរជាតិ​យ៉ាង​ណា​ក៏​ដោយ។

​ថ្លែង​ក្នុង​ពិធី​ជួបជុំ​ជាមួយ​កម្មករ​កម្មការិនី​កាត់ដេរ​នា​ព្រឹក​ថ្ងៃ​ពុធ​ នៅទី​ក្រុង​ភ្នំពេញ​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​ដ៏​មាន​ឥទ្ធិពល​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖​

«យើង​ស្វាគមន៍​ចំពោះ​អ្នក​តំណាងរាស្ត្រ​ ​ដែល​ផ្ដាច់​ខ្លួន​ ​ចេញ​ពី​គណបក្ស​មក​ចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ យើង​ស្វាគមន៍​មេ​ដឹក​នាំ​គណបក្ស​ដែល​គ្នា​មិនបាន​ ​ដឹង​អី​ ​ហើយ​ទើប​នឹង​ដឹង​ពី​ឧបាយកល​របស់​មេ​របស់​ខ្លួន​មក​ចូលរួម​ជីវភាព​ជាមួយ​គណបក្ស​ប្រជាជន។​ ​យើង​ស្វាគមន៍​ជា​មួយ​ក្រុម​ប្រឹក្សា​ខេត្ត​ ​ក្រុម​ប្រឹក្សា​ស្រុក​ ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ​ដែល​ចង់​បន្ត​ការងារ​របស់​ខ្លួន​តទៅ​ទៀត​ ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា»។

រូបឯកសារ៖ ស្លាក​សញ្ញា​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្នុង​ក្រុង​សៀមរាប​ ដែល​មាន​រូប​អតីត​ប្រធាន​គណបក្ស​ លោក សម រង្ស៊ី និង​ប្រធាន​គណបក្ស​បច្ចុប្បន្ន លោក កឹម សុខា។ (ស៊ុន ណារិន/VOA)
រូបឯកសារ៖ ស្លាក​សញ្ញា​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្នុង​ក្រុង​សៀមរាប​ ដែល​មាន​រូប​អតីត​ប្រធាន​គណបក្ស​ លោក សម រង្ស៊ី និង​ប្រធាន​គណបក្ស​បច្ចុប្បន្ន លោក កឹម សុខា។ (ស៊ុន ណារិន/VOA)

​លោក​ ​ហ៊ុន សែន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ គម្រោង​រំលាយ​បក្ស​ជំទាស់​ ​និង​ការ​កាត់​ទោស​មេ​ដឹក​បក្ស​នេះ​ ​គឺ​ដើម្បី​ផ្ដាច់ផ្ដិល​អង្គការ​ចាត់តាំង​ដែល​មាន​ចេតនា​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ ​ហើយ​ថា ​សមាជិក​នា​នា​ដែល​នឹង​ចុះ​ចូល​បក្ស​របស់​លោក​ នៅ​អាច​រក្សា​តំណែង​រស់​ខ្លួន​ដដែល។

​«យើង​រៀបចំ​បញ្ជី​សារ​ជាថ្មី​ ​បន្ទាប់​ពី​ការ​បែង​ចែក​អាសនៈ​សារ​ជា​ថ្មី​ហើយ​ ​យើង​រៀប​បញ្ជី​សារ​ជាថ្មី​ដាក់​ចៅ​សង្កាត់​នៅ​ក្នុង​តំណែង​ ដែល​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ឱ្យ​មក​ចូល​គណបក្ស​ប្រជាជន ឱ្យ​បន្ត​ធ្វើ​មេឃុំ​តទៅ​ទៀត​ទៅ។​ ​រឿង​នេះ​ គឺ​ជា​ការ​អនុវត្ត​ ​យើង​ចង់​ផ្ដន្ទាទោស​ ​សម្រាប់​តែ​អង្គការ​ចាត់​តាំង​នយោបាយ​ ​ដែល​ធ្វើ​សកម្មភាព​ក្បត់​ ​ហើយ​យើង​ចង់​ផ្ដន្ទាទោស​ ​តែ​មេ​ដឹក​នាំ​តែប៉ុណ្ណោះ​ ​មិន​ចង់​ឱ្យ​ប៉ះពាល់​ជាមួយ​នឹង​អ្នក​ខាង​ក្រោម​នោះ​ទេ»។

​ការ​ប៉ុនប៉ង​រំលាយ​គណ​បក្ស​ជំទាស់​ដ៏​ធំ​ក្នុង​ប្រទេស​កម្ពុជា​ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ចាប់​ឃុំ​ខ្លួន​មេ​បក្ស​នេះ​គឺ​លោក​ ​កឹម សុខា​ ​ក្រោម​បទ​ចោទ​ ​ឃុបឃិត​ជា​មួយ​បរទេស​ ​ដើម្បី​ផ្នូល​រំលំ​រដ្ឋាភិបាល​ ​ដែល​មាន​ទោស​ស្មើនឹង​ ​«ក្បត់ជាតិ»។​ ​លោក​ ​កឹម សុខា​ ​ត្រូវ​បាន​កង​កម្លាំង​ប្រដាប់​អាវុធ​សម្រុក​ចូល​ចាប់​ខ្លួន​ក្នុង​គេហដ្ឋាន​របស់​លោក​ទាំង​កណ្ដាល​អាធ្រាត្រ​កាល​ពី​ដើម​ ខែ​កញ្ញា​កន្លង​ទៅ។

​កាល​ពី​ដើម​ខែ​តុលា​ ​សេចក្ដី​ស្នើ​វិសោធន​កម្ម​ច្បាប់​ចំនួន៤​ ​ដែល​ត្រៀម​បែកចែក​អាសនៈ​សភា​ និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ​ក្រុង​និង​ខេត្ត​ ​របស់​បក្ស​ដែល​ត្រូវ​រំលាយ​ ​ត្រូវ​បាន​រៀបចំ​ដោយ​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​ ​ហើយ​ក្រោយ​មក​ត្រូវ​បាន​អនុម័ត​ ​ដោយ​សភា​ដែល​មាន​តែ​តំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា​ ស្រប​ពេល​ដែល​បណ្ដឹង​រំលាយ​គណ​បក្ស​សង្គ្រោះ​ បាន​ដាក់​ទៅ​តុលាការ​កំពូល។​

​ប្រសិន​បើ​ត្រូវ​រំលាយ​កៅអី​សភា​របស់​បក្ស​ជំទាស់​ចំនួន​៥៥​ ​ដែល​បាន​មក​ពី​ការ​បោះឆ្នោត​ដោយ​រាស្ត្រ​ក្នុង​ឆ្នាំ​២០១៣​ ​នឹង​ត្រូវ​បែង​ចែក​ឱ្យ​បក្ស​ផ្សេងៗ​ដែល​មិន​បាន​អាសនៈ​ ​ហើយ​អាសនៈ​ក្រុម​ប្រឹក្សា ​និង​តំណែង​ឃុំ​សង្កាត់​ ​ជាង​៥០០០​ ​អាសនៈ​របស់​បក្ស​សង្គ្រោះ​ជាតិ​ ​ដែល​បាន​មក​ពី​ការ​បោះឆ្នោត​នៅ​ខែ​មិថុនា​ឆ្នាំ​នេះ​ ​នឹង​ត្រូវ​ធ្លាក់​លើ​បក្ស​កាន់​អំណាច​ស្ទើរ​ទាំង​ស្រុង។​ ​នេះ​បើ​តាមច្បាប់​ និង​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​រដ្ឋាភិបាល។

​ឆ្លើយតប​ទៅ​នឹង​សេចក្ដី​អំពាវនាវ​របស់​ ​លោក​ ​ហ៊ុន សែន​ ​គេ​ឃើញ​ថា ​យ៉ាង​ហោច​ណាស់​មាន​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ជំទាស់​មួយ​រូប​ ​និង​ក្រុម​ប្រឹក្សា​មួយ​ចំនួន​បាន​សរសេរ​លិខិត​ស្នើ​សុំ​ចុះ​ចូល​បក្ស​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន​ ​ដើម្បី​រក្សា​តំណែង​របស់​ខ្លួន​ ​ខណៈ​ដែល​មន្ត្រី​និង​តំណាង​រាស្ត្រ​សំខាន់ៗ​មួយ​ចំនួន​របស់​បក្ស​សង្គ្រោះ​ជាតិ​ ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា។

​កញ្ញា​ ​ស៊ីន ចាន់ពៅរ៉ូហ្សេត​ ​ចៅ​សង្កាត់​អូរចារ​ ​ក្នុង​ខេត្ត​បាត់ដំបង​ ​របស់​បក្ស​សង្គ្រោះ​ជាតិ​ ​បាន​ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​នាង​ ​«មិន​យក​ចិត្ត​ទុក​ដាក់»​ ​ទៅ​នឹង​ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន ​សែន​ ​នោះ​ទេ​ ហើយ​ថា​ នឹង​នៅ​តស៊ូ​ជា​មួយ​គណបក្ស​របស់​ខ្លួន​ ហើយ​ធ្វើ​ការ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ ជា​ធម្មតា។

រូបឯកសារ៖ នាង​ស៊ីន ចាន់ពៅ​រ៉ូហ្ស៊េត ចៅសង្កាត់រង​ទី​ពីរ​នៃ​សង្កាត់អូចារ​នៃ​គណបក្ស​សង្រ្គោះជាតិ​ ខេត្តបាត់ដំបង​ ចែក​រំលែក​បទពិសោធន៍ក្នុង​កំឡុង​ពេល​ចូលរួមរួម​សិក្ខាសាលា​ចលនា​ស្រ្តី​នៅ​ទី​ស្នាក់ការ​បក្ស​សង្រ្គោះជាតិ​ នារាជធានី​ភ្នំពេញ នៅថ្ងៃ​ពុធ ទី​១០ ខែ​សីហា ឆ្នាំ២០១៦។
រូបឯកសារ៖ នាង​ស៊ីន ចាន់ពៅ​រ៉ូហ្ស៊េត ចៅសង្កាត់រង​ទី​ពីរ​នៃ​សង្កាត់អូចារ​នៃ​គណបក្ស​សង្រ្គោះជាតិ​ ខេត្តបាត់ដំបង​ ចែក​រំលែក​បទពិសោធន៍ក្នុង​កំឡុង​ពេល​ចូលរួមរួម​សិក្ខាសាលា​ចលនា​ស្រ្តី​នៅ​ទី​ស្នាក់ការ​បក្ស​សង្រ្គោះជាតិ​ នារាជធានី​ភ្នំពេញ នៅថ្ងៃ​ពុធ ទី​១០ ខែ​សីហា ឆ្នាំ២០១៦។

ចៅ​សង្កាត់​វ័យ​ក្មេង​របស់​ ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ទើប​ចូល​កាន់​តំណែង​ចៅ​សង្កាត់​ ​មិន​ដល់​៣ខែ​ផង​នោះ​ អះអាង​ប្រាប់​ ​VOA ​យ៉ាង​ដូច្នេះ​ថា៖

«កាល​ណា​ខ្ញុំ​ទៅ​ចុះចូល​ ​ជា​មួយ​គណបក្ស​ផ្សេង​ដែល​ខុស​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​បោះឆ្នោត​ឲ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​គឺ​ខ្ញុំ​នឹង​ប្រឈម​មុខ​នឹង​ការ​ថ្កោលទោស​ ​នឹង​ការ​វិនិច្ឆ័យ​របស់​ប្រជាពលរដ្ឋ។​ ទី១​គឺ​ក្បត់​នឹង​ប្រជា​ពលរដ្ឋ​ក្នុង​សង្កាត់​អូរចារ​ខ្លួន​ឯង​ ​ទីពីរ​គឺ​ក្បត់​នឹង​ឧត្ដមគតិ​ដើម​របស់​ខ្ញុំ​ ​ដែល​មុន​នឹង​ខ្ញុំ​សម្រេច​ចូល​រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ»។

ការ​ប៉ុនប៉ង​រំលាយ​បក្ស​ជំទាស់​សង្គ្រោះ​ជាតិ​ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​ការ​វិវត្ត​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា និង​អង្គការ​នា​នា​ ​ថា​ជា​ការ​បំបាត់​សំឡេង​ប្រឆាំង​ ​មុន​ពេល​ការ​បោះឆ្នោត​ជាតិ​ ​២០១៨​ ​ឈាន​ចូល​មក​ដល់​ហើយ​ថា​ ជា​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា។

ក្នុង​នោះ​ដែរ​ ​កម្ពុជា​ក៏​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ ​រួមមាន​សហរដ្ឋ​អាមេរិក​ ​សហភាព​អឺរ៉ុប​ ​អង្គការ​សហប្រជាជាតិ ​អូស្ត្រាលី​ ​កាណាដា​ ​អង់គ្លេស​ ​និង​អង្គការ​អន្តរជាតិ​ធំៗ​ជា​ច្រើន​ ​ចំពោះ​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ការ​ប៉ុនប៉ង​រំលាយ​គណបក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា។

​ទោះ​យ៉ាងណា​ក៏​ដោយ​ ​លោក​ ​ហ៊ុន សែន​ ​ដែល​ស្ថិត​ក្នុង​អំណាច​ជាង​ ​៣​ទសវត្សរ៍​ ​បាន​ថ្លែង​ប្រាប់​ក្រុម​កម្មករ ​និង​កម្មការិនី​ ​កាល​ពី​ថ្ងៃ​ពុធ​ថា​ ​ការ​បង្ក្រាប​ទៅ​លើ​បក្ស​សង្គ្រោះ​ជាតិ​ ​ដែល​លោក​ហៅ​ថា​ ​ជា​«បណ្ដាញ​អង្គការ​ចាត់​តាំង​ក្បត់ជាតិ»​ គឺ​ដើម្បី​រក្សា​សុខ​សន្តិភាព​ជូន​ពល​រដ្ឋ​កម្ពុជា​ទៅ​វិញ។

​លោក​ ​ហ៊ុន សែន​ ​នៅ​ថ្ងៃ​ពុធ​នេះ ​ក៏​បន្ថែម​ថា​ ​លោក​មិន​ឱ្យ​ជន​ណា​ម្នាក់​ ​បំផ្លាញ​សមិទ្ធផល​សន្តិភាព​ ដែល​លោក​បាន​កសាង​ជាង​៣០ឆ្នាំ​កន្លង​មក​នេះ​ ហើយ​លោក​ក៏បាន​ប្រកាស​ផង​ដែរ​ថា ​លោក​នឹង​នៅ​កាន់​អំណាច​យ៉ាង​ហោច​ណាស់​១០ឆ្នាំ​ទៅ​មុខ​ទៀត៕

XS
SM
MD
LG