ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ដំឡើង​ប្រាក់ខែ​ចៅក្រម ​ព្រះរាជ​អាជ្ញា​មិន​អាច​ទប់ស្កាត់​អំពើ​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​បាន​ទេ

  • ពិន ស៊ីសុវណ្ណ

ការ​ជំនុំ​ជម្រះ​នៅ​តុលាការ​យោធា​

ប្រាក់ខែ​ចៅក្រម​ ព្រះ​រាជអាជ្ញា ​និង​មន្ត្រី​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ ​ដូចជា​ប្រធាន​ និង​អនុ​ប្រធាន​តុលាការ​នឹង​ត្រូវ​ដំឡើង​ចាប់ពី​ខែ​មេសា​នេះ។​ នេះ​បើយោង​តាម​អនុក្រឹត្យ​របស់​រាជ​រដ្ឋាភិបាល​ចុះ​ថ្ងៃទី​១៩ខែ​មីនា​ឆ្នាំ​២០១៦។ ​ អនុក្រឹត្យ​នេះ​មាន​គោល​បំណង​រៀបចំ​ និង​កំណត់​ប្រាក់​បំណាច់​ចៅ​ក្រម ​ព្រះរាជ​អាជ្ញា ​ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព ​និងការ​បង្កើន​ផលិតភាព​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ ​ព្រមទាំង​ការ​ធានា​នូវ​សមធម៌។​

អ្នកស្រាវជ្រាវ​ អ្នកវិភាគ​នយោបាយ​និង​មន្ត្រីសង្គម​ស៊ីវិលនិយាយ​ថា ​ការ​ដំឡើង​ប្រាប់​បៀវត្ស​ចៅក្រម​ និង​ព្រះ​រាជអាជ្ញា​មិន​អាច​កាត់​បន្ថយ​អំពើ​ពុករលួយ​ដែល​នាំ​ឲ្យ​មាន​អយុត្តិធម៌​ក្នុង​ដំណើរការ​កាត់ទោស​នោះ​ទេ។

​លោក​ពូ សុវចនា​ អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​កម្ពុជា​សហ​ប្រតិបត្តិ​ការ​ និង​សន្តិភាព​ បាន​ប្រាប់​ VOA​ កាល​ពីថ្ងៃ​ពុធ​ថា​ ​ ការ​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​គឺជា​ឆ្លើយ​តប​ខាង​នយោបាយ​ចំពោះ​ការ​រិះគន់​ប្រាក់​ខែ​ទាប​ ដែលនាំ​ឲ្យ​មាន​អំពើ​ពុករលួយ​ ​ជាពិសេស​ខាង​ចៅក្រម​ និង​មន្ត្រី​យុត្តិធម៌​ផ្សេងៗ​ ហើយ​មន្ត្រី​រាជការ​ក៏​មិន​ទៅ​ធ្វើការ​ពេញ​ដៃ​ពេញ​ជើង​ដែរ។​

«ប្រាក់ខែ​ហ្នឹង​ហើយ​បាន​ជា​មន្ត្រីរដ្ឋាភិបាល​យើងមួយ​ចំនួន​ធំ​រក​ថវិកា​ដោយ​ផ្លូវ​ច្បាប់​ក្តី ដោយ​មិន​ផ្លូវ​ច្បាប់​ក្តីដែល​យើង​យក​មក​បំប៉ន​ដើម្បី​ការ​រស់​នៅ»។​

ស្រដៀង​គ្នា​នេះ​ដែរ ​លោក​អ៊ូ វីរៈ ​នាយក​វេទិកា​អនាគត ​(Future Forum)​ ដែល​សិក្សា​អំពី​ការ​វិវត្តនយោបាយ​នៅ​កម្ពុជា ​បាន​ប្រាប់​ VOA ​នៅ​ដើម​សប្តាហ៍​នេះ​ថា ​ការ​ដំឡើង​ប្រាក់ខែ​គ្រាន់​តែអាច​ជួយ​មួយផ្នែក​តូច​ក្នុងការ​កាត់​បន្ថយ​អំពើ​ពុករលួយ​តួចតាច​ តែមិនអាច​ទប់ទល់​នឹង​សំណូក​ធំៗ​បាន​ទេ។ លោក​ពន្យល់​ថា ​ដើម្បី​ទប់ស្កាត់​ការស៊ី​សំណូក​និង​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ ​ត្រូវមាន​យន្តការ​ជា​ប្រព័ន្ធ។ ​

​«សំខាន់​ធ្វើ​ម៉េច​ឲ្យ​មនុស្ស​ល្អ​ដែល​ចង់​ចូល​ហ្នឹង​កុំឲ្យ​គាត់​សូក​លុយ។​ បើសិន​ជា​សូក​លុយ ​ពុក​រលួយ​តាំង​ពីដើម​ ដើម្បី​ចូល​បាន​តួនាទី​ហ្នឹង​ហើយ ​អាហ្នឹង​គឺនៅ​តែ​អត់​មាន​ប្រសិទ្ធភាព​ដដែល»។

លោក​បន្តថា ​រដ្ឋាភិបាល​ត្រូវ​ដំឡើង​ប្រាក់​ខែ​ឲ្យបាន​ច្រើន​ ដែលអាច​រស់​បាន​ គួប​ផ្សំ​នឹង​វិធាន​ការ​ច្បាស់​លាស់​ទៅតាម​ច្បាប់។ ​លោក​និយាយ​ថា ​មនុស្ស​ស្អាត​ស្អំ​មិន​ស្វះស្វែង​ធ្វើ​ការងារ​ក្នុង​រដ្ឋាភិបាល​ទេ ​ព្រោះ​គេ​ដឹង​ថា ​គេមិន​អាច​រស់​បាន ​ដែល​តម្រូវ​ឲ្យគេ​រក​វិធី​ដើម្បី​រក​ចំណូលបន្ថែម​ពីលើប្រាក់​ខែ។

«បើសិន​ដំឡើង​ប្រាក់​ខែ​គឺ​ប្រាក់​ខែ​មួយ​ដែល​សមរម្យ​ ទៅ​អនាគត​ប្រហែល​ជា​អាច​មាន​មនុស្ស​ល្អ​មាន​ឆន្ទៈ​ចង់ចូល​ធ្វើការងារ​រដ្ឋ»។​

​ទោះជាយ៉ាង​ណាក្តី លោក​ផៃ ស៊ីផាន ​រដ្ឋលេខាធិការ​និង​ជា​អុ្នកនាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​ប្រាប់​ VOA ​នៅថ្ងៃ​សុក្រ​នេះ​ថា​ ការ​ដំឡើង​ប្រាក់ខែ​នេះ​គឺ​បង្ហាញ​ការ​យក​ចិត្ត​ទុកដាក់​របស់​រដ្ឋាភិបាល ​ហើយ​វា​មិនមែន​ជា​វិធាន​ការ​ប្រឆាំង​អំពើ​ពុករ​លួយ​នោះ​ទេ។ ​

«អ្វី​ដែល​លើក​ឡើង​ដោយ​អង្គការ​សង្គម​ស៊ីវិល​ហ្នឹង​មិន​បាន​ពិចារណា​គ្រប់​ជ្រុង​ជ្រោយ​ទេ​ ពីព្រោះ​ប្រាក់​បំណាច់​ហ្នឹង​គ្រាន់តែ​ជាទិស​ដៅ​មួយ​ទេ។​ ក៏ប៉ុន្តែ​យើង​ឃើញ​អ្នក​ដែល​ស្មោះត្រង់ ​អ្នក​សុចរិត​នឹង​វិជ្ជា​របស់​គេ ​ទោះប្រាក់​ខែ​ប៉ុណ្ណា​ក៏​គេ​ធ្វើកើត​ដែរ»។​

លោក​និយាយ​ថា ​រដ្ឋាភិបាល​មាន​វិធាន​ផ្សេង​សម្រាប់ការ​ប្រឆាំង​អំពើ​ពុករលួយ​ ដូចជា​ក្រុម​ប្រឹក្សា​នៃអង្គ​ចៅក្រម​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ រួមទាំង​អ្នកកាសែត​ និង​សាធារណ​ជន​ទូទៅ​ ដែល​អាច​ដាក់​ពាក្យ​បណ្តឹង​ជា​សម្ងាត់​ ឬ​ចំហ​ បើ​ឃើញ​មាន​អំពើ​ពុក​រលួយ។​

«វិនិច្ឆ័យ ​ទោះជា​វិនិច្ឆ័យ​ហ្នឹង​គឺ​ជា​ឆន្ទានុសិទ្ធិ ជាសិទ្ធិ​ឯករាជ្យ​របស់​ចៅក្រម​ ក៏ប៉ុន្តែ​យើង​មាន​យន្តការ​តាមដាន​មើល​ថា​ តើការ​វិនិច្ឆ័យ​ក្តីហ្នឹង​វាស្រប​ទៅ​តាម​នីតិវិធី​អង្គហេតុ ​និង​អង្គ​ច្បាប់​ដែរ​ឬ​ទេ»។

ក្នុង​សន្និសីទ​នៅ​ចុង​បញ្ចប់​នៃ​ទស្សនកិច្ច​របស់​លោកស្រី ​ ​លោកស្រី ​Rhona ​Smith ​អ្នក​រាយ​ការណ៍​ពិសេស​របស់​អ.ស.ប.​ខាង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ការ​ដំឡើង​ប្រាក់ខែ​ចៅ​ក្រម​ ព្រះ​រាជអាជ្ញា​ត្រូវ​ឡើង​ដល់​កម្រិត​ដែល​ធ្វើឲ្យ​ពួកគេមាន​ជីវភាព​សមរម្យ ​ដែលកាត់​បន្ថយ​ការស្វែង​រក​លុយ​បន្ថែម​ពីលើ​ប្រាក់ខែ ​ហើយ​ការ​ដំឡើង​ប្រាក់ខែ​នេះ​ត្រូវ​ដើរតាម​មាគ៌ា​តម្រង់​ទៅរក​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ។ ​

«ការ​ដំឡើងប្រាក់ខែ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ត្រូវតែ​ឈាន​ទៅ​ដល់​ការ​កាត់​បន្ថយ​លទ្ធភាព​នៃ​ការ​រក​លុយ​ក្រៅ​បន្ថែម​ ព្រោះ​ប្រាក់ខែ​ត្រូវតែ​គ្រប់គ្រាន់។​ ដូច្នេះ​តាម​លក្ខខណ្ឌ​នៃ​ច្បាប់​អន្តរជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​ ការ​ដំឡើង​ប្រាក់ខែ​ត្រូវ​ធ្វើឡើង​តាម​មាគ៌ាត្រឹមត្រូវ​ទៅ​រក​ការធានា​ឲ្យមាន​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​យុត្តិ​ធម៌»។ ​

ម៉្យាង​ទៀត លោកអ៊ូ វីរៈ​ នាយក​មជ្ឈមណ្ឌល​វេទិការអនាគត​ បាន​មាន​ប្រសាសន៍​ថា ​ ​ការ​ដំឡើង​ប្រាក់ខែ​ចៅក្រម​ ព្រះរាជ​អាជ្ញា​មាន​ប្រសិទ្ធ​ភាព​តែ​លើ​សំណុំ​រឿង​ដែល​លុយ​ក្នុង​ជញ្ជីង​យុត្តិធម៌​នេះ​ មាន​តិច​តួច​ប៉ុណ្ណោះ។​ លោក​និយាយ​ថា ប្រាក់ខែចៅ​ក្រម ​និង​ព្រះរាជ​អាជ្ញា​នឹង​មិន​អាច​ធ្វើឲ្យតុលាការ​នៅ​កម្ពុជា​សម្រេច​ក្តី​ដោយ​យុត្តិធម៌ទេ ​ទាក់ទង​នឹង​សំណុំ​រឿង​នយោបាយ ​ព្រោះ​តុលាការ​នៅ​កម្ពុជា​មិន​ទាន់​ឯករាជ្យ​ពី​រដ្ឋាភិបាល។

​«ប្រាក់​ខែ​តិច​ ឬ​ខ្ពស់​វា​ទាក់ទង​តែ​នឹង​រឿង​ពុករលួយ​ ទាក់ទង​តែ​ផ្នែក​មួយ​ប៉ុណ្នឹង​ទេ ។ ​ប៉ុន្តែ​បើ​សិន​យើង​និយាយ​រឿង​នយោបាយ​ វា​អត់​ទាក់ទង​ទាល់​តែសោះ។ ​អា​ហ្នឹង​វា​ទាក់ទង​នឹង​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ។​ ហើយ​តុលាការ​នៅស្រុក​យើង​នៅ​ក្រោម​ឥទ្ធិពល​ក្រសួង​យុត្តិធម៌​ខ្លាំង​មែនទែន»។​

ទោះជាយ៉ាង​ក្តី ​លោក​ផៃ ស៊ីផាន ​រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ មាន​ប្រសាសន៍​ថា ​ប្រព័ន្ធ​តុលាការ​កម្ពុជា​ឯករាជ្យ ​ហើយ​ចៅក្រម​មាន​ឆន្ទានុសិទ្ធិ​ក្នុង​ការ​សម្រេច​ក្តី។​

​«យើង​មាន​ទឡ្លីករណ៍​ក្នុង​ការ​ប្តឹង​ បើ​សិន​ជា​ឃើញ​សកម្មភាព​ណាមួយ​ដែល​យើង​យល់​ច្បាស់​ថា ​ជា​ការ​ជ្រៀត​ជ្រែក។ ​យើង​ប្តឹង​ទៅ»។

​លោករដ្ឋលេខាធិការ​បន្ត​ថា ​រដ្ឋាភិបាល​មិនអាច​បញ្ជា​តុលាការ​បាន​ទេ​ តែអាច​ស៊ើប​អង្កេត​ដើម្បីដាក់​ទណ្ឌកម្ម ដូច​ដែល​ធ្លាប់​បាន​ធ្វើកន្លង​មក។​

លោក​និយាយ​ថា​ ​សង្គមស៊ីវិល​គួរ​បណ្តុះ​បណ្តាល​មេធាវី​ឲ្យ​បាន​ខ្លាំង​ ដើម្បី​តតាំង​នៅ​តុលាការ​ឲ្យមាន​ប្រសិទ្ធភាព។​

ទោះជា​យ៉ាងណាក្តី​ មេធាវី​ដែល​ការពារ​សំណុំ​រឿង​នយោបាយ​ បាន​និយាយ​ថា​ លោក​មិន​រំពឹង​ថា ​មាន​យុត្តិធម៌​ទេ។ ​មេធាវី​ធ្វើការ​ការពារក្តី​ដើម្បី​បង្ហាញ​ថា ​ការ​សម្រេច​របស់​ចៅក្រម​មិន​យុត្តិធម៌​តែប៉ុណ្ណោះ។ ​លោក​ជួង ជូងី​ មេធាវី​ដែល​ការពារក្តី​ឲ្យ​លោក​ហុង សុខហួរ ​អតីត​ សមាជិក​ព្រឹទ្ធ​សភា​គណ​បក្ស​សម រង្ស៊ី​ បាន​ប្រាប់ ​VOA​ ថា៖​

«ក្នុង​វិជ្ជាជីវៈ​មេធាវី​ ខ្ញុំ​មិន​គិត​ទៅ​លើ​លទ្ធផល​ទេ។​ ខ្ញុំ​គិតតែ​ថា ​ខ្ញុំខិត​ខំបាន​ប៉ុណ្ណា ​ខ្ញុំព្យាយាមប៉ុ​ណ្នឹង។​ តែ​បើ​ខ្ញុំគិត​ថា ​សង្ឃឹម​បាន​ធ្វើ​នោះ​ ខ្ញុំ​ធ្វើ​មេធាវី​អត់​កើត»។

​ក្នុង​សិក្ខាសាលា​កាលពី​ថ្ងៃទី​២៤​ខែ​មីនា ​មន្ត្រី​ក្រុម​ប្រឹក្សា​នៃ​អង្គចៅ​ក្រមបាន​ឲ្យដឹង​ថា ​ក្រុម​ប្រឹក្សា​នេះ​បាន​ទទួល​បណ្តឹង​ជាង​១០០ពី​សាធារណជន​ប្រឆាំង​នឹង​ចៅក្រម ​ហើយ​ចៅ​ក្រម​មួយ​ចំនួន​អាច​នឹង​ប្រឈម​មុខ​នឹង​ការ​ដាក់​ពិន័យ​ ផ្អាកការងារ។ ​វិធានការ​នេះ​ធ្វើ​ឡើង​មិនយូរ​ប៉ុន្មាន​ ក្រោយពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បញ្ជូន​កូន​ប្រុស​របស់​លោកពីរ​នាក់​ទៅ​តុលាការ​ខេត្ត​កំពង់ស្ពឺ​ ដើម្បី​ធានា​ឲ្យ​មាន​ការ​ដោះលែង​ស្ត្រីពីរ​នាក់​ដែល​តុលាការ​ខេត្តនេះ​សម្រេច​ឃុំឃាំង។​

លោក​ហ៊ុន សែន​និយាយ​ថា ​ចៅក្រម​អាច​ចាប់​កូន​ប្រុស​របស់​លោក​ទាំង​ពីរ​នាក់​ឃុំឃាំង ​បើ​សិន​ជា​ចៅក្រម​យល់ថា ​កូន​ប្រុស​លោក​ទាំង​ពីរ​ធ្វើ​ខុស​ច្បាប់។​

​កូនប្រុស​របស់​លោក​បាន​ជួយស្ត្រី​ទាំង​ពីរ​នាក់​ចេញ​ពី​ការ​ឃុំឃាំង​ទាំងយប់ ​ហើយរឿង​នេះគ្មាន​អ្វី​ចម្លែក​ទេ។

​នៅដើម​ឆ្នាំ​នេះ​ រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រីរាជការ​ជាទូទៅ​ តែការ​ដំឡើង​ប្រាក់​ខែ​ចៅ​ក្រម​ ព្រះរាជ​អាជ្ញា​មាន​សន្ទុះ​ខ្លាំង។​ ​

លោក​ពូ សុវចនា​មានប្រសាសន៍​ថា​ ការ​ដំឡើង​ប្រាក់ខែ​ដល់​ចៅក្រម​ និង​ព្រះ​រាជអាជ្ញា​មាន​ចំនួន​ច្រើន​បើ​ប្រៀប​ធៀប​នឹង​ប្រាក់ខែ​គ្រូ​បង្រៀន។​ ដូច្នេះ​ការ​លក់​ស្ករ​គ្រាប់​ និង​នំ​ក្នុង​ថ្នាក់​រៀន​នឹង​នៅ​តែ​បន្ត។

«ដំឡើង​ប្រាក់​ខែ​រឿង​ចៅក្រម​នឹង​វា​ច្រើន​ជាង​ការដំឡើងប្រាក់ខែ​គ្រូ។ ប្រាក់ខែ​គ្រូ​ដំឡើង​ម្តង​បន្តិចៗ​ហ្នឹង»។​

អនុក្រឹត្យ​ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​និង​រដ្ឋ​មន្ត្រី​មួយ​ចំនួន​ទៀត ​ដូចជា ​លោក​អង្គ វង្សវឌ្ឍនា ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ​លោកអូន ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ នេះ​ បង្ហាញថា​ ចាប់ពី​ថ្ងៃទី​១ខែ​មេសា​នេះទៅ ​ប្រាក់ខែ​ប្រធាន​តុលាការ​កំពូល ​អគ្គព្រះ​រាជអាជ្ញា​អមតុលាការ​កំពូល​នឹង​បាន១០​លានរៀល។ ​អនុ​ប្រធាន​តុលាការ​កំពូល ប្រធាន​សភា​តុលាកា​រកំពូល​ អគ្គ​ព្រះរាជ​អាជ្ញារង​ជាដើម នឹងបាន៤​លាន​៥សែន​ ដែល​មាន​គម្លាត​ទាប​ខ្លាំង​គឺមិន​បាន​ពាក់​កណ្តាល​ផង​ទេ ​ប្រៀប​ធៀប​នឹង​ប្រាក់ខែ​ប្រធាន ​ថ្វីដ្បិត​ពួកគេ​មាន​ឋានៈ​ខុស​គ្នាមួយ​កម្រិត​ក៏ដោយ។ ​គម្លាត​ខ្លាំ​រវាង​ប្រាក់ខែ​មន្ត្រី​ទាំង​នេះ​អាច​ជា​បច្ច័យ​នាំ​ឲ្យមាន​អំពើ​ពុក​រលួយ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG