ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាច់ញាតិ​​សកម្មជន​បរិស្ថាន​ស្វែងរក​អន្តរាគមន៍​ពី​លោក​ហ៊ុន សែន​តែ​ត្រូវ​រង​ការ​ស្តី​បន្ទោស​


អ្នកស្រី​ សំ សំណាង​ លើក​ដៃ​សំពះ​មន្ត្រី​ប៉ូលីស​ សុំ​ឲ្យ​អ្នកស្រី​និង​អ្នក​តវ៉ា​ឯទៀត​បាន​ទៅ​ជួប​ផ្ទាល់​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដើម្បី​សុំ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​បរិស្ថាន​ទាំង​បី​នាក់។​ (ហ៊ុល រស្មី/VOA)

ប៉ុន្តែ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​មិន​បាន​រារាំង​ការ​ដើរ​ហែរ​ក្បួន​របស់​លោក​ ស្រី​ ចំរើន ដាក់​ញត្តិ​សុំ​ឲ្យ​លោក​ កឹម សុខា ចេញ​បំភ្លឺ​រឿង​អាស្រូវ​ផ្លូវ​ភេទ។

លោក ​គង់​ ចំរើន​ មន្ត្រីទទួល​ពាក្យ​បណ្តឹង​របស់​ខុទ្ទកាល័យ​ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ស្តី​បន្ទាស​ខ្លាំងៗ​ ​ ទៅ​លើ​ក្រុម​គ្រួសារ​របស់​សកម្មជន​បរិស្ថាន​បី​នាក់ ​ថា​បាន​ធ្វើ​ឲ្យ​ខូច​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​ បន្ទាប់​ពី​ពួកគេ​បានព្យាយាម​ដើរ​ដោយ​ថ្មើរ​ជើង​ពី​វត្ត​ភ្នំពេញ​ដូន​ពេញ​ ​ឆ្ពោះ​ទៅ​កាន់​ផ្ទះ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ស្ថិត​នៅ​ក្បែរ​វិមាន​ឯក​រាជ្យ។​

ការ​ស្តី​បន្ទោស​នេះ​ កើត​មាន​ នៅ​ក្រោយ​ពេល ​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ចនៅ​ក្នុង​រាជធានី​ ភ្នំពេញ​ បាន​ហាម​ឃាត់មិន​ឲ្យ​ក្រុមគ្រួសារ​របស់​សកម្ម​ជន​បរិស្ថាន​បី​នាក់​នៃ​ចលនា​មាតា​ធម្មជាតិ​នោះ ទៅ​ជួប​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។​ ក្រុម​គ្រួសារ​របស់សកម្មជន​ទាំង​បី​នាក់​នេះ​ មាន​បំណង​សុំ​ឲ្យ​លោក​ នាយក​រដ្ឋ​មន្ត្រី​ ជួយ​ដោះ​លែង​សកម្មជន​ទាំង​បី​នាក់​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​កោះ​កុង​ ក្នុង​សំណុំ​រឿងទប់​ស្កាត់​សកម្មភាពបូម​ខ្សាច់។​ សកម្ម​ជន​ទាំង​បី​នាក់​នោះ​ រួម​មាន​ឈ្មោះសាន់​ ម៉ាឡា​ ស៊ីម សំណាង​ និង​ទ្រី សុវិគា។​

នៅ​ពេល​ដែល​ អាជ្ញាធរ​មាន​សមត្ថកិច្ចនាំផ្លូវ​ ក្រុម​គ្រួសារ​នោះ​ ទៅដល់​ទីកន្លែង​ទទួល​ញត្តិ​នៃ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី លោក​គង់​ ចំរើន​ បាន​បន្ទោស​ធ្ងន់ៗ​ ទៅលើ​ ក្រុម​គ្រួសារដែល​មាន​គ្នា​បួន​នាក់​ ក្នុង​នោះ​មានក្មេង​ម្នាក់​នោះ​ថា សកម្ម​បរិស្ថាន​ទាំង​បី​នាក់​ដែល​កំពុង​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ ​បាន​ធ្វើ​សកម្ម​ភាព​ខុសច្បាប់​។ មន្ត្រី​អ្នក​ទទួល​ពាក្យ​បណ្តឹង​រូប​នេះ ក៏បាន​បន្ទាស​ថា​ ការ​ដើរ​តវ៉ាតាម​ដង​ផ្លូវ​ជា​ ការ​បង្ក​ឲ្យ​ខូច​សណ្តាប់​ធ្នាប់​សាធារណៈ​។​

«ប្រឆាំង​ចុះ​ប្រឆាំង​ឡើង​ ទាល់តែ​ខុសច្បាប់​ចូល​គុក​ទៅ​ ត្រូវ​ដឹង​កំហុស​ខ្លួនឯង​ផង​ ហើយ​ឥឡូវ​ចង់​ទៅ​យក​សមានចិត្ត​អី?​ ដើរ​ឲ្យ​គេ​មើល​មក​ ឲ្យ​គេ​ស្ទះ​ផ្លូវ​អីហ្នឹង​ ចង់​យក​សមាន​ចិត្ត​ ម៉េច​គេហាម​មិន​ស្តាប់​គេ?​ អត់​ចេះ​ដើរ​អត់​ចេះ​ស្តាប់​អី​ អត់​ត្រចៀក​អី​ មាន​ត្រចៀក​តើ!​»។​ ​

អ្នក​ស្រី ​សំ​ សំណាង​ វ័យ​ ៥៤ឆ្នាំ​ ម្តាយ​របស់​លោក​ ទ្រី សុវិគា​ សុំ​មន្ត្រី​ប៉ូលីស​បើកផ្លូវ​ឲ្យ​អ្នកស្រី​និង​អ្នក​តវ៉ា​ផ្សេង​ទៀត​ ទៅ​ជួប​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​៣១​ ខែ​មីនា​ ឆ្នាំ​ ២០១៦។​ (ហ៊ុល​ រស្មី/VOA)
អ្នក​ស្រី ​សំ​ សំណាង​ វ័យ​ ៥៤ឆ្នាំ​ ម្តាយ​របស់​លោក​ ទ្រី សុវិគា​ សុំ​មន្ត្រី​ប៉ូលីស​បើកផ្លូវ​ឲ្យ​អ្នកស្រី​និង​អ្នក​តវ៉ា​ផ្សេង​ទៀត​ ទៅ​ជួប​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​៣១​ ខែ​មីនា​ ឆ្នាំ​ ២០១៦។​ (ហ៊ុល​ រស្មី/VOA)

លោក​ គង់​ ចំរើន​ បាន​ពន្យល់​ដល់​ក្រុម​គ្រួសារ​របស់​សកម្ម​ជន​បរិស្ថាន​ទាំងបី​នាក់​នោះ ​ទាំង​ការ​ខឹង​សម្បារថា ស្ថាប័ន​នីតិប្រតិបត្តិ​ដែល​ដឹកនាំ​ដោយ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ មិន​អាច​លូកដៃ​ចូល​ក្នុង​ស្ថាប័ន​តុលាការ​ និង​ស្ថាប័ន​នីតិប្បញ្ញតិ្ត​នោះ​ទេ។​

ថ្វីត្បិតតែ​មាន​ការ​បកស្រាយ​របស់​ មន្ត្រី​នៃ​អ្នក​ទទួល​បណ្តឹង​រូប​នេះ​ក្តី​ ស្ថាប័ន​តុលាការ​កម្ពុជា​ត្រូវ​គេ​ដឹង​ថា​ បាន​ចាត់​វិធានការ​ច្បាប់​ភ្លាមៗ​ នៅ​រាល់​ពេល​ដែល​លោក​ ហ៊ុន សែន​ ប្រតិកម្ម​ទៅលើ​រឿង​ក្តី​ណាមួយ​។​

នៅ​មុន​ពេល​ ដែល​ក្រុម​គ្រួសារ​របស់​សកម្មជន​ទាំងបី​នៃចលនា​មាតា​ធម្មជាតិ​ និង​អ្នកផ្សេងទៀត​ដែល ​ជា​មិត្ត​ភក្តិ​របស់​សកម្មជន​ទាំង​បី​អ្នក​នោះ ត្រូវ​បាន​អាជ្ញាធរ​នាំ​ទៅ​ជួបមន្ត្រី​ខុទ្ទកាល័យ ពួកគេ​បាន​ដើរ​ចេញ​ពី​វត្ត​ភ្នំដូន​ពេញ​ បាន​មួយសន្ទុះ​ ដោយ​មិន​មាន​ការ​ហាម​ឃាត់​នោះ​ទេ។​ ប៉ុន្តែ​បន្ទាប់ពី​ពួកគេ​ បាន​ដើរ​ផុត​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ ព្រះ​នរោត្តម​ ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​សមត្ថកិច្ច​រារាំង​ ជាបន្តបន្ទាប់​។​

នៅ​ពេល​ពួក​គេ​ ដើរ​ហួស​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ អាជ្ញាធរ​មាន​សមត្ថកិច្ចជាច្រើន​នាក់​ ​បាន​រាំងខ្ទប់​មិន​ឲ្យ​ពួក​គេ​ បន្ត​ដំណើរ​ទៅ​មុខ​ទៀត បើ​ទោះ​ជា​មាន​ការ​អង្វរករ​យ៉ាង​ណា​ក្តី​។​ បន្ទាប់​មក​ កង​សន្តិ​សុខមួយ​ក្រុម​បាន​ នាំ​ពួក​គេ​ដើរ​ឆ្លង​ទៅកាន់​ផ្លូវ​តូច​មួយ​ ដែល​ជាផ្លូវ​ឆ្ពោះ​ទៅកាន់​វត្តបទុមវត្តី​ និង​ទី​កន្លែង​មួយ​ស្ថិត​ក្រោម​ដើម​ពោធិ៍ដែល​លោក​ គង់​ ចំរើន​កំពុង​រង់​ចាំ។​

មន្ត្រី​ប៉ូលីស​រារាំង​ក្រុម​គ្រួសារ​របស់​សកម្មជន​បរិស្ថាន​បី​នាក់​នៃ​ចលនា​មាតា​ធម្មជាតិ​មិន​ឲ្យ​ធ្វើ​ដំណើរ​លើ​មហាវិថី​ព្រះ​នរោត្តម​ ទៅ​កាន់​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។​ (ហ៊ុល​ រស្មី/VOA)
មន្ត្រី​ប៉ូលីស​រារាំង​ក្រុម​គ្រួសារ​របស់​សកម្មជន​បរិស្ថាន​បី​នាក់​នៃ​ចលនា​មាតា​ធម្មជាតិ​មិន​ឲ្យ​ធ្វើ​ដំណើរ​លើ​មហាវិថី​ព្រះ​នរោត្តម​ ទៅ​កាន់​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។​ (ហ៊ុល​ រស្មី/VOA)

អ្នកស្រី​ ថា​ សុភា​ ភរិយា​របស់​លោក​ ស៊ីម​ សំណាង​ បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ ថា​ អ្នកស្រី​អស់​ជំនឿ​នៅ​ក្នុង​ការ​ដាក់​ញតិ្ត​ទៅ​ខុទ្ទកាល័យ​របស់​លោក​ នាយករដ្ឋមន្ត្រី​ ពីព្រោះ​ញត្តិ​ដែល​អ្នក​ស្រី​ និង​តំណាង​ក្រុម​គ្រួសារ​របស់​សកម្មជន​ពីរ​នាក់​ផ្សេង​ទៀត​បាន​ដាក់​ មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ទេ​។

អ្នក​ស្រី​និយាយ​ទាំង​ទឹក​ភ្នែក​ថា៖​

«ខ្ញុំ​គិត​ថា​ ទៅ​ ទៅ​ ប្រហែល​ជា​រឿង​របស់​ខ្ញុំ​អត់​ដល់​ដៃ​សម្តេច​ទេ​ ពីព្រោះ​ខ្ញុំ​បាន​ដាក់​លិខិត​កាល​ពី​ថ្ងៃ​ទី​៧​ ខែ​៨​ហ្នឹង​ អត់​ទាន់​មាន​ការ​ឆ្លើយ​តប​ទេ»។​

អ្នក​ដើរ​ទៅ​ជួប​លោក​ នាយករដ្ឋមន្ត្រី​មា្នក់​ទៀត​ គឺ​អ្នកស្រី​ សំ​ សំណាង​ ​ដែល​ជា​ម្តាយ​របស់​ លោក ទ្រី សុវិគា​ បាន​និយាយ​ថា​ ការ​រាំង​ខ្ទប់​របស់​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​គឺ​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​តស៊ូ​ បញ្ចេញ​មតិ​ ហើយ​ថា​ ការ​ឃុំខ្លួន​កូន​ប្រុស​របស់​អ្នកស្រី​ ​បាន​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​អ្នកស្រី​ធ្លាក់​ក្នុង​សភាព​ដុនដាប​។​

«ធម្មតា​យើង​មនុស្ស​ចាស់​ ធ្វើ​ការ​ងារ​រក​ស៊ី​អី​ វា​មិន​បាន​ ពឹង​ពាក់​ទៅលើ​កម្លាំង​កូន​។​ ហើយ​ណាមួយ​អាណិត​កូន​ កូន​ជាប់​នៅ​ក្នុង​គុក​ហ្នឹង វាយូរ​ខែ​ពេក​ ហើយ​ខ្ញុំ​ហ្នឹង​ក៏​មាន​ការ​រាំងស្ទះ​ក្នុង​ការ​រក​ស៊ី​។​ ណា​នឹក​កូន​ មក​មើល​កូន​ផង​ ណា​ទៅម្នាក់​ឯង​ហ្នឹង ប្តី​ក៏​ពិការ​ទៀត​ ដល់​អញ្ចឹង​ខ្ញុំ​លំបាក​លំបិន​មែន​ទែន​ណាស់​ក្មួយ​»។​

សកម្ម​ជន​ទាំង​បី​នាក់នៃ​ចលនា​មាតា​ធម្មជាតិ ត្រូវ​បាន​ព្រះរាជអាជ្ញា​តុលាការ​ដំបូង​ខេត្ត​កោះកុង​ ចោទ​ប្រកាន់ពី​បទ​គំរាម​កំហែង​ មាន​ចេតនា​បង្ក​ការ​ខូចខាត​ក្នុង​អំឡុង​ពេល​ធ្វើ​យុទ្ធនា​ការ​ទប់​ស្កាត់​ការ​បូម​ខ្សាច់​នៅ​ខេត្តកោះ​កុង ​និង​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ចាប់​តាំងពី​ពាក់​កណ្ដាល​ខែ​សីហា​ ឆ្នាំ​២០១៥​។​ រហូត​មក​ទល់​នឹង​ពេល​នេះ​ ពួកគេ​បាន​ស្ថិត​ក្នុង​ពន្ធនាគារ​ខេត្តកោះ​កុង​អស់​រយៈពេល​ប្រមាណ​៧ខែហើយ។​

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​សាលា​ឧទ្ធរណ៍​បាន​ចេញ​ដីការ​កោះហៅ​លោក​ Alejandro Gonzalez Davidson ​សហស្ថាបនិក​នៃ​ចលនា​មាតា​ធម្មជាតិ​ឱ្យ​ចូលខ្លួន​នៅក្នុង​សវនាការ​ថ្ងៃ​ទី​៥ ខែ​មេសា​ខាងមុខ​នេះ​ដើម្បី​ជំនុំ​ជម្រះ​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ទប់​ស្កាត់​ការ​បូមខ្សាច់របស់​សកម្មជន​ទាំងបី​នាក់​នៃ​ចលនា​មាតា​ធម្មជាតិ។ នេះ​បើតាម​ដីកា​ចេញ​ថ្ងៃទី​២៨ខែមិនា​ដោយ​ព្រះរាជអាជ្ញា​ង៉ែត សារ៉ាត ​ដែល​VOA ​ទទួល​បាន​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ។​ លោក​អាឡិច​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​«សមគំនិត​គំរាម​កំហែង​ថា នឹង​ធ្វើ​ឱ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វីមួយ‍»។​

លោក​យី​សុខ​ សាន្ត​ ​មន្ត្រី​សិទ្ធិ​មនុស្ស​ របស់​សមាគម​អាហុក​ ដែល​បាន​ឃ្លាំមើល​ ការ​ដើរ​របស់​ក្រុម​គ្រួសារ​សកម្ម​ជន​ជាប់​ឃុំទាំង​បី​នាក់​ បាន​ថ្លែង​ថា រដ្ឋាភិបាល​ត្រូវ​រក​យុត្តិធម៌​ដល់​សកម្ម​ជន​បរិស្ថាន​ទាំង​បីនាក់ ដែល​មន្ត្រី​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​ និង​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​ដែល​មាន​ការ​បូម​ខ្សាច់​ក្នុង​ខេត្ត​កោះ​កុង​អះអាង​មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ​។​ លោក​ក៏បាន​ប្រដូច​ផងដែរ​ ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ក្នុង​ការរារាំង​ការ​ដើរ​នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ​ និង​ការអនុញ្ញាត​ឲ្យ​មាន​ការ​ហែរ​ក្បួន​តវ៉ា​របស់​ លោក​ស្រី​ ចំរើន​ ដែល​ជា​និស្សិត​កំពុង​វាយប្រហារ​លោក​ កឹម​ សុខា ប្រធានស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​សំណុំរឿង​អាស្រូវ​ផ្លូវភេទ។

«ចំណុច​ហ្នឹង​ហើយ ដែល​ខ្ញុំ​យល់ថា​ មាន​ច្បាប់​តែ​មួយ​តែ​មាន​ស្តង់​ដា​ពីរ​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ គឺ​លោក​ស្រី​ ចំរើន​ ដែល​ជា​អ្នកប្រឆាំង​នឹង​ការ​ឲ្យ​ទាម​ទារ​ ឲ្យ​ឯកឧត្តម ​កឹម​ សុខា មកបក​ស្រាយ ហើយ​គាត់​បាន​ ​ជា​ក្បួន​ម៉ូតូ​ដង្ហែរ​ តាម​ផ្លូវ​នរោត្តម​ពី​វិមាន​ឯករាជ្យ​ទៀត​ យើង​អត់​មាន​ឃើញ​ រាប់​រយនាក់​ យើង​អត់​មាន​ឃើញ​សមត្ថកិច្ច​ណាមួយ​មក​រារាំង​ទេ​។​ ប៉ុន្តែ​សមត្ថកិច្ច​បែរ​ជា​រារាំង​ពីរ បី​នាក់​ ដាក់​កម្លាំង​ដ៏​ច្រើន​ ចំណុច​ហ្នឹង​ហើយ​ ដែល​កម្ពុជា​ មាន​ច្បាប់​តែ​មួយ​ តែ​ស្តង់ដា​ពីរ»។

យ៉ាងណាក៏ដោយ​ លោក ឡុង ឌីម៉ង់​ អ្នកនាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ ថ្លែង​ប្រាប់​ VOA ថា​ ការ​ដើរ​របស់​ក្រុម​អ្នក​តវ៉ា​នេះ​ មិន​ត្រូវ​បាន​អនុញ្ញាត​ពី​សាលារាជធានី​ភ្នំពេញ​ទេ។​ តែ​នៅ​ពេល​ VOA ​សួរ​ថា​ តើ​និស្សិត​ស្រី​ ចំរើន​ បាន​សុំ​ការ​អនុញ្ញាត​ដែរ​ឬទេ​ លោក​ឡុង​ ឌីម៉ង់​ ថ្លែង​ ថា​លោក​មិន​ដឹង​រឿង​នេះ​ទេ ​ព្រោះ​លោក​ជាប់​បេសកកម្ម​នៅ​ក្រៅ​ប្រទេស​ ខណៈ​ដែល​លោក ស្រី​ ចំរើន ​ហែរ​ក្បួន​ដាក់​ញ្ញត្តិ​ទៅ​រដ្ឋ​សភា​ស្នើ​ឲ្យ​លោក​ កឹម សុខា ចេញ​បំភ្លឺ​រឿង​អាស្រូវ​ផ្លូវ​ភេទ​ ដែល​កំពុង​មាន​ប្រជាប្រិយ​ជាង​ការ​រំលោភ​សិទ្ធិមនុស្ស។​

«ម្សិល​មិញ​ខ្ញុំ​អត់​នៅ​ផង​ ខ្ញុំ​ជាប់​នៅ​បំពេញបេសកកម្ម​នៅ​ក្រៅ​ប្រទេស​ ខ្ញុំ​ទើប​មក​ដល់​ព្រឹក​មិញ»។​

ចលនា​មាតា​ធម្មជាតិ​ បាន​ធ្វើ​ការ​យ៉ាង​សកម្ម​នៅ​ក្នុង​កិច្ចការ​ការពារ​បរិស្ថាន​នៅ​ក្នុង​ខេត្ត​កោះកុង។​ ក្រៅ​ពី​ការ​តវ៉ា​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​ដ៏​មហន្តរាយ​ដល់​បរិស្ថាន​នេះ​ ក្រុម​ការពារ​បរិស្ថាន​នេះ​ ក៏​បាន​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​វិនិយោគ​ទំនប់​វារីអគ្គិសនី​លើ​ស្ទឹង​អារ៉ែង​នៃ​ជួរ​ភ្នំ​ក្រវ៉ាញ ​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​ Sinohydro​ ផង​ដែរ។​ សកម្ម​ភាព​របស់​ពួកគេ ​បាន​ធ្វើ​ឱ្យ​អាជ្ញាធរ​ និង​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួន​ មិន​សប្បាយ​ចិត្ត៕

XS
SM
MD
LG