ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

WHO​ ជំរុញ​កម្ពុជា​ត្រួត​ពិនិត្យ​ហ្មត់ចត់​ការ​ធ្វើ​ដំណើរ​ចូល​ប្រទេស​ដើម្បី​បញ្ចៀស​ការ​នាំ​ចូល​ជំងឺ​កូវីដ១៩


រូបឯកសារ៖ បុគ្គលិកម្នាក់ដើរចេញពីកន្លែងត្រួតពិនិត្យអ្នកធ្វើដំណើរនៅអកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ បុគ្គលិកម្នាក់ដើរចេញពីកន្លែងត្រួតពិនិត្យអ្នកធ្វើដំណើរនៅអកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០។

អង្គការ​សុខភាព​ពិភពលោក​ (WHO)​ បាន​ជំរុញ​ឲ្យ​កម្ពុជា​រឹត​បន្តឹង​វិធានការ​នៅ​តាម​ច្រក​ចូល​ប្រទេស​ឲ្យ​បាន​ហ្មត់​ចត់​ ដើម្បី​បញ្ចៀស​ការ​នាំ​ចូល​ជំងឺ​កូវីដ១៩ ​ខណៈ​ជើង​យន្ត​ហោះ​ចាប់​ផ្តើម​មាន​អ្នក​ដំណើរ​មួយ​ចំនួន​ ក្រោយ​កម្ពុជា​លើក​បម្រាម​ធ្វើ​ដំណើរ​ចំពោះ​ប្រទេស​ចំនួន​៦។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ស្រី ​លី អាយឡាន ​(Li Ailan) ​តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា ​ដែល​បាន​ប្រាប់ ​VOA​ កាល​ពី​ថ្ងៃ​ច័ន្ទ។​

នៅ​ក្នុង​សារ​អេឡិចត្រូនិក​មួយ​ផ្ញើ​មក​ VOA​ លោកស្រី​ លី អាយឡាន ​បាន​ជំរុញ​ឲ្យ​កម្ពុជា​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ករណី​ឆ្លង​កូវីដ១៩ ​បន្ថែម​ទៀត ​ក្រោយ​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ពីរ​ទៀត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ ​លោកស្រី​បន្ត​ថា​ ករណី​ឆ្លង​ថ្មី​ចុង​ក្រោយ​ទាំង​ពីរ​នេះ​ បង្ហាញ​ថា វីរុស​កូរ៉ូណា​មិន​ទាន់​សាប​រលាប​ទេ ​រហូត​ទាល់​តែ​ប្រទេស​ទាំង​អស់​លើ​ពិភព​លោក​លែង​មាន​វីរុស​នេះ​ត​ទៅ​ទៀត។​លោកស្រី​បញ្ជាក់​ថា ​ដរាប​ណា​វីរុស​នេះ​នៅ​តែ​កំពុង​សាយ​ភាយ​វិល​វល់​ក្នុង​ប្រទេស​ដទៃ​ទៀត ​«កម្ពុជា​នៅ​តែ​មាន​ហានិភ័យ»។​

ករណី​ឆ្លង​ថ្មី​ពីរ​ចុង​ក្រោយ​បំផុត​ដែល​កម្ពុជា​បាន​ធ្វើ​តេស្ត​រក​ឃើញ​នេះ​ កើត​ឡើង​ចំពោះ​ស្ត្រី​ខ្មែរ​ អាយុ​៣៩​ឆ្នាំ​ម្នាក់​ រស់​នៅ​រាជធានី​ភ្នំពេញ ​ដែល​បាន​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ពី​សហ​រដ្ឋ​អាមេរិក ​និង​បុរស​ខ្មែរ​ម្នាក់​ទៀត​ អាយុ​២៦​ឆ្នាំ​ រស់​នៅ​ខេត្ត​កំពត​ ដែល​បាន​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ហ្វីលីពីន ​ ដោយ​បន្ត​ជើង​យន្ត​ហោះ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង។​

កាល​ពី​សប្តាហ៍​មុន​ ប្រទេស​កម្ពុជា​បាន​សម្រេច​លើក​បម្រាម​ធ្វើ​ដំណើរ​ពី​ប្រទេស​ចំនួន​៦ ​ចូល​កម្ពុជា ​រួម​មាន​សហ​រដ្ឋ​អាមេរិក ​បារាំង​ អាល្លឺម៉ង់​ អ៊ីតាលី ​អេស្ប៉ាញ​ និង​អ៊ីរ៉ង់។ ​

លោកស្រី​ លី អាយឡាន ​តំណាង​អង្គការ​សុខភាព​ពិភព​លោក ​ជំរុញ​ឲ្យ​កម្ពុជា​អនុវត្ត​វិធានការ​សមរម្យ ​និង​ការ​អនុញ្ញាត​ឲ្យ​ចូល​បន្តិច​ម្តងៗ​ ដើម្បី​បញ្ចៀស​ការ​នាំ​ចូល​ជំងឺ​កូវីដ១៩ ​ពី​ក្រៅ​ប្រទេស។​

លោក​ស្រី​មាន​ប្រសាសន៍​ថា៖ ​«ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​ស្ថិត​ក្នុង​ដំណាក់​កាល​ទី​១​ នៃ​ការ​រាត​ត្បាត​ជំងឺ​កូវីដ១៩។​ ការ​ដាក់​វិធានការ​នៅ​តាម​ព្រំដែន​មាន​សារៈ​សំខាន់ ​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃ​ការ​នាំ​ចូល​ថ្មី​នៃ​ជំងឺ​កូវីដ១៩»។ ​

លោកស្រី​បន្ថែម​ថា៖ ​«នៅ​ក្នុង​ប្រទេស​នីមួយៗ ​រដ្ឋាភិបាល​សម្រេច​អ្វី​ដែល​ជា​វិធាន​ការ​រឹងមាំ​គ្រប់​គ្រង​តាម​ច្រក​ដែល​សមរម្យ ​និង​អាច​ទៅ​រួច​សម្រាប់​ប្រទេស​របស់​គេ។​ សម្រាប់​ប្រទេស​កម្ពុជា ​អង្គការ​សុខ​ភាព​ពិភព​លោក​បន្ត​ណែនាំ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​វិធី​សមតុល្យ ​ដែល​ផ្អែក​លើ​ហានិភ័យ​សម្រាប់​ការ​ដក​ជា​បណ្តើរៗ​ ឬ​ក៏​ការ​ណែនាំ​ឡើង​វិញ​នូវ​វិធាន​ការ​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ​ចាំបាច់​ ដែល​រួម​បញ្ចូល​ទាំង​ការ​កំហិត​ទៅ​លើ​មនុស្ស​ចូល​មក​ក្នុង​ប្រទេស»។​

លោក​ស្រី​បន្ត​ថា​ អង្គការ​សុខភាព​ពិភព​លោក​កំពុង​ធ្វើ​ការ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា​ដើម្បី​ពង្រឹង​វិធានការ​សុខ​ភាព​សាធារណៈ ​ក្នុង​នោះ​មាន​ការ​ត្រួត​ពិនិត្យ​មើល​សុខភាព​របស់​អ្នក​ធ្វើ​ដំណើរ​នៅ​ព្រលាន​យន្ត​ហោះ ​និង​ការ​ផ្តល់​ព័ត៌មាន​ទាក់ទង​នឹង​សុខភាព ​និង​ការ​ណែនាំ​ដល់​អ្នក​ដំណើរ​អន្តរ​ជាតិ។​

អង្គការ​សុខភាព​ពិភព​លោក​ក៏​ជំរុញ​ឲ្យ​កម្ពុជា​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ សម្រាប់​ការ​ទប់​ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​ទ្រង់ទ្រាយ​ធំ​នៅ​សហគមន៍។​

អ្នក​នាំពាក្យ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ លោក​ ជា អូន ​ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​រហូត​មក​ដល់​ពេល​នេះ ​ការ​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា​មាន​ជើង​យន្ត​ហោះ​តែ​ពីរ​បី​ប៉ុណ្ណោះ​ គឺ​ធ្លាក់​ចុះ​ពី​១០០ ​ភាគរយ​មក​ត្រឹម​តែ​ ៣​ទៅ​៥​ភាគរយ។ ​លោក​បន្ត​ថា​ យន្ត​ហោះ​ទាំង​នោះ​មក​ពី​កូរ៉េ​ខាងត្បូង ​និង​ចិន​ជា​ដើម។ ​លោក​ថា​ មាន​ការ​ហោះ​ហើរ​ផ្សេង​ទៀត ​ប៉ុន្តែ​ភាគ​ច្រើន​ជា​ការ​ដឹក​ទំនិញ​ប៉ុណ្ណោះ។​

លោក​បញ្ជាក់​ថា៖ ​«ឥឡូវ​គាត់​[ម្ចាស់​យន្ត​ហោះ]​ ដូច​ថា​ដើម្បី​ធ្វើ​អាជីវកម្ម ​គ្រាន់​តែ​ម៉ា​រស់ៗ​រួច​ខ្លួន​តិចៗ។​ គាត់​ដាក់​អីវ៉ាន់​ថែម​អ៊ីចឹង។ ​វា​អត់​មាន​មនុស្ស ​អ៊ីចឹង​គាត់​ដាក់​អីវ៉ាន់»។​

លោក​ ជា អូន ​ឲ្យ​ដឹង​ថា ​ក្រោយ​ពី​រដ្ឋាភិបាល​ដក​បម្រាម​កំហិត​ការ​ធ្វើ​ដំណើរ​ពី​ប្រទេស​ចំនួន​៦​ នោះ​ ​អ្នក​ធ្វើ​ដំណើរ​មួយ​ចំនួន​បាន​ចូល​មក​ក្នុង​ប្រទេស​វិញ​ ​ចន្លោះ​ពី ​២០ ​ទៅ ​២០០ ​នាក់ ​ក្នុង​មួយ​ថ្ងៃ ​ដែល​លោក​ថា​ មាន​ការ​ប្រែ​ប្រួល​មិន​អាច​ប៉ាន់​ស្មាន​ជាក់​លាក់​បាន។​

លោក​មាន​ប្រសាសន៍​ថា៖​ «ប្រជាជន​ខ្មែរ​យើង​ កូន​សិស្ស​និស្សិត ​ឬ​ក៏​អ្នក​ធ្វើ​ការ​ក្រៅ​ប្រទេស​ គាត់​មក​ស្រុក​វិញ។​ គាត់​ចេះ​តែ​រក​ផ្លូវ​មក​...​ឃើញ​ថា​កំណើន​ ឃើញ​កើន»។​

ខណៈ​ចុះ​ទៅ​ពិនិត្យ​នៅ​ព្រលាន​យន្ត​ហោះ​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ច័ន្ទ ​រដ្ឋមន្រ្តី​សុខាភិបាល​ លោក ម៉ម ប៊ុនហេង​ មាន​ប្រសាសន៍​ថា​ អ្នក​ធ្វើ​ដំណើរ​ទាំង​អស់​ទាំង​ខ្មែរ​ និង​បរទេស​ត្រូវ​មាន​បណ្ណ​បញ្ជាក់​សុខភាព​ថា​ មិន​មាន​ជំងឺ​កូវីដ​នោះ​ទេ។​ លោក​បន្ត​ថា ​ប្រសិន​បើ​មិន​មាន​ជំងឺ​ពួក​គេ​ត្រូវ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ ហើយ​ណែនាំ​ឲ្យ​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ចំនួន ​១៤ ​ថ្ងៃ។​

លោក​រដ្ឋមន្រ្តី​ឲ្យ​ដឹង​ទៀត​ថា ​បើ​មាន​នរណា​ម្នាក់​មាន​ជំងឺ​កូវីដ១៩​ ​នោះ ​អ្នក​ដំណើរ​ទាំង​អស់​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ​និង​ពិនិត្យ​តាម​ដាន​សុខភាព​រយៈ​ពេល ​១៤ ​ថ្ងៃ ​នៅ​មន្ទីរ​ពេទ្យ​ដែល​រៀបចំ​ដោយ​ក្រសួង​សុខាភិបាល។​

លោក​មាន​ប្រសាសន៍​ថា៖ ​«យើង​ត្រូវ​តែ​បន្ត​ការ​រឹត​បន្តឹង​ពី​ព្រោះ​ហេតុ​ម៉េច ​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​នេះ​នៅ​ទូទាំង​ពិភព​លោក»។

អ្នក​នាំពាក្យ ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ​លោកស្រី ​ឱ វណ្ណឌីន ​បាន​ថ្លែង​កាល​ពី​ចុង​សប្តាហ៍​មុន​ថា​ ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ជាប់​នៅ​បណ្តា​ប្រទេស​ផ្សេងៗ ​មិន​មាន​ព័ត៌មាន​អំពី​ការ​តម្រូវ​ឲ្យ​មាន​បណ្ណ​សុខភាព​បញ្ជាក់​ថា​ មិន​មាន​ជំងឺ​កូវីដ ​ដូច្នេះ​ពួកគេ​ចូល​មក​កម្ពុជា ​ប៉ុន្តែ​លោក​ស្រី​ថា​ ក្រសួង​បន្ត​ការ​ត្រួត​ពិនិត្យ​សុខភាព​របស់​ពួក​គេ ​មុន​នឹង​អនុញ្ញាត​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ។​

លោក​ស្រី​មាន​ប្រសាសន៍​ថា៖ ​«ធម្មតា​ទេ ​វិធាន​ការ​អី​ក៏​ដោយ ​ការ​អនុវត្ត ​យើង​រឹត​បន្តឹង​ ក៏​ប៉ុន្តែ​ជន​ជាតិ​ខ្មែរ​ដូច​គ្នា ​ពេល​ខ្លះ ​ក៏​គាត់​មិន​មាន​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​ពី​ក្រៅ​មក។ ​អ្នក​ទៅ​ក្រៅ​ប្រទេស​អាច​ដឹង​បាន​ហើយ​ អ្នក​ខ្លះ​គាត់​ទៅ​អ៊ីចឹង​ទៅ ​គាត់​ជាប់​ អ៊ីចឹង​ទៅ។ ​គាត់​អត់​មាន​មធ្យោបាយ​មើល​អ៊ិនធឺណិត ​ ហើយ​ដល់​ត្រូវ​មក​ ក៏​មក​អ៊ីចឹង​ទៅ។ អាហ្នឹង ​ក៏​វា​អាច​ថា​ បាន​ដែរ»។

កាល​ពី​សប្តាហ៍​មុន​ ក្រសួង​សុខាភិបាល​ចាប់​ផ្តើម​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់​ដែល​ចូល​មក​ប្រទេស​កម្ពុជា​ ទាំង​ជនជាតិ​ខ្មែរ ​ទាំង​ជន​បរទេស​ ត្រូវ​តែ​មាន​បណ្ណ​បញ្ជាក់​សុខភាព​ចេញ​ ដោយ​អាជ្ញាធរ​សុខាភិបាល​ដែល​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​នោះ ​ក្នុង​រយៈ​ពេល ​៧២ ​ម៉ោង។

​អ្នក​ដំណើរ​ដែល​ជា​ជន​បរទេស​ក៏​ត្រូវ​មាន​ឯក​សារ​ធានា​រ៉ាប់រង​សុខភាព​ មាន​ទឹក​ប្រាក់​យ៉ាង​តិច ​៥ ​ម៉ឺន​ដុល្លារ​អាមេរិក​ផង​ដែរ​ ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​កម្ពុជា ​លើក​លែង​តែ​មន្ត្រី​ការទូត​ និង​មន្ត្រី​អង្គការ​អន្តរជាតិ​ដែល​កាន់​ទិដ្ឋាការ​ការ​ទូត​ប្រភេទ ​A​ និង​ទិដ្ឋាការ​ផ្លូវការ​ប្រភេទ ​B ​របស់​កម្ពុជា។ ​ អ្នក​ដំណើរ​ទាំង​អស់​ដែល​ចូល​មក​កម្ពុជា ​នឹង​ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​រង់​ចាំ​ដើម្បី​ធ្វើ​តេស្ត​បញ្ជាក់​ថា​ មិន​មាន​វីរុស​កូវីដ១៩ ​និង​ត្រូវ​រង់ចាំ​ទទួល​លទ្ធផល​ពី​មន្ទីរ​ពិសោធន៍​ប៉ាស្ទ័រ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG