ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភពលោក​ជំរុញ​ឲ្យ​កម្ពុជា​បន្ត​​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​កូវីដ​១៩ ​ក្រោយ​ករណី​ឆ្លង​ថ្មី​២​ទៀត


បុគ្គលិក​សម្ភពមាតារង់ចាំ​វាស់កម្តៅ​ បាញ់​ទឹក​អាល់កុល​ និង​ផ្តល់ការ​ណែនាំអំពី​ការពារ​ខ្លួន​ពីជំងឺ​កូវីដ១៩ (COVID-19) ​ដល់អតិថិជន​ និង​អ្នកសួរ​សុខទុក្ខ​អ្នក​សម្រាល​កូន​ក្នុងសម្ភព នៅ​ថ្ងៃទី០២ ខែមេសា ឆ្នាំ​២០២០។ (ហ៊ាន​ សុជាតា​/VOA)
បុគ្គលិក​សម្ភពមាតារង់ចាំ​វាស់កម្តៅ​ បាញ់​ទឹក​អាល់កុល​ និង​ផ្តល់ការ​ណែនាំអំពី​ការពារ​ខ្លួន​ពីជំងឺ​កូវីដ១៩ (COVID-19) ​ដល់អតិថិជន​ និង​អ្នកសួរ​សុខទុក្ខ​អ្នក​សម្រាល​កូន​ក្នុងសម្ភព នៅ​ថ្ងៃទី០២ ខែមេសា ឆ្នាំ​២០២០។ (ហ៊ាន​ សុជាតា​/VOA)

អង្គការ​សុខភាព​ពិភពលោក នៅ​ថ្ងៃ​ច័ន្ទ​នេះ បាន​ជំរុញ​ឲ្យ​កម្ពុជា​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ករណី​ឆ្លង​កូវីដ១៩​បន្ថែម​ទៀត ​ក្រោយ​ពី​មាន​ការ​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ពីរទៀត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។​

អ្នក​ស្រី លី អាយឡាន (Li Ailan) តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា​បាន​ប្រាប់​វីអូអេ​តាម​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃ​ទី​២៥​ខែ​ឧសភា​ឆ្នាំ​២០២០​នេះ​ថា ​ករណី​ឆ្លង​ថ្មី​ចុង​ក្រោយ​ទាំង​ពីរ​នេះ​បង្ហាញ​ថា​ ​វីរុស​កូរ៉ូណា​ដែល​បង្ក​ជា​ជំងឺ​ឆ្លងរាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ​១៩​នេះនឹង​មិន​ទាន់​ទៅ​ណាទេ ​រហូត​ទាល់​តែ​ប្រទេស​ទាំង​អស់​លែង​មាន​វីរុស​នេះ​ត​ទៅ​ទៀត។​

អ្នក​ស្រី​បាន​សរសេរ​ថា៖​ «ដរាប​ណា​វីរុស​នេះ​នៅ​តែ​កំពុង​សាយភាយ​វិលវល់​ក្នុង​ប្រទេស​ដទៃ​ទៀត កម្ពុជា​នៅ​តែ​មាន​ហានិភ័យ»។

អ្នក​ស្រី​បន្ថែម​ថា​ ​វីរុស​នេះ​អាច​នឹង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​យូរ​ទៀត។​

«យើង​ត្រូវ​តែ​បន្ត​ការ​ប្រុង​ប្រយ័ត្ន»។​

ករណី​ឆ្លង​ថ្មី​ពីរចុង​ក្រោយ​បំផុត ដែល​កម្ពុជា​បាន​ធ្វើ​តេស្ត​រក​ឃើញនេះ​ កើត​ឡើង​ចំពោះ​ស្ត្រី​ខ្មែរ​អាយុ​៣៩​ឆ្នាំ​ម្នាក់​រស់​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ពី​សហ​រដ្ឋ​អាមេរិក និង​បុរស​ខ្មែរ​ម្នាក់​ទៀត​អាយុ​២៦​ឆ្នាំ​រស់នៅ​ខេត្ត​កំពត ដែល​បាន​ធ្វើ​ដំណើរ​វិលត្រឡប់​មក​ពី​ប្រទេស​ហ្វីលីពីន ដោយ​បាន​បន្ត​ជើង​យន្ត​ហោះ​ពីប្រទេស​កូរ៉េ​ខាង​ត្បូង។​

ការ​ធ្វើ​តេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​ករណី​ឆ្លង​ថ្មី​ទាំង​ពីរ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១​និង​២៣​ខែ​ឧសភា​ឆ្នាំ​២០២០ តែ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ពី​ប្រទេស​កម្ពុជា​បាន​សម្រេច​លើក​បម្រាម​ធ្វើ​ដំណើរ​ពី​ប្រទេស​ចំនួន​៦​ចូល​កម្ពុជា ​រួម​មាន​សហ​រដ្ឋ​អាមេរិក ​បារាំង​ អាល្លឺម៉ង់​ អ៊ីតាលី ​អេស្ប៉ាញ​និង​អ៊ីរ៉ង់។​

ក្រសួង​សុខាភិបាលបាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៤​ខែ​ឧសភា​ឆ្នាំ​២០២០​ថា ក្រសួង​បាន​ធ្វើ​តេស្ត​រួច​រាល់​ហើយ​លើ​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ឆ្លង​ចុង​ក្រោយ ដោយ​លទ្ធផល​បង្ហាញ​អវិជ្ជ​មាន។​

ប៉ុន្តែ​ក្រសួង​ដដែលបាន​លើក​ឡើង​ថា​ ខ្លួន​នឹង​បន្ត​ធ្វើ​ការ​តាម​ដាន​ និង​ស្រាវជ្រាវ​រក​ករណី​ដែល​អាច​កើត​មាន​ឡើង​ជា​បន្ត​ទៀត ហើយ​ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច ដោយ​និយាយ​ថា«សុំ​កុំ​សន្តិភាព​និយម​ជាមួយ​វីរុស​នេះ»។​

រហូត​មក​ពេល​នេះ ប្រទេស​កម្ពុជា​បាន​រាយ​ការណ៍​ករណី​ឆ្លង​កូវីដ​១៩​សរុប​ក្នុង​ប្រទេស​ចំនួន​១២៤នាក់ ដែល​ក្នុង​នេះ​១២២​នាក់​បាន​ជា​សះ​ស្បើយ ​ហើយ​មិន​មាន​របាយ​ការណ៍​អំពីមនុស្ស​ស្លាប់​ដោយសារ​ជំងឺ​នេះ​ទេ៕

XS
SM
MD
LG