ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សម្រាប់​ប្រទេស​រវ៉ាន់ដា​បញ្ចប់​បេសកកម្ម


រូបឯកសារ៖ ចៅក្រម​ Lloyd Williams នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សម្រាប់​ប្រទេស​រវ៉ាន់ដា សម្រួល​កាស​ស្តាប់​សម្លេង​ នៅ​ក្នុង​ដំណើរ​ការ​កាត់​ក្តី​មួយ​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​មេសា ឆ្នាំ​២០០២។​
រូបឯកសារ៖ ចៅក្រម​ Lloyd Williams នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សម្រាប់​ប្រទេស​រវ៉ាន់ដា សម្រួល​កាស​ស្តាប់​សម្លេង​ នៅ​ក្នុង​ដំណើរ​ការ​កាត់​ក្តី​មួយ​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​មេសា ឆ្នាំ​២០០២។​

កាល​ពី​ចុង​ខែ​ធ្នូ​ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សម្រាប់​ប្រទេស​រវ៉ាន់ដា Rwanda​ ហៅ​ថា​ ICTR ​បាន​បិទ​ទ្វារ​របស់​ខ្លួន​ហើយ។​ តុលាការ​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៩៤ ដោយ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ពួក​ជន​ជាតិ​ដើម​ភាគតិច​ Tutsi ​ជាង​១លាន​នាក់​ ហើយ​និង​ក្រុម ​Hutu ​និយម​កណ្ដាល​ដែល​ពាក់ព័ន្ធ​នឹង​នយោបាយ​នោះ។​

កាល​ពី​ចុង​ខែ​ធ្នូ​ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សម្រាប់​ប្រទេស​រវ៉ាន់ដា Rwanda​ ហៅ​ថា​ ICTR ​បាន​បិទ​ទ្វារ​របស់​ខ្លួន​ហើយ។​ តុលាការ​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៩៤ ដោយ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ពួក​ជន​ជាតិ​ដើម​ភាគតិច​ Tutsi ​ជាង​១លាន​នាក់​ ហើយ​និង​ក្រុម ​Hutu ​និយម​កណ្ដាល​ដែល​ពាក់ព័ន្ធ​នឹង​នយោបាយ​នោះ។​

ប៉ុន្តែ​២០​ឆ្នាំ​ក្រោយ​មក ​តុលាការ ICTR ​ បាន​ចោទ​ប្រកាន់​មនុស្ស​៩៣​នាក់​ ដោយ​បាន​ផ្ដន្ទា​ទោស​៦១នាក់​ និង​ដោះលែង​១៤នាក់។

ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​និយាយ​ថា​ អំពើ​ឧក្រិដ្ឋកម្ម​ជា​ប្រវត្តិ​សាស្ត្រ​ ជាច្រើន​រាប់​ទាំង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ​ការ​សម្លាប់​រង្គាល ហើយ និង​អ្វី​ដែល​យើង​ហៅ​សព្វថ្ងៃ​នេះថា​ ជា​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ផង នោះ​ មិន​ត្រូវ​បាន​គេ​ផ្តន្ទា​ទោស​ទេ។

លោក​ស្រី​ Geraldine​ Mattioli-Zeltner​ ជា​នាយិកា​ផ្នែក​តស៊ូ​មតិ​កិច្ចការ​យុត្តិធម៌​អន្តរជាតិ​នៃ​អង្គការ​សិទ្ធិ​មនុស្ស ​Human​ Rights ​Watch ។​ លោកស្រី​និយាយ​ថា​ ការ​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សម្រាប់​ប្រទេស​រវ៉ាន់ដា ​ហៅថា​ ICTR ​បាន​ បង្ហាញ​ពី​ការ​ផ្លាស់ប្ដូរ​ប្រវត្តិសាស្ត្រ​ក្នុង​ការ​គិតគូរ​ និង​ក្នុង​ច្បាប់​អន្តរជាតិ។

«រឿង​នេះ​ បង្ហាញ​ពី​ការ​ផ្លាស់ប្ដូរ​វប្បធម៌​មួយ។ ​រហូតដល់​ទសវត្សរ៍​១៩៩០ ​មាន​ឧក្រិដ្ឋកម្ម​ជា​ច្រើន​ដែល​ត្រូវ​គេ​ប្រព្រឹត្ត​ ហើយ​អ្នក​ទទួល​ខុសត្រូវ​ទាំងឡាយ ​តែង​តែ​អាច​ផុត​ពី​ការ​ផ្ដន្ទា​ទោស​បាន។​ ដោយ​មាន​ការ​បង្កើត​ឡើង​នូវ​តុលាការ​នេះ​ មាន​សញ្ញាណ​ដ៏​រឹងមាំ​ថា​ អំពើ​ឃោរឃៅ​ទាំងឡាយ​ នឹង​មិន​ត្រូវ​គេ​អត់​អោន​ឲ្យ​ឡើយ»។

តុលាការ​នេះ ​បាន​បើក​ផ្លូវ​ឲ្យ​មាន​ការ​បង្កើត​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ICC ​ក្នុង​ទីក្រុង​ឡាអេ​ផង​ដែរ។ ​សព្វថ្ងៃ​តុលាការ​នេះ​ បាន​ជះ​ឥទ្ធិពល​ដល់​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​អន្តរកាល​ក្នុង​ប្រទេស​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​ ក្នុង​ការ​បង្កើត​តុលាការ​ពិសេស​មួយ​ក្នុង​ប្រព័ន្ធ​តុលាការ​ជាតិ​របស់​ខ្លួន​ ដើម្បី​កាត់​ទោស​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ ដែល​ត្រូវ​ចោទប្រកាន់​នៅ​ទី​នោះ។

ការណ៍​នេះ ​បាន​នាំ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​យុត្តាធិការ​អន្តរជាតិ​ផង​ដែរ។​ នេះ ជា​តុលាការ​មួយ​ក្នុង​ចំណោម​តុលាការ​ដំបូង​ដែល​បាន​កាត់ទោស​អំពើ​រំលោភ​ផ្លូវ​ភេទ​ ជា​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍។

វា​នាំ​ឲ្យ​មាន​ការ​ប្រើ​យុត្តាធិការ​សកល​កាន់តែ​ច្រើន​ឡើង​សម្រាប់​កាត់​ទោស​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ។​

ជនជាតិ​រវ៉ាន់ដា​ទាំងឡាយ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ដែល ពាក់ព័ន្ធ​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​ ត្រូវ​ទទួល​ការ​កាត់ទោស​ក្នុង​ប្រទេស បែលហ្ស៊ិក ​បារាំង​ ហូឡង់​ ន័រវែស ​និង ​ចក្រភព​អង់គ្លេស។

ជន​ជាប់​ចោទ​ខ្លះ​ ត្រូវ​គេ​ប្រគល់​ទៅ​តុលាការ​ក្នុង​ស្រុក​នៃ​ប្រទេស​រវ៉ាន់ដា​ តែ​ការណ៍​នោះ កើត​ឡើង​បន្ទាប់ពី​រដ្ឋាភិបាល​បាន​យល់​ព្រម​លុបចោល​ទោស​ប្រហារ​ជីវិត​តែ​ប៉ុណ្ណោះ​ ហើយ​យល់​ព្រម​ធ្វើ​កំណែ​ទម្រង់​ច្បាប់​ផ្សេងទៀត​ក្នុង​ការ​ដោះស្រាយ​ក្តី​បារម្ភ ចំពោះ​ការ​ជំនុំជម្រះ​ប្រកប​ដោយ​យុត្តិធម៌​និង​ការ​ជឿជាក់។

កំណែ​ទម្រង់​ទាំង​នោះ​ រួម​មាន​ការ​បង្កើត​យន្តការ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ជាតិ​ ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​កិច្ច​គាំពារ​សាក្សី​ជាដើម។​

រូបឯកសារ៖ លលាដ៍ក្បាលនិងឆ្អឹងរបស់ជនរងគ្រោះដែលត្រូវបានសម្លាប់រង្គាលនៅក្នុងការប្រល័យពូជសាសន៍ក្នុងប្រទេសរវ៉ាន់ដា ត្រូវបានដាក់តាំងនៅឯទីសក្ការបូជាក្នុងវិហារសាសនាកាតូលិកមួយ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៤។
រូបឯកសារ៖ លលាដ៍ក្បាលនិងឆ្អឹងរបស់ជនរងគ្រោះដែលត្រូវបានសម្លាប់រង្គាលនៅក្នុងការប្រល័យពូជសាសន៍ក្នុងប្រទេសរវ៉ាន់ដា ត្រូវបានដាក់តាំងនៅឯទីសក្ការបូជាក្នុងវិហារសាសនាកាតូលិកមួយ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៤។

អង្គការ​សិទ្ធិ​មនុស្ស ​Human ​Rights ​Watch និយាយ​ថា ​សំណុំ​រឿង​ខ្លះ​ដែល​ត្រូវ​គេ​ជំនុំជម្រះ​ទោស​ក្នុង​ប្រទេស​រវ៉ាន់ដា ត្រូវ​គេ​កាត់ទោស​យ៉ាង​យុត្តិធម៌​ ទោះបីជា​លោកស្រី​ Mattioli-Zeltner​ និយាយ​ថា​ មាន​សំណុំរឿង​ខ្លះ​រង​ការ​រំខាន​ផ្នែក​នយោបាយ​ក្តី។

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សម្រាប់​ប្រទេសរ​រវ៉ាន់ដា ​ហៅថា​ ICTR ​មិនមែន​ត្រូវគេ​ចូលចិត្ត​គ្រប់គ្នា​ទេ។

ក្រុម​អ្នក​រិះគន់​និយាយ​ថា​ តុលាការ​នេះ​បាន​កាត់​ទោស​ជន​ដៃ​ដល់​បាន​ចំនួន​តិចតួច​ ហើយ​មិន​ធ្វើ​នៅ​ក្នុង​ប្រទេសរ​វ៉ាន់ដា ​ដែល​នៅ​ជិត​ក្រុម​អ្នក​រងគ្រោះ​ទេ​ តែ​បែរ​ជា​ធ្វើ​ក្នុង​ទីក្រុង​ Arusha នៅ​ប្រទេស​តង់ហ្សានី​ទៅវិញ។

ទោះ​ជា​យ៉ាង​ណា ជន​ជាប់​ចោទ​ជាច្រើន ត្រូវ​បាន​កាត់ទោស​ក្នុង​ប្រព័ន្ធ​តុលាការ​រវ៉ាន់ដា ហើយ​ក្នុង​តុលាការ​សហគមន៍​ក្នុងស្រុក ​ដែលគេ​ហៅថា​ Gacacas។

ក្រុម​អ្នក​រិះគន់​បាន​និយាយ​ថា​ ដំណើរការ​កាត់ទោស​ដែល​មាន​រយៈពេល​វែង ហើយ​ចំណាយ​លុយ​ច្រើន​ហួស​នេះ​ គឺជា​ហេតុផល​មួយ​ដែល​នាំ​ឲ្យ​បិទតុលាការ​ក្នុង​ពេល​នេះ។

អង្គការ​សិទ្ធិ​មនុស្ស​និយាយ​ថា​ ខ្លួន​មិន​ពេញ​ចិត្តនឹង​តុលាការ​នេះ​ ដែល​ពុំ​បាន​នាំ​សមាជិក​នៃ​ក្រុម​ដែល​បាន​ចូល​ឈ្លានពាន​ ហើយ​បាន​បញ្ចប់​អំពើ​ប្រល័យ​ពូជសាសន៍​មក​កាត់​ទោស។ ជន​ទាំង​នោះ​ភាគច្រើន​ជា​ក្រុម​រណសិរ្ស​ស្នេហា​ជាតិ​រវ៉ាន់ដា ដឹកនាំ​ដោយ​ជនជាតិ​ Tutsi (RPF) ។

លោកស្រី​ Mattioli-Zeltner ​និយាយ​ថា ​តុលាការ​មាន​អំណាច​ស្រាវជ្រាវ​ការ​ចោទប្រកាន់​ថា​ ក្រុម​រណសិរ្ស​រវ៉ាន់ដា ដឹកនាំ​ដោយ​ជនជាតិ ​Tutsi (RPF)​ បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ ប្រឆាំង​នឹង​ក្រុម​ជនជាតិ Hutu។

អ្នកខ្លះ​គិត​ថា​ ជនជាតិ ​Hutu ខ្លះ​គឺ​ជា​អ្នក​គាំទ្រ​រដ្ឋាភិបាល​ ប្រល័យ​ពូជ សាសន៍​ មាន​មូលដ្ឋាន​នៅ​តំបន់​ Hutu ​ដែល​ក្រុម​រណសិរ្ស​ស្នេហា​ជាតិ ​រវ៉ាន់ដា ដឹកនាំ​ដោយ​ជនជាតិ ​Tutsi (RPF) ​បាន​ទម្លាក់​ពី​អំណាច។

លោកស្រី ​Mattioli-Zeltner​ បាន​និយាយ​ថា​ តុលាការ​នេះ​បាន​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ខ្លះ​ដែល​គេ​ចោទប្រកាន់​ថា​បាន​ប្រព្រឹត្ត​ដោយ​ក្រុម​រណសិរ្ស​រវ៉ាន់ដា​ដឹកនាំ​ដោយ​ជនជាតិ ​Tutsi (RPF)​ ដែរ ​តែ​បាន​បញ្ជូន​តែ​សំណុំរឿង​ជាក់លាក់​មួយ​ប៉ុណ្ណោះ​ទៅ​កាត់​ទោស​ក្នុង​ប្រព័ន្ធ​តុលាការ​រវ៉ាន់ដា។​

លោកស្រី ​បាន​បន្ថែម​ថា សម្ពាធ​នយោបាយ​ ទំនង​ជា​ស្ថិត​នៅ​ពី​ក្រោយ​ការ​សម្រេច​ចិត្ត​នោះ។

«រដ្ឋាភិបាល​រវ៉ាន់ដា​បាន​បញ្ជាក់​ច្បាស់​ថា ​ខ្លួន​អាច​បញ្ឈប់​កិច្ចសហការ​នៅ​គ្រប់​សំណុំ​រឿង​ប្រល័យ​ពូជសាសន៍​ទាំងអស់​ផ្សេងទៀត​ ប្រសិនជា​តុលាការ​កាត់​ទោស​សំណុំ​រឿង​យ៉ាង​ដូច្នេះ។

ដូច្នេះ​ តុលាការ​ ទំនង​ជា​ផ្តល់​អាទិភាព​យ៉ាង​ពិតៗ​ ដើម្បី​ធានា​កិច្ច​សហការ​ជា​បន្ត​ពី​រដ្ឋាភិបាល​រវ៉ាន់ដា ក្នុង​ការ​កាត់ទោស​សំណុំ​រឿង​ដែល​មាន​ស្រាប់​ ជាជាង​កាត់ទោស​សំណុំរឿង​នៃ​ក្រុម​រណសិរ្ស​រវ៉ាន់ដា ​ដឹកនាំ​ដោយ​ជនជាតិ Tutsi (RPF) »។

មនុស្ស​៨​នាក់​ក្នុង​ចំណោម​៩៣​នាក់ ​ដែល​ត្រូវ​ចោទ​ប្រកាន់​ដោយ​តុលាការ​ កំពុង​គេច​ផុត​ពី​យុត្តិធម៌។​

លោកស្រី​ Mattioli-Zeltner​ បាន​និយាយ​ថា​ ប្រសិន​ជា​ជន​ទាំង​នោះ ​ត្រូវ​គេ​រក​ឃើញ​ ៥​នាក់​ នឹង​ត្រូវ​គេ​ប្រគល់​ជូន​ទៅ​កាត់ទោស​ដោយប្រព័ន្ធ​យុត្តិធម៌ រវ៉ាន់ដា។​

ប៉ុន្តែ​បី​នាក់​រួម​ទាំង​អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​ផង​ នឹង​ត្រូវ​កាត់​ទោស​ដោយ​អ្វី​ ដែល​គេ​ហៅថា​ ជា​ប្រព័ន្ធ​ដោះស្រាយ​បញ្ហា​នៅ​សេសសល់​ក្នុង​តុលាការ​ ឬ​ហៅថា ​Residual​ Mechanism ។

វា​ជា​សំណល់ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សម្រាប់​ប្រទេស​រវ៉ាន់ដា ​និង​តុលាការ​មួយ​ទៀត​ដែល​នឹង​បិទ​ទ្វារ​ផង​ដែរ​នោះ​ គឺ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សម្រាប់​អតីត​ប្រទេស​យូហ្គោស្លាវី។

តុលាការ​នេះ ​នឹង​ដោះ​ស្រាយ​បញ្ហា​សេសសល់​មួយ​ចំនួន​រួមមាន​ការ​ប្តឹង​ឧទ្ធរណ៍ ការ​កាត់​ទោស​ឡើង​វិញ​ ដំណើរការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ និង​ការ​ជួយ​ដល់​យុត្តាធិការ​តុលាការ​ក្នុងស្រុក។

«យន្តការ​ដោះ​ស្រាយ​បញ្ហា​សេសសល់ ​គឺ​ជា​សាលាក្ដី​តូច​មួយ​ មាន​បុគ្គលិក ​២​ឬ​៣ នាក់​ ហើយ​មាន​អំណាច​ក្នុង​ការ​ដោះស្រាយ​កិច្ចការ​សេសសល់​ពី​តុលាការ​ទាំងពីរ។​ យន្តការ​ដោះស្រាយ​បញ្ហា​សេសសល់ ​ទទួលបន្ទុក​បន្ត​ការស្រាវជ្រាវ​រក​ជន​សង្ស័យ​ដែល​គេច​ខ្លួន​ ហើយ​ដោះស្រាយ​រាល់​ការ​សម្រេច​ចិត្ត​ទាំងឡាយ​ណា​ ដែល​ជា​តម្រូវការ​សម្រាប់​ពេល​អនាគត។​ តុលាការ​ទាំង​នេះ​មាន ពិរុទ្ធ​ជន​ខ្លះ​ដែល​កំពុង​ជាប់​គុក​ពេល​នេះ​ ដូច្នេះ​តុលាការ​ ត្រូវ​ធ្វើ​ការ​ពិចារណា ថា​តើ​ជន​ជាប់​ទោស​ទាំងនោះ​ អាច​ត្រូវ​ដោះ​លែង​មុន​កាល​កំណត់​បានទេ​ ហើយ​មាន​សាក្សី​ជា​ច្រើន​ដែល​កំពុង​ស្ថិត​ក្រោម​កិច្ចការពារ​ ហើយ​តើ​សាក្សី​ណា​ដែល​ត្រូវ​ស្ថិត​ក្រោម​ការ​គាំពារ​ផ្នែក​ឃ្លាំមើល»។

ការ​ចាប់​ខ្លួន​ជាយ​ថា​ហេតុ​ចំពោះ​ជន​ដែល​កំពុង​គេច​ពី​ការ​តាម​ចាប់ខ្លួន​គឺ​មាន​ន័យ​ថា ​ជា​ជោគជ័យ​នៅ​ទី​បញ្ចប់​ក្នុង​កិច្ច​ប្រឹងប្រែង​របស់​តុលាការ។​

អង្គការ​សិទ្ធិ​មនុស្ស​ បាន​ជំរុញ​ឲ្យ​រដ្ឋ​នានា​បន្ត​ការ​តាំងចិត្ត​របស់​ខ្លួន​ក្នុង​ការ​នាំ​ខ្លួន​ជន​ជាប់​ពិរុទ្ធ ​ដែល​កំពុង​គេចខ្លួន​នៅ​ឡើយ​នោះ​ មក​កាត់​ទោស​រក​យុត្តិធម៌៕

​ប្រែ​សម្រួល​ដោយ លោក សុខ ខេមរា

XS
SM
MD
LG