ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​កោះ​ហៅ​ឲ្យ​ចាប់​ខ្លួន​មេដឹកនាំ​ក្រុម​ឧទ្ទាម​នៅ​រវ៉ាន់ដា


ទាហាន​កុងហ្គោ​​​មក​ពី​​កង​កម្លាំង​ប្រដាប់​អាវុធ​នៃ​ប្រទេស​ បាន​ធ្វើ​ការ​សម្រាក​បន្ទាប់​ពី​ការ​ធ្វើ​ការ​ប្រយុទ្ធ​គ្នា​ជាមួយនឹង​ក្រុម​ឧទ្ទាម​​រវ៉ាន់​ដានៅ​ភូមិ Kirumba។ មាន​ការ​កោះ​ហៅ​ឲ្យ​ចាប់​ខ្លួន​មេដឹកនាំ​ក្រុម​ឧទ្ទាម​នៅ​រវ៉ាន់ដា។
ទាហាន​កុងហ្គោ​​​មក​ពី​​កង​កម្លាំង​ប្រដាប់​អាវុធ​នៃ​ប្រទេស​ បាន​ធ្វើ​ការ​សម្រាក​បន្ទាប់​ពី​ការ​ធ្វើ​ការ​ប្រយុទ្ធ​គ្នា​ជាមួយនឹង​ក្រុម​ឧទ្ទាម​​រវ៉ាន់​ដានៅ​ភូមិ Kirumba។ មាន​ការ​កោះ​ហៅ​ឲ្យ​ចាប់​ខ្លួន​មេដឹកនាំ​ក្រុម​ឧទ្ទាម​នៅ​រវ៉ាន់ដា។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​កំពុង​កោះ​ហៅឲ្យ​មាន​ការ​ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​ចាប់​ខ្លួន​មេដឹកនាំ​ក្រុម​ឧទ្ទាម​ក្នុង​ប្រទេស​រវ៉ាន់ដា​ ឈ្មោះ​ Sylvestre ​Mudacumura។ អង្គការ​នេះ​បាន​និយាយ​ថា​ ក្រុម​នេះ​ដែល​មាន​ឈ្មោះ​ថា​ កម្លាំង​ប្រជាធិបតេយ្យ​ដើម្បី​រំដោះ​ប្រទេស​រវ៉ាន់ដា​ (FDLR​) បាន​បន្ត​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ភាគ​ខាង​កើត​ប្រទេស​កុងហ្គោ​ បី​ឆ្នាំ​បន្ទាប់​ពី​ចៅក្រម​នៅ​តុលាការទីក្រុង​ឡាអេ​ បាន​ចេញ​ដីកា​ចាប់​ខ្លួន។

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ​(ICC) ​កំពុង​ស្វែង​រក​ចាប់​ខ្លួន​មេដឹកនាំ​ឈ្មោះ​ Sylvestre Mudacumura ​មក​កាត់​ទោសពីបទ​ឧក្រិដ្ឋ​ ដែល​បាន​ប្រព្រឹត្ត​ឡើង​ដោយ​ពួក​ជន​សកម្ម​ប្រយុទ្ធ​នៅ​ក្រោម​បញ្ជា​របស់​គាត់​ក្នុង​ឆ្នាំ​២០០៩​ និង​២០១០។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) ​បាន​និយាយ​ថា​ នៅ​ក្នុង​អំឡុង​ឆ្នាំ​ទាំង​នោះ​ ខ្លួនបាន​ធ្វើកំណត់​ត្រានៃ​ការ​សម្លាប់​ជនស៊ីវិល​ជាង​៧០០នាក់​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុម​ FDLR។

ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ថ្លែង​ថា ​ចាប់​តាំង​ពី​ឆ្នាំ​២០១២ ​ពូក​យុទ្ធជន​ FDLR ​បាន​សម្លាប់​ជនស៊ីវិល​៩៤នាក់ ​បាន​ចាប់​រំលោភសេពសន្ថវៈ​ស្ត្រី​ និង​ក្មេងស្រី​រាប់​សិប​នាក់ បាន​បង្ខំ​កុមារ​ឲ្យ​ចូលម្រើ​ក្នុង​ក្រុម​របស់​ពួក​គេ​ និង​បាន​បំផ្លាញ​ផ្ទះ​សម្បែង​រាប់​មិន​អស់។

កុ្រម​ FDLR ​ត្រូវ​បាន​ដឹកនាំ​ដោយ​ក្រុម​ស្នូល​មួយ​នៃ​អតីត​ទាហាន​រវ៉ាន់ដា​ និង​កង​ជីវពល ​ដែល​បាន​រត់​ភៀស​ខ្លួន​ទៅ​កាន់​ភាគ​ខាង​កើត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​នៅ​ឆ្នាំ​១៩៩៤ ​បន្ទាប់​ពី​ប្រទេស​រវ៉ាន់ដា​បាន​កើត​មាន​អំពើ​ប្រល័យ​ពូជសាសន៍។

លោកស្រី​ Ida Sawyer​ អ្នក​ស្រាវជ្រាវ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កុងហ្គោ​បាន​ប្រាប់វីអូអេ​ថា​ ឈ្មោះ​ Mudacumura ​បាន​បម្រើ​ការ​ជា​មេបញ្ជាការ​យោធា​នៃ​ក្រុមFDLR​ នេះ​ចាប់​តាំង​ពី​ឆ្នាំ​២០០៣​មក​ម្ល៉េះ។

កងទ័ព​កុងហ្គោ​បាន​ធ្វើការ​វាយ​លុក​ប្រឆាំង​នឹង​ក្រុម​ FDLR​ កាល​ពី​ឆ្នាំ២០០៩​ និង​២០១០​ ហើយ​បាន​ចាប់​ផ្តើម​ការ​វាយលុក​មួយ​ផ្សេង​ទៀត​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​នេះ​ ដែល​ពួក​គេ​ឲ្យ​ឈ្មោះ​ថា​ ​Sukola2 ជា​ភាសា ​Swahili មាន​ន័យ​ថា​«បោស​សម្អាត»។ ក៏​ប៉ុន្តែ​លោក​ស្រី ​Sawyer ​និយាយ​ថា​ ការ​វាយលុក​នោះ​មិន​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​អ្វី​ច្រើន​នោះ​ទេ។

«ប្រតិបត្ដិការ​នោះ​រហូត​មក​ដល់​ពេល​នេះ​ ទទួល​បាន​ជោគជ័យ​មួយ​មាន​កម្រិត ​ហើយ​ពួក​គេ​ទំនង​ជា​មិន​បន្ថែម​កិច្ចខិតខំ​ប្រឹងប្រែង​ផ្សេង​ទៀត​ដើម្បី​អនុវត្ត​ប្រតិបត្ដិការ​ដែល​បាន​កំណត់ ​ដើម្បី​ចាប់​ខ្លួន​ឈ្មោះ​ ​Mudacumura »។

រដ្ឋាភិបាល​និយាយ​ថា​ យុទ្ធជន​របស់​ក្រុម​ FDLR ប្រហែល​២៥០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ​និង​សមាជិក​ដទៃ​ទៀត​ត្រូវ​បាន​សម្លាប់​ ប៉ុន្តែ ​បើ​យោង​តាម​លោក​ស្រី Sawyer ពួក​គេ​ទាំង​នេះ​ ​គ្រាន់​តែ​ជា​ពួក​យុទ្ធជន​កម្រិត​ទាប​ធម្មតា​ទេ។

លោក​ស្រី​ក៏​បាន​លើកឡើង​ដែរ​ថា​ កងទ័ព​កុងហ្កោ​ប្រហែល​ជា​ខ្វះ​ឆន្ទៈ​ ក្នុង​ការ​វាយ​ប្រហារ​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ទៅ​លើ​ក្រុម​ FDLR ដោយ​ហេតុ​ថា​ រហូត​ដល់​ពេល​នេះ ​ពួក​គេ​បាន​ប្រយុទ្ធ​តែ​ជាមួយនឹង​សត្រូវ​ជា​សាមញ្ញ នោះ​គឺ​ក្រុម​មួយ​ដែលគាំទ្រ​ដោយ​ប្រទេស​រវ៉ាន់ដា ឈ្មោះថា​ ចលនា​ឧទ្ទាម​ CNDP ​និង M23។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ទទួល​ស្គាល់​ថា ​ជនស៊ីវិល​បាន​ទទួល​រង​គ្រោះ​យ៉ាង​ខ្លាំងនៅ​រាល់​ពេល​ដែល​ក្រុម​ FDLR ​នេះ​ស្ថិត​ក្រោម​ការ​វាយប្រហារ។

«យើង​បាន​ឃើញរួច​មក​ហើយនៅ​ក្នុង​ប្រតិបត្តិការ​យោធា​ប្រឆាំង​នឹង​ក្រុម ​FDLR​ កាល​ពី​ពេល​មុន​ គឺ​ការ​វាយ​ប្រហារ​ដ៏​រន្ធត់​ទៅ​លើ​ជន​ស៊ីវិល ​នៅ​ស្រប​ពេល​ដែល​ភាគី​ទាំង​សងខាង​បាន​ស្វែងរក​ការ​ដាក់​ទោស​លើ​ប្រជាជន​ស៊ីវិល​ដោយ​ចោទ​ថា​ ជន​ស៊ីវិល​ទាំង​នោះ​គាំទ្រ​សត្រូវ​របស់​ពួក​គេ។ យើង​មិន​ចង់​ឃើញ​រឿង​ដូច្នោះ​សារជាថ្មី​ទេ។ ហេតុដូច្នេះ​ហើយ បាន​ជាយើង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ និង​អង្គការ​សហប្រជាជាតិ​ដែល​មាន​បេសកកម្ម​រក្សាសន្តិភាព​ ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​យ៉ាង​ពិតប្រាកដ​ ក្នុង​ការ​ចាប់​ខ្លួន​ និង​តាម​ចាប់​មេបញ្ជា​កំពូលៗ​នៃ​ក្រុម​ FDLR រួម​ទាំង​ឈ្មោះ​ Mudacumura ​ផង​ដែរ»។

បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ហៅកាត់ថា​ MONUSCO ​បាន​ដក​ខ្លួន​ចេញ​ពី​ប្រតិបត្ដិការ​ Sokola 2 ​បន្ទាប់​ពី​ឧត្តមសេនីយ៍​កុងហ្គោ​ពីរ​នាក់​ដែលប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​រំលោភ​បំពាន​សិទ្ធិមនុស្ស​យ៉ាង​ដ៏​ធ្ងន់ធ្ងរ​ ​ត្រូវ​បាន​ផ្តល់​តំណែង​ដឹកនាំ​ក្នុង​ប្រតិបត្តិការ​នេះ។

ប្រធាន​បេសកកម្ម MONUSCO​ លោក​Martin Kobler​ បាន​ប្រាប់​វីអូអេ​ពី​បេសកកម្ម​ និង​រដ្ឋាភិបាល​ បាន​ខិត​ជិត​នឹង​ដោះស្រាយ​បញ្ហា​នេះ ​និង​បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​ Sokola 2​។ លោក​ក៏​បាន​និយាយ​អំពី​ Mudacumura​ផង​ដែរ។

«យើង​តែងតែ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និត​ជា​មួយ​តុលាការ​ ICC​ ដើម្បី​ទទួល​បាន​ព័ត៌មាន​នៃ​ការ​វិវត្ត​លើ​ឈ្មោះ​ Sylvestre Mudacumura​ នេះ។ ​នៅ​ដំណាក់​កាល​មួយ​ យើង​ធ្លាប់​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​គាត់​ឲ្យប្រគល់​ខ្លួន​ដោយ​ស្ម័គ្រចិត្ត​ទៅ​តុលាការ ​ICC។ វា​ជា​ការ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ប្រយុទ្ធ​ប្រឆាំង​នឹង​និទណ្ឌភាព​នោះ។​ ឈ្មោះ​ Sylvestre Mudacumura ​ត្រូវ​តែ​ចាកចេញ​ពី​ព្រៃ។ ​គាត់​ត្រូវ​តែ​មក​រក​ពួក​យើង។​ យើង​នឹង​នាំ​គាត់​ទៅ​ទីក្រុង​ឡាអេ​ ហើយ​ទីក្រុងឡាអេ​នឹង​ទទួល​យក​គាត់​ទៅ​ប្រឈមមុខ​នឹង​យុត្តិធម៌»។​

អ្នក​ស្រាវជ្រាវលោក​ Christoph Vogel ​ដែល​បាន​សិក្សា​ពី​ក្រុម​ប្រដាប់​អាវុធ​នៅ​ប្រទេស​កុងហ្គោ​ បាន​ប្រាប់​វីអូអេ​ថា​ ឈ្មោះ​ Mudacumura​ នេះ​ មាន​សុខភាព​មិនល្អ​ទេ​ ហើយ​អាច​នឹង​ពិបាក​ក្នុង​ការ​រត់​គេច​ខ្លួន​ពី​ក្រុម​ប្រតិបត្ដិការ​ស្វែងរក​ចាប់​ខ្លួន។

លោក​បាន​បន្ថែម​ថា​ មាន​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​រង្វង់​រដ្ឋាភិបាល​សាធាណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ទាក់ទិននឹង​គោល​នយោបាយ​ដើម្បី​ចាត់​ការ​លើ​ក្រុម ​FDLR ​ ហើយ​នៅ​ខណៈ​ដែល​ក្រុម​រក្សា​សន្តិភាព​ MONUSCO​ អាច​នឹង​តាម​ប្រមាញ់​ឈ្មោះ​ ​Mudacumura​ ដោយ​ខ្លួនឯង​នោះ ​ប្រតិបត្តិការ​នេះ​គួរ​តែ​មាន​កិច្ច​សហការ​ជា​មួយ​កង​កម្លាំង​របស់​កុង​ហ្គោ៕

ប្រែសម្រួល​ដោយ​ ពៅ ហេងឡាលីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG