ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ឈ្នះ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​មួយ​អាណត្តិ​ទៀត


លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​មួយ​នៅ​ក្បែរ​វិមាន​ក្រឹមឡាំង ក្នុង​ក្រុង​មូស្គូ កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដូច​ការ​រំពឹង​ទុក។ ដោយ​សន្លឹក​ឆ្នោត​ស្ទើរតែ​ទាំង​អស់​ដែល​មក​ពី​គ្រប់​មណ្ឌល​បោះ​ឆ្នោត​ទាំង​អស់​ត្រូវ​បាន​រាប់​រួច​រាល់ លោក Putin គ្រោង​នឹង​ចាប់ផ្ដើម​អាណត្តិ​ថ្មី​រយៈពេល ៦ ឆ្នាំ បន្ថែម​ទៀត​របស់​លោក​ក្នុង​នាម​ជា​ប្រធានាធិបតី​រុស្ស៊ី។ លោក Putin ទទួល​បាន​សំឡេង​ឆ្នោត​ជាង ៧៦ ភាគរយ។

លោក Putin បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោក​រាប់​ពាន់​នាក់​នៅ​ទីលាន Manezhnaya ជិត​វិមាន​ប្រធានាធិបតី​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដោយ​ហៅ​អ្នក​ដែល​បោះ​ឆ្នោត​ឲ្យ​លោក​ថា​ជា «ក្រុម​ជាតិ​ដ៏​ធំ» មួយ។

លោក Putin ប្រឈម​នឹង​គូ​ប្រជែង ៧ នាក់ តាំង​ពី​អ្នក​ប្រជា​និយម​ស្ដាំ​និយម​ជ្រុល រហូត​ដល់​អ្នក​កុម្មុយនិស្ត​ឆ្វេង​និយម​ជ្រុល ប៉ុន្តែ​អ្នក​ទាំង​នោះ​មិន​មែន​ជា​ការ​គំរាមកំហែង​ណា​មួយ​ដល់​លោក​នោះ​ទេ។

គូ​ប្រជែង​ដ៏​ខ្លាំង​បំផុត​របស់​លោក Putin គឺ​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក Alexei Navalny។ លោក Navalny មិន​មាន​សិទ្ធិ​ឈរ​ឈ្មោះ​បោះ​ឆ្នោត បន្ទាប់ពី​លោក​ត្រូវ​បាន​តុលាការ​កាត់​ទោស​ពី​បទ​បន្លំ​លួច​ប្រាក់​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន។

លោក Navalny បាន​ដឹកនាំ​ការ​ធ្វើ​ពហិការ​មិន​ចូលរួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ។ ចំណែក​ឯ​អ្នក​រៀបចំ​ការ​បោះ​ឆ្នោត​វិញ​បាន​រំពឹង​ថា នឹង​មាន​អ្នក​ចេញ​មក​បោះ​ឆ្នោត​បាន​ច្រើន​ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​មួយ​ដែល​គេ​អាច​ទាយ​លទ្ធផល​ទុក​រួច​ទៅ​ហើយ​នេះ មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ច្បាប់។

លោក Putin បាន​កាន់​អំណាច​ក្នុង​នាម​ជា​ប្រធានាធិបតី ឬ​ក៏​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​តាំង​ពី​ឆ្នាំ ១៩៩៩ មក​ម្ល៉េះ៕

XS
SM
MD
LG