អ្នកនាំពាក្យរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកមិនបានដឹងពីជំនួបរវាងលោក Jeff Sessions រដ្ឋមន្រ្តីយុត្តិធម៌សហរដ្ឋអាមេរិកដែលកាលពីពេលនោះជាសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក និងឯកអគ្គរដ្ឋទូតរុស្ស៊ីក្នុងអំឡុងនៃការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំទៅទេ។
លោក Dmitry Peskov អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីបានប្រាប់ពួកអ្នកយកព័ត៌មាននៅពេលសួរថាតើលោក Sessions និងឯកអគ្គរដ្ឋទូតរុស្ស៊ី Sergei Kislyak បានជួបគ្នាកាលពីឆ្នាំទៅដែរឬទេ។ លោកនិយាយថា «ខ្ញុំមិនបានដឹងអំពីជំនួបណាមួយទេ»។
លោក Session បានស្ថិតនៅក្រោមការពិនិត្យដ៏តឹងរ៉ឹងបំផុតបន្ទាប់ពីការបញ្ចេញឲ្យដឹងថា លោកបាននិយាយជាមួយបេសកជនរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិកចំនួន២ដងខណៈដែលលោកបានធ្វើជាទីប្រឹក្សាឲ្យយុទ្ធនាការឃោសនារបសលោកដូណាល់ ត្រាំ ខណៈដែលលោកធ្វើជាសមាជិកព្រឹទ្ធសភាអាមេរិក។
លោក Sessions បានជួបឯកអគ្គរដ្ឋទូត Sergei Kislyak កាលពីខែកក្កដា ឆ្នាំទៅនៅខាងក្រៅសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋ ហើយនិងម្តងទៀតនៅខែកញ្ញានៅឯការិយាល័យនៅវិមានរដ្ឋសភា Capitol Hill។
ជំនួបទាំងនោះ បានធ្វើឲ្យមានភាពចម្រូងចម្រាសលើការចោទប្រកាន់ថា រុស្ស៊ីអាចមានការជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកដែលផ្តល់ជ័យជម្នះដល់លោកត្រាំ ហើយជំនួបទាំងនេះបានបណ្តាលឲ្យមានការអំពាវនាវនៅក្នុងសភាអាមេរិកឲ្យលោក Sessions ដកខ្លួនចេញពីការស៊ើបអង្កេតរបស់សភាចំនួន២នៅក្នុងបទចោទប្រកាន់នេះ។
ការិយាល័យរបស់លោក Sessions បានប្រាប់ឲ្យដឹងថា ជំនួបនេះបានកើតមានឡើងនៅពេលលោកធ្វើជាសមាជិកព្រឹទ្ធសភា មិនមែនជាទីប្រឹក្សាយុទ្ធនាការឃោសនាឲ្យលោកត្រាំទេ៕