ប្រធានាធិបតីរុស្ស៊ីលោក វ្លាដឺមៀ ពូទីន (Vladmir Putin) នាពេលថ្មីៗនេះ បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់មួយឲ្យក្លាយជាច្បាប់ផ្លូវការ ដែលផ្តល់អំណាចឲ្យក្រុមរដ្ឋអាជ្ញាក្នុងការប្រកាសភាព«មិនត្រូវការ»ចំពោះអង្គការបរទេស និងអង្គការអន្តរជាតិនៅក្នុងប្រទេសរុស្ស៊ី និងអំណាចក្នុងការបិទអង្គការទាំងនោះ ព្រមទាំងអំណាចក្នុងការដាក់ពិន័យរាល់ជនរុស្ស៊ីណាដែលចូលពាក់ព័ន្ធ។
ក្រុមអ្នកគាំទ្រនិយាយថា ច្បាប់នេះ គឺធ្វើឡើងដើម្បីការពារការគំរាមកំហែងដល់អំណាចនៃរដ្ឋធម្មនុញ្ញរុស្ស៊ី ការការពារជាតិ និងសន្តិសុខប្រទេសនេះ។ ក្រុមសកម្មជនសិទ្ធិមនុស្សបាននិយាយថា ច្បាប់នេះនឹងបន្ថែមការបង្ក្រាបទៅលើមតិប្រឆាំង ដែលរិះគន់ ឬហ៊ានប្រឈមជាមួយការដឹកនាំរបស់លោកពូទីន។ លោក Daniel Schearf នៃវីអូអេធ្វើសេចក្តីរាយការណ៍ពីទីក្រុងមូស្គូ។
លោកប្រធានាធិបតីពូទីនបានចុះហត្ថលេខាស្ងាត់ៗលើសេចក្តីព្រាងច្បាប់មួយស្តីអំពីអង្គការបរទេស និងអន្តរជាតិដែល«មិនត្រូវការ» ឲ្យក្លាយជាច្បាប់ជាធរមាន បន្ទាប់ពីមានការជជែកតស៊ូមតិ និងមានការពិនិត្យពិច្ច័យតិចតួចនៅសភា Duma របស់រុស្ស៊ី។
ទោះជាយ៉ាងណាក៏ដោយ ការឆ្លើយតបទៅនឹងការគំរាមកំហែងផ្លូវច្បាប់ចុងក្រោយទៅលើក្រុមសង្គមស៊ីវិល ធ្វើឲ្យមានការតវ៉ាប្រឆាំងយ៉ាងខ្លាំងទាំងនៅក្នុងស្រុក និងក្រៅប្រទេស។
សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានថ្កោលទោសច្បាប់នោះ ដែលមិនត្រឹមតែអនុញ្ញាតឲ្យក្រុមរដ្ឋអាជ្ញាបិទអង្គការក្រៅរដ្ឋាភិបាលបរទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឲ្យដាក់ពិន័យលើជនរុស្ស៊ីដែលពាក់ព័ន្ធជាមួយអង្គការទាំងនោះ។
វិធានការផ្លូវច្បាប់មិនច្បាស់លាស់មួយនេះបានបង្កឲ្យមានការបកស្រាយទៅលើអ្វីដែលគេចាត់ទុកថា «មិនត្រូវការ» នៅស្របពេលដែលមានការបញ្ជាក់លម្អិតអំពីការផាកពិន័យ និងរយៈពេលជាប់ពន្ធនាគាររហូតដល់៦ឆ្នាំសម្រាប់អ្នកប្រព្រឹត្តបទល្មើសម្តងហើយម្តងទៀត។
អ្នកតំណាងផ្នែកសិទ្ធិសាធារណៈក្នុងប្រទេសរុស្ស៊ី លោកស្រី Ella Pamfilova នាសប្តាហ៍នេះ បានរិះគន់ច្បាប់ថ្មីមួយនេះថា មិនមានមូលដ្ឋានច្បាប់គ្រប់គ្រាន់។ លោកស្រីបាននិយាយថា អំណាចនៅក្នុងការប្រកាសថាអង្គការនានាគឺ«មិនត្រូវការ» ដោយមិនបានឆ្លងកាត់តុលាការ គឺប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ហើយលោកស្រីបានរិះគន់ការដែលមិនអនុញ្ញាតឲ្យមានបណ្តឹងឧទ្ធរណ៍។
អ្នកធ្វើយុទ្ធនាការប្រឆាំងអំពើពុករលួយក្នុងប្រទេសរុស្ស៊ី លោក Alexei Navalny កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា លោកមានជំនឿថា ច្បាប់នោះនឹងបន្ថែមការដាក់កំហិតនានាលើអ្វីដែលធ្លាប់មានពីមុន ក្នុងគោលបំណងរក្សាតំណែងរបស់លោកពូទីន។ លោកបាននិយាយដូច្នេះ នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយនៅការិយាល័យវីអូអេនៅក្រុងមូស្គូ។
លោកបាននិយាយថា៖ «ខ្ញុំគិតថា វាមានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងការបោះឆ្នោតឆ្នាំ២០១៥ និងឆ្នាំ២០១៦។ សម្រាប់រដ្ឋាភិបាលក្រុងក្រឹមឡាំង (Kremlin) វាពិតជាមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការកម្ចាត់អង្គការក្រៅរដ្ឋាភិបាលណា ដែលមិនត្រឹមតែអាចផ្តល់ហិរញ្ញប្បទាន ប៉ុន្តែថែមទាំងអាចបង្កើតនូវកម្មវិធីផ្សេងៗ អាចប្រមូលផ្តុំមនុស្ស ឬដើរតួជាមជ្ឈមណ្ឌលប្រមូលផ្តុំអ្នកចេះដឹងផ្សេងៗ។ លោកពូទីនចង់កម្ចាត់រាល់រចនាសម្ព័ន្ធដែលរៀបចំឡើងនេះ»។
ក៏ប៉ុន្តែលោក Navalny បានបកស្រាយបន្តថា លោកគិតថា ចំណាត់ការរបស់រដ្ឋាភិបាលក្រឹមឡាំងមិនមែនសុទ្ធតែដើម្បីផលប្រយោជន៍ទាំងស្រុងនោះទេ។
លោកបានមានប្រសាសន៍ទៀតថា៖ «ខ្ញុំគិតថា វាជាផ្នែកមួយនៃការសង្ស័យរបស់លោកពូទីន និងបក្សពួករបស់លោក»។ ដំបូងបង្អស់នោះគឺបណ្តាញសម្ងាត់ ដែលនៅតែជឿថា លុយរបស់បរទេសបានហូរទៅក្រុមប្រឆាំង។ ពួកគេនៅតែមិនជឿថា បាតុកម្មនៅក្រុងមូស្គូនៅឆ្នាំ២០១១ និងឆ្នាំ២០១២ បានកើតឡើងដោយសារតែអំពើពុករលួយរបស់លោកពូទីននោះទេ»។
លោក Navalny គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំចម្បងៗនៃបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលបានតវ៉ានឹងការបន្តកាន់អំណាចរបស់លោកពូទីន ដោយបានដឹកនាំការប្រមូលផ្តុំតាមដងផ្លូវដែលមានមនុស្សច្រើនជាង១០០.០០០នាក់។ លោកត្រូវបានចាប់ខ្លួនជាញឹកញយ ហើយទើបតែត្រូវបានដោះលែងពីការឃុំខ្លួននៅក្នុងផ្ទះ។
អ្នកគាំទ្រលោកពូទីន បាននិយាយថា បទបញ្ជាដែលកាន់តែតឹងរឹងជាងមុននេះ នឹងរារាំងកងកម្លាំងបស្ចឹមប្រទេសមិនឲ្យបង្កបដិវត្តន៍ប្រឆាំងនឹងរដ្ឋាភិបាលក្រឹមឡាំង។
នៅក្នុងឆ្នាំ២០១២ ពួកគេបានអនុម័តច្បាប់មួយដែលអនុញ្ញាតឲ្យមានការដាក់ឈ្មោះក្រុមណាមួយដែលទទួលមូលនិធិពីបរទេស និងជាប់ពាក់ព័ន្ធជាមួយនឹងសកម្មភាពណាមួយដែលគេយល់ឃើញថាជារឿងនយោបាយថាជាក្រុម«ទីភ្នាក់ងារបរទេស»។
អង្គការប្រមាណ៦៤ ត្រូវបានចាត់ចូលក្នុងក្រុម«ទីភ្នាក់ងារបរទេស» នេះហើយត្រូវចុះឈ្មោះជាទីភ្នាក់ងារបរទេស បើមិនដូច្នោះទេ ពួកគេនឹងត្រូវបង់ប្រាក់ពិន័យរាប់សិបពាន់ដុល្លារ។
នាយកកម្មវិធីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch លោកស្រី Tanya Lokshina និយាយថា អង្គការមួយចំនួនធំបានបិទទ្វារ ដោយសារតែការចុះឈ្មោះដូច្នោះ ដែលមានន័យជាប្រយោលថាជាចារជនឬជនក្បត់ជាតិ។
«ច្បាប់ថ្មីផ្តោតគោលដៅលើអង្គការដែលគេមិនត្រូវការ គឺពិតជាផ្នែកមួយនៃនិន្នាការគាបសង្កត់ ហើយប្រឆាំងនឹងសំឡេងឯករាជ្យ ប៉ុន្តែច្បាប់នេះគាបសង្កត់កាន់តែខ្លាំងមួយកម្រិតទៀត។ ស្របពេលដែលច្បាប់នេះមានគោលបំណងរារាំងអង្គភាពបរទេស និងអន្តរជាតិមិនឲ្យបង្កផលប៉ះពាល់ដល់សន្តិសុខជាតិ យើងឃើញកាន់តែច្បាស់ណាស់ថា ច្បាប់នោះនឹងបំបិទមាត់អង្គភាព និងសកម្មជននានានៅរុស្ស៊ី ហើយកាត់ផ្តាច់ពួកគេពីបណ្តាញអន្តរជាតិ ពីមិត្តភក្តិ និងដៃគូរបស់ពួកគេ និងពីសហគមន៍អន្តរជាតិ»។
លោកស្រីបានបន្តថា ច្បាប់លើអង្គភាពដែលមិនត្រូវការនេះ គឺជាផ្នែកមួយនៃការបង្រ្កាបទៅលើសំឡេងឯករាជ្យ ដែលបានធ្វើឡើងប្រឆាំងនឹងការវិលចូលកាន់តំណែងរបស់លោកពូទីនក្នុងរដ្ឋាភិបាលក្រឹមឡាំងកាលពីបីឆ្នាំមុន។
រដ្ឋាភិបាលក្រឹមឡាំងក៏បានបញ្ឆេះឲ្យមានយុទ្ធនាការមួយដើម្បីដាក់ឈ្មោះក្រុមអ្នករិះគន់ខ្លួនជាផ្នែកមួយនៃ«ជួរទីប្រាំ» ក្នុងចំណោមជនក្បត់ជាតិ ដែលក្នុងនោះរួមមានមេដឹកនាំក្រុមប្រឆាំងដ៏ល្បីដែលមានដូចជា លោក Navalny ជាដើម។
ក្រសួងយុត្តិធម៌របស់រុស្ស៊ីនាសប្តាហ៍នេះ បានដាក់ក្រុមវិទ្យាសាស្រ្តឈានមុខគេមួយឈ្មោះ Dynasty Foundation ចូលទៅក្នុងបញ្ជី«ទីភ្នាក់ងារបរទេស» របស់ខ្លួន។
ក្រុមមន្រ្តីបានការពារចំណាត់ការរបស់ខ្លួននេះ ដោយនិយាយថា ការដាក់ចូលក្នុងបញ្ជីនោះមិនបានបង្កការគំរាមកំហែងទៅលើវត្តមានរបស់អង្គការណាមួយទេ ហើយគ្រាន់តែទាមទារឲ្យមានតម្លាភាពក្នុងការផ្តល់ប្រាក់ពីបរទេសតែប៉ុណ្ណោះ។
អ្នកជំនួញជនជាតិរុស្ស៊ីដែលដឹកនាំអង្គការ Dynasty បានប្រាប់ទៅទីភ្នាក់ងារសារព័ត៌មាន Interfax ថា លោកនឹងបញ្ឈប់ការផ្តល់ប្រាក់ឲ្យមូលនិធិនេះ ដោយសារតែវាជាប់ឈ្មោះថាជា«ទីភ្នាក់ងារបរទេស»៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា