ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​កម្ពុជា​បញ្ជូន​សេដ្ឋី​អចលន​ទ្រព្យ​រុស្ស៊ី​ទៅ​ប្រទេស​រុស្ស៊ីវិញ​នៅ​ថ្ងៃ​អាទិត្យ


Sergei Polonsky ត្រូវ​បាន​អម​ដោយ​ប៉ូលីស​អន្តោប្រវេសន៍​ មុន​ពេល​ត្រូវ​បញ្ជូន​ចេញ​ពី​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា​ ឆ្នាំ​២០១៥។​ (រូប​ភាព​ពី​ គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ)
Sergei Polonsky ត្រូវ​បាន​អម​ដោយ​ប៉ូលីស​អន្តោប្រវេសន៍​ មុន​ពេល​ត្រូវ​បញ្ជូន​ចេញ​ពី​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា​ ឆ្នាំ​២០១៥។​ (រូប​ភាព​ពី​ គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ)

មហា​សេដ្ឋី​អចលន​ទ្រព្យ​ជនជាតិ​រុស្សី​ លោក សេហ្គេ ប៉ូឡូនស្គី​ ត្រូវបាន​អាជ្ញាធរ​ប្រទេស​កម្ពុជា​ បញ្ជូនចេញ​ទៅ​កាន់​ប្រទេស​រុស្សីវិញ​ហើយ​ កាល​ពី​ព្រឹក​ថ្ងៃអាទិត្យ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​កម្ពុជា។​

ការបញ្ជូន​ចេញ​មហា​សេដ្ឋី​រុស្សី អាយុ៤៣ ឆ្នាំ​ដែល​មានប្រាក់​រាប់​លាននេះ ធើ្វឡើង​ក្រោយ​ពី​សមត្ថកិច្ច​កម្ពុជា​បាន​ចាប់​រូបលោក និងបក្ស​ពួក៥​នាក់​ផ្សេងទៀត​ កាលពី​ថ្ងៃសុក្រ​កន្លង​ទៅ​នេះ​ដោយ​សារ​តែ​ទិដ្ឋាការ​ស្នាក់នៅ​របស់​លោក​ហួស​កំណត់​រយះ​ពេល​ជាងពីរ​ឆ្នាំ​គឺគិតចាប់​តាំងពី​ឆ្នាំ​២០១៣មក។

​លោក អ៊ុក​ ហៃសីលា​ ប្រធាន​នាយក​ដ្ឋាន​ ផ្នែក​ស៊ើបអង្កេត​ អនុវត្ត​នីតិ​វិធីនៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​ បាន​មាន​ប្រសាសន៍​ប្រាប់​ វីអូអេ​ថា​ លោក សេហ្គ ប៉ូឡូនស្គី​ បាន​ចេញដំណើរ​ពីប្រទេស​កម្ពុជា​តាម​ជើងហោះ​អង្គរអ៊ែ ឆ្ពោះ​ទៅកាន់​ ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​ដើម្បី​បន្ត​ដំណើរ​ទៅ​ទីក្រុងម៊ូស្គូ។​

លោកនិយាយថា៖ «បាទ​បញ្ជូន​ព្រឹកមិញ​ម៉ោង៧​ ២០នាទី។​ [ចេញ]តាម​ជើងយន្តហោះ​ K6821អង្គរ​អ៊ែពី​កម្ពុជា​ទៅ​ ហូជីមិញ​ ចេញពីហូជី​មិញទៅ​ម៊ូស្គូ»។​

ការចាប់​ខ្លួន​ និង​ការបញ្ជូន​ចេញ​មហាសេដ្ឋី​ដែល​មាន​កោះផ្ទាល់ខ្លួន​នៅក្នុង​ខេត្តព្រះសីហនុ​នេះ​ ក៏ត្រូវ​បាន​ធ្វើឡើង​ បន្ទាប់​ពីក្រសួង​ការ​បរទេស​កម្ពុជា​ស្នើរ​ឲ្យ​ក្រសួង​យុត្តិធម៌​ធ្វើការ​ពិនិត្យ​មើល​សំណុំរឿង​សេដ្ឋី​រូប​នេះ​តាមការ​ស្នើសុំ​ធ្វើ​បត្យាប័ន​របស់​រដ្ឋាភិបាល​រុស្សី​ផងដែរ​។

លោក សេហ្គេ ប៉ូឡូនស្គី​ ដែល​ជា​មហា​សេដ្ឋី​អចលន​ទ្រព្យ​នៅប្រទេស​រុស្សី​ត្រូវបាន​រដ្ឋាភិបាល​ប្រទេស​នេះ​ប្រកាស​តាម​ចាប់​ខ្លួន​ពីបទ​ឆរបោក​លុយ​រាប់លាន​ដុល្លារ។​រដ្ឋាភិបាល​ប្រទេសរុស្សី​ធ្លាប់​បាន​ស្នើរឲ្យ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ ចាប់​បញ្ជូន​ជននេះ​ត្រឡប់​ទៅរុស្សី​វិញ ប៉ុន្តែ​មិនមាន​ការ​ចាប់​បញ្ជូន​នោះទេ​ក្នុងពេល​កន្លងមក។​

អាជ្ញាធរ​កម្ពុជា​កំពុង​ធ្វើការ​លើ​ការបញ្ជូន​ចេញជន​ប្រាំនាក់ផ្សេងទៀត​ ដែលជា​បក្សពួក​លោក សេហ្គេ ប៉ូឡូនស្គី​ យ៉ាងយូរ​ក្នុង​មួយ​សប្តាហ៍​ខាង​មុខ​នេះ នេះ​បើ​តាម​ការ​បញ្ជាក់​ពីលោក អ៊ុក ហៃសីលា។​

លោកនិយាយថា៖ «ប្រាំ​នាក់​ទៀត​យើង​ក៏បណ្តេញ​ដូច​រូបគាត់ [សេហ្គេ ប៉ូឡូនស្គី​] ​អញ្ជឹងដែរប៉ុន្តែ​យើង​រង់ចាំ​លិខិត​បើក​ផ្លូវ​ដើម្បី​បញ្ជូន​គាត់​ចេញ​ដែរ។​ អាច​ក្នុងសប្តាហ៍​ក្រោយ​ព្រោះ​ថ្ងៃនេះ​ ថ្ងៃអាទិត្យ​ហើយ។ យើង​បាន​ទាក់ទង​ទៅស្ថានទូត​រួចហើយ​ បើគេបញ្ចេញ​លិខិតបើក​ផ្លូវនៅពេលណា​យើង​នឹង​បញ្ជូន​ចេញ​នៅ​ពេលហ្នឹង»។​

លោក អ៊ុក ហៃសីលា ពន្យល់​ថា ការបញ្ជូន​ចេញលោក សេហ្គេ ប៉ូឡូនស្គី​ ហើយនិងការ​ត្រៀម​បញ្ជូនចេញ​ ពលរដ្ឋជាតិរុស្សី​ទាំងអស់​នេះ គឺ​ដោយសារ​ តែ​សកម្មភាព​របស់​ពួកគេ​អាចធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិជាតិ​ ពីព្រោះ​ពួកគេ​បាន​បង្កើត​ក្រុមអង្គរក្ស​ប្រដាប់​អាវុធ​ដោយ​ខ្លូនឯង។

លោកបន្ថែមថា៖ «ក្នុង​ប្រកាស​បណ្តេញ​ចេញ​យើង​ដាក់​ថា​ មាន​សកម្មភាព​ធ្វើឲ្យ​ប៉ះពាល់​ដល់សន្តិសុខ​ជាតិ អញ្ជឹង​យើង​ត្រូវ​តែ​អត់​ឲ្យ​គាត់​នៅ​កម្ពុជា យើង​បញ្ជូន​គាត់​ចេញ​ពី​ប្រទេស​កម្ពុជា​។​ សកម្មភាព​គាត់​ដូចជា​បង្កើតក្រុម​អង្គរក្ស​ខ្លួនឯង​មាន​ប្រដាប់​អាវុធ»។​

កាល​ពី​ដើម​សប្តាហ៍នេះ​ក្រសួង​ការបរទេស​បាន​ផ្ញើរ​លិខិត​ផ្លូវការ​ទៅ​ក្រសួង​យុត្តិធម៌​ស្នើ​ឲ្យ​មានការ​ពិចារណា​និង​ចាត់​វិធានការ​ទៅ​លោក សេហ្គេ ប៉ូឡូនស្គី។

មហា​សេដ្ឋីរូប​នេះ ដែល​ធ្លាប់​មាន​ប្រវត្តិ​រឿង​អាស្រូវ​ជាច្រើន​លើក​ច្រើន​សារ​នៅក្នុងប្រទេស​កម្ពុជា មក​ហើយ​នោះ ​ធ្លាប់ត្រូវបាន​អាជ្ញាធរចាប់ខ្លួន​ជា​ញឹកញាប់​តាំង​ពី​ឆ្នាំ២០១៣មក៕

XS
SM
MD
LG