មេដឹកនាំប្រឆាំងរបស់រុស្ស៊ីលោក Alexey Navalny បានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យជាបន្ទាន់កាលពីថ្ងៃព្រហស្បតិ៍ក្រោយពីលោកបានធ្លាក់ខ្លួនឈឺភ្លាមៗពេលធ្វើដំណើរលើយន្តហោះ ដែលព្រឹត្តិការណ៍នេះត្រូវអ្នកនាំពាក្យរបស់លោកពិពណ៌នាថាទំនងជាការបំពុលដោយចេតនា។
លោក Navalny អាយុ៤៤ឆ្នាំត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅក្នុងទីក្រុង Omsk នៅតំបន់ស៊ីបេរី ដែលនៅទីនោះគ្រូពេទ្យបានដាក់ថ្នាំសន្លប់និងភ្ជាប់ទៅម៉ាស៊ីនបញ្ចូលខ្យល់។
លោក Navalny បានធ្វើដំណើរត្រឡប់ទៅផ្ទះលោកនៅទីក្រុងមូស្គូនៅពេលលោកធ្លាក់ខ្លួនឈឺ ដែលបានបង្ខំឲ្យអ្នកបើកបរយន្តហោះចុះចតជាបន្ទាន់។ ក្នុងវីដេអូរបស់អ្នកដំណើរម្នាក់ដែលបានចែកចាយតាមបណ្តាញ Telegram គេអាចឮសំឡេងសម្រែកចេញពីបង្គន់យន្តហោះ។
អ្នកនាំពាក្យលោក Navalny គឺអ្នកស្រី Kira Yarmysh សរសេរនៅក្នុងសារ Twitter ថាមេដឹកនាំប្រឆាំងរុស្ស៊ីនៅមុនការធ្លាក់ខ្លួនឈឺភ្លាមៗនោះបានផឹកតែទឹកតែប៉ុណ្ណោះ។
ការសង្ស័យថាលោក Navalny ត្រូវបានបំពុលកាលពីថ្ងៃព្រហស្បតិ៍ បាននាំឲ្យមានមន្ទិលផ្សេងៗគ្នាថាតើសត្រូវនយោបាយរបស់លោក ជាពិសេសវិមានក្រឹមឡាំង នឹងបានប្រយោជន៍អ្វីពីការវាយប្រហារបែបនេះ ដែលមនុស្សជាច្រើនទំនងនឹងបន្ទោសលោកប្រធានាធិបតី Vladimir Putin ថានៅពីក្រោយនោះ។
ប៉ុន្តែវិមានក្រឹមឡាំងកន្លងមកបានបដិសេធការជាប់ទាក់ទងនឹងការវាយប្រហារលើថ្នាក់ដឹកនាំក្រុមប្រឆាំងហើយអ្នកនាំពាក្យក្រឹមឡាំងលោក Dmitry Pesko និយាយលោកកំពុងតាមដានស្ថានភាពសុខភាពលោក Navalny និងជូនពរលោកឲ្យឆាប់ជាសះស្បើយ។
ប៉ុន្តែភរិយាលោក Navalny គឺលោកស្រី Yulia Navalny និងគ្រូពេទ្យផ្ទាល់ខ្លួនម្នាក់ដែលបានធ្វើដំណើរមកដល់មន្ទីរពេទ្យនោះកាលរសៀលពីថ្ងៃព្រហស្បតិ៍មិនត្រូវបានគេអនុញ្ញាតឲ្យចូលជួបលោកទេ។ នេះបើតាមអ្នកនាំពាក្យលោក Navalny៕