ទីភ្នាក់ងារព័ត៌មានអេភី (AP) បានរាយការណ៍មកថា ក្រុមអ្នកនយោបាយរុស្ស៊ីបានជួបជាមួយប្រធានាធិបតីស៊ីរី លោក Bashar Assad ដែលអារម្មណ៍របស់គាត់ត្រូវគេពិពណ៌នា ថាល្អធម្មតា មួយថ្ងៃបន្ទាប់ពីមានការវាយប្រហារតាមអាកាសរបស់ក្រុមសម្ព័ន្តមិត្តបស្ចិមប្រទេស។
បើតាមទស្សនៈរបស់លោក អាសាដ បានឲ្យដឹងថា ការវាយប្រហារតាមអាកាសដែល ជាការឆ្លើយតបទៅនឹងការចោទប្រកាន់ ពីការដែលកងទ័ពស៊ីរីបានប្រើប្រាស់អាវុធគីមីវាយប្រហារក្នុងក្រុង Douma នោះ នឹងធ្វើឲ្យប្រទេសលោកមានសាមគ្គីភាព។ នេះបើយោងតាមលោក Dmitry Sablin សមាជិកសភាជាន់ទាបរបស់រុស្ស៊ី ដែលត្រូវបានសារព័ត៌មានរុស្ស៊ីដកស្រង់សំដីមកផ្សព្វផ្សាយ។
អភិបាលរដ្ឋក្នុងតំបន់ Khanty-Mansiysk នៃប្រទេសរុស្ស៊ី គឺលោកស្រី Natalya Komarova ក៏បានចូលរួមក្នុងកិច្ចប្រជុំនៅថ្ងៃអាទិត្យនោះដែរ។ លោកស្រីថ្លែងថា លោកប្រធានាធិបតី អាសាដ មានអាកប្បកិរិយាវិជ្ជមាន និងមានអារម្មណ៍ល្អ។
លោកស្រី Sablin ត្រូវគេដកស្រង់សំដីមកបញ្ជាក់បន្ថែមថាលោក អាសាដ បានប៉ាន់ប្រមាណថា នឹងចំណាយលុយ៤០០លានដុល្លារក្នុងការកសាងប្រទេសឡើងវិញបន្ទាប់ពីសង្គ្រាម៕