ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក អង់គ្លេស និង​បារាំង បើក​ការ​បាញ់​សង្គ្រប់​លើ​ទីតាំង​​អាវុធ​គីរី​របស់​ស៊ីរី


យន្តហោះ​ចម្បាំង​ត្រៀមចុះចតនៅ​ឯ RAF Akrotiri ជាមូលដ្ឋានយោធា​ចក្រភពអង់គ្លេសនៅប្រទេស Cyprus កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨។

យន្តហោះ​ចម្បាំង​និង​នាវា​កងទ័ព​ជើង​ទឹក​របស់​បស្ចិម​ប្រទេស បាន​បាញ់​គ្រាប់​មីស៊ីលផ្លោង​លើ​ទីតាំង​ស្តុក​អាវុធ​គីមី​៣កន្លែង​របស់​ប្រទេស​ស៊ីរី។ ការ​បាញ់​នេះ អាច​ក្លាយ​ជា​យុទ្ធនាការ​ជា​បន្តបន្ទាប់ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ស៊ីរី គឺ​លោក Bashar al-Assad និង​អ្នក​គាំទ្រ​របស់​លោក។

មន្ត្រី​យោធា​អាមេរិក បាន​និយាយ​ថា ការ​បាញ់​បង្គ្រប់​ដែល​ធ្វើ​ឡើង​រួម​គ្នា​ជាមួយ​ប្រទេស​អង់គ្លេស​និង​បារាំង​ផង​នេះ បាន​ចាប់​ផ្ដើម​នៅ​ម៉ោង​៩​យប់​ថ្ងៃ​សុក្រ ម៉ោង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ ការ​បាញ់​មីស៊ីល​ផ្លោង​ជាង​១០០​គ្រាប់​នេះ បាន​តម្រង់​គោលដៅ​ទៅ​លើ​ទីតាំង​ស្តុក​អាវុធ​គីមី​ក្នុង​រដ្ឋធានី Damascus និង​ក្រុង​Homs របស់​ប្រទេស​ស៊ីរី។

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក គឺ​លោក Jim Mattis បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ប្រចាំ​នៅ​ក្រសួង​ការពារ​ជាតិ​អាមេរិក​កាល​ពី​យប់​ថ្ងៃ​សុក្រ​ថា «‍ពេល​នេះ​គឺ​ជា​បាញ់​តែ​ម្ដង​គត់» ប៉ុន្តែ​លោក​បាន​ព្រលយ​ថា អាច​នឹង​មាន​ការ​វាយប្រហារ​បន្ថែម​ទៀត។

ការ​សម្រេចចិត្ត​វាយប្រហារ​ទៅ​លើ​ទីតាំង​អាវុធ​គីមី​របស់​ស៊ី​រី​នេះ​ ធ្វើ​ឡើង​ ក្រោយពី​មាន​ការ​ពិគ្រោះ​យោបល់​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ក្រុង​ឡុងដ៍​និង​ក្រុង​ប៉ារីស ហើយ​ការណ៍​នេះ កើត​ឡើង​បន្ទាប់​ពី​ក្រុម​មន្ត្រី​យោធា​និង​មន្ត្រី​ស៊ើបការណ៍​សម្ងាត់ បាន​សន្និដ្ឋាន​ថា ​រដ្ឋាភិបាល​របស់​លោក Assad ពិត​ជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​ដោយ​អាវុធគីមី​ទៅលើ​ទីប្រជុំជន Douma ក្នុង​ប្រទេស​ស៊ីរី​កាល​ពី​ថ្ងៃ​សៅរ៍​ សប្ដាហ៍មុន ដែល​ការ​វាយប្រហារ​នោះ បាន​សម្លាប់​មនុស្ស​អស់​ជាង​៤០​នាក់ រួម​ទាំង​ស្ត្រី​និង​កុមារ​ផង ហើយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​រយ​នាក់​ទៀត ធ្លាក់ខ្លួន​ឈឺ។

ប៉ុន្តែ មន្ត្រី​ស៊ីរី បាន​បន្ត​បដិសេធ ថា​កងកម្លាំង​របស់​ខ្លួន មិន​បាន​ប្រើប្រាស់​អាវុធ​គីមី​នោះ​ទេ៕

XS
SM
MD
LG