ប្រទេសរុស្សីបានអនុម័តការបកស្រាយថ្មីមួយនៃគោលគំនិតយោធារបស់ខ្លួនដោយកត់សម្គាល់អង្គការអូតង់និងស.រ.អ.ថាជាការគំរាមកំហែងធំដល់សន្តិសុខជាតិរបស់ខ្លួន។
លោកប្រធានាធិបតី Vladimir Putin បានយល់ព្រមដល់គោលគំនិតថ្មីនេះកាលពីថ្ងៃសុក្រ។ ស្នូលនៃគោលគំនិតនេះគ្មានការកែប្រែពីការបកស្រាយមុនទេ។ ផ្នែកថ្មីៗបានបង្ហាញពីការគំរាមកំហែងដែលរុស្សីឃើញនៅក្នុងការពង្រីកអង្គការអូតង់និងការបង្កើនខាងយោធារបស់អង្គការនេះនិងវិធានការរបស់សម្ព័ន្ធភាពនេះក្នុងការធ្វើអ្វីដែលរុស្សីចាត់ទុកថាជា «មុខងារសាកលត្រូវធ្វើទ្បើងដោយរំលោភលើច្បាប់អន្តរជាតិ»។
មន្ត្រីម្នាក់នៃសម្ព័ន្ធអូតង់បាននិយាយប្រាប់វីអូអេថា«អង្គការអូតង់មិនបានគំរាមកំហែងប្រទេសរុស្សីឬប្រទេសជាតិណាមួយទេ។ វិធានការទាំងទ្បាយណាដែលអូតង់បានធ្វើដើម្បីឱ្យមានភាពប្រាកដប្រជាអំពីសន្តិសុខនៃសមាជិករបស់ខ្លួនដោយមានលក្ខណៈការពារច្បាស់លាស់ ទៅតាមសមាមាត្រហើយត្រឹមត្រូវតាមច្បាប់អន្តរជាតិ។ ជាការពិតជាក់ស្តែង គឺសកម្មភាពរបស់រុស្សីដោយមានរួមទាំងសកម្មភាពបច្ចុប្បន្ននៅក្នុងប្រទេសអ៊ុយក្រែនដែលជាការរំលោភលើច្បាប់អន្តរជាតិនិងជាការធ្វើឱ្យអន្តរាយដល់សន្តិសុខនៃទ្វីបអឺរ៉ុបផងដែរ»។
អង្គការអូតង់បានបញ្ជាក់ជាថ្មីទៀតថាខ្លួនចង់បន្តស្វះស្វែងឱ្យមានទំនាក់ទំនងមួយប្រកបដោយការស្ថាបនាជាមួយប្រទេសរុស្សី «ក៏ប៉ុន្តែរឿងនេះអាចធ្វើបានលុះត្រាតែប្រទេសរុស្ស៊ីមួយនេះគោរពតាមច្បាប់អន្តរជាតិនិងគោលការណ៍អន្តរជាតិ ដោយមានរួមបញ្ចូលសិទ្ធិរបស់ប្រទេសជាតិនានាក្នុងការជ្រើសរើសអនាគតពួកគេដោយសេរី»៕