ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ហាងអាហារ McDonald's ប្រារព្ធ​ខួប​ ៣០​ឆ្នាំ​នៅ​រុស្ស៊ី


រូបភាពទាញពីវីដេអូបង្ហាញពីពលរដ្ឋរុស្ស៊ីឈររង់ចាំមុខហាងអាហារ McDonald's អំឡុងពេលសម្ពោធហាងលើកដំបូង។ (Video Screenshot)

ហាង​អាហារ​ចម្អិន​ស្រាប់​ McDonald's របស់​សហរដ្ឋអាមេរិក​បាន​ប្រារព្ធ​លើក​ទី ៣០​ឆ្នាំ ចាប់​តាំង​ពី​ពេល​ដែល​ហាង​នេះ​បើកទ្វារ​ទទួល​ភ្ញៀវ​ដំបូង​នៅ​ក្រុង​មូស្គូ ដែល​ការ​ប្រារព្ធ​នេះ​មាន​ប្រកប់ដោយ​អត្ថន័យ​មួយ​ចាប់​តាំង​ពី​ការ​ផ្លាស់ប្តូរ​ពី​របប​កុម្មុយនីស្ត​របស់​សហភាព​សូវៀត។

ប៉ុន្តែ​អ្វី​ជា​ឧបសគ្គ​ដល់​ការ​អបអរសាទរ​ខួប​ ៣០​ឆ្នាំ គឺ​ការ​ព្រួយបារម្ភ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ការ​រីកសាយភាយ​នៃ​មេរោគ​កូរ៉ូណា ឬ COVID-19 ​នៅ​ប្រទេស​ចិន​ដែល​នៅ​ជិតខាង។ ​

នៅ​ថ្ងៃ​ប្រារព្ធ​ខួប​នោះ​ ហាង​អាហារ​ McDonald's បាន​ដាក់​លក់​អាហារ​ក្នុង​តម្លៃ​ដូច​កាល​នៅ​ជំនាន់​សហភាព​សូវៀត​ដោយ​លក់​នំប៉័ង​ហាំបឺហ្គឺ​មួយ​នៅ​ក្នុង​តម្លៃ៣​រូប្លិ៍ ដែល​ជា​តម្លៃ​ដើម​នៅ​ក្នុង​ឆ្នាំ ១៩៩៣។ យ៉ាងណា​ក្តី​ កម្មវិធី​នោះ​ត្រូវ​បាន​លុប​ចោល​វិញ ពីព្រោះ​រដ្ឋាភិបាល​រុស្ស៊ី​ព្រួយបារម្ភ​ថា ការ​តម្រង់ជួរ​ទិញ​នំប៉័ង​ហាំបឺហ្គឺ​អាច​បង្ក​ហានិភ័យ​ដល់​សុខភាព។ ​

ដូច្នេះកូប៉ុង​ត្រូវ​បាន​ផ្តល់​ឲ្យ​ជំនួស​វិញ​សម្រាប់​មនុស្ស​រាប់​ពាន់​នាក់​ដែល​បាន​មក​ចូល​រួម​កម្មវិធី​នេះ។

នំប៉័ង​ហាំបឺហ្គ័រ​ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ

ស្លាក​យីហោ​អក្សរ "M” របស់​ហាង​ McDonald's បាន​បញ្ចេញ​ពន្លឺ​ដំណើរការ​ដំបូង​នៅ​ទីលាន​ Puskhin ដើម្បី​ផ្តល់​សេវាកម្ម​ដល់​អតិថិជននៅ​ថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ​១៩៩០។

ពលរដ្ឋ​រុស្ស៊ី​ចំនួន​ប្រមាណ ៣៨.០០០​នាក់​បាន​តម្រង់ជួរ​រាប់​ម៉ោង​ដើម្បី​អាច​ភ្លក្ស​នូវ​អ្វី​ដែល​ពួកគេ​មិនធ្លាប់​បាន​ទទួលទាន​ពី​មុន​មក ដែល​នោះ​គឺ​នំប៉័ង​ហាំបឺហ្គឺ​របស់​ហាង McDonald's។

អ្នកស្រី​ Elena Nikolaevna អាយុ ៧៨​ឆ្នាំ អតីត​កម្មករ​រោងចក្រ​ម្នាក់ ដែល​បាន​មក​ចូលរួម​អបអរសាទរ​ខួបទី​ ៣០​របស់​ហាង McDonald's បាន​និយាយ​ថា «អ្វី​ដែល​ខ្ញុំ​នៅ​ចាំ​នោះ​គឺ​ យើង​បាន​រង់ចាំ​យ៉ាង​យូរ»។

ដោយ​រំឭក​ពី​ការ​ទទួលទាន​នំប៉័ង​ហាំបឺហ្គឺ​ដំបូង មួយ​ខែ​បន្ទាប់​ពី​ហាង​ McDonald's សម្ពោធ​លើក​ដំបូង លោក Andrey អាយុ ៥៣​ឆ្នាំ បាន​និយាយ​ថា «ខ្ញុំ​មាន​អារម្មណ៍​ថា ដូច​ចាំ​ហូប​សហរដ្ឋអាមេរិក​ទាំង​មូល​អញ្ចឹង។ ជួរ​អ្នក​ចាំ​ទិញ​គឺ​វែង​ណាស់»។

ការ​បើក​សម្ពោធ​ហាង McDonaldនៅ​ក្រុង​មូស្គូ​បាន​កំណត់​ជា​កំណត់ត្រា​មួយ​សម្រាប់​ហាង​អាហារ​នេះ ដែល​មាន​ចំនួន​អតិថិជន​ចូល​ទិញ​ច្រើន​បំផុត​ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ។

ការ​សម្ពោធ​ហាង​អាហារ​នោះ​គឺ​ផ្សារ​ភ្ជាប់​ទៅ​នឹង​បំណង​របស់​ពលរដ្ឋ​រុស្ស៊ី​សម្រាប់​កំណែទម្រង់​ទីផ្សារ​បែប​បស្ចឹមលោក​ ក្រោម​ផែនការ​កំណែទម្រង់​ខ្នាតធំ​របស់​អតីត​មេដឹកនាំ​លោក Mikhail Gorbachev។ ​

ដោយ​ត្រូវ​បាន​បញ្ចេញ​ជា​សាធារណៈ​ដំបូង​នៅ​ឆ្នាំ ១៩៨៦ ផែនការ​កំណែទម្រង់​ខ្នាតធំ​បាន​នាំ​ឲ្យ​មាន​ការ​បើកចំហ​ថ្មី​មួយ​សម្រាប់​សង្គម​សូវៀត និង​បាន​នាំ​យក​នូវ​មាគ៌ា​បែប​ជឿនលឿន​មួយ​ ឆ្ពោះ​ទៅ​កាន់​ការ​ស្តារ​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​ផែនការ​ប្រកបដោយ​កំហុស​របស់​សហភាព​សូវៀត​ផងដែរ។

ទិដ្ឋភាព​នៅ​ទីលាន Pushkin ហាក់ដូចជា​បង្ហាញ​នូវភាព​ខុសគ្នា​ផ្សេងៗដូចជា ស្រប​ពេលដែល​មានកង្វះខាត​នូវគ្រឿង​សម្ភារៈ​សម្រាប់​តម្រូវការជា​ទូទៅ​នៅ​តាម​ហាង​លើក​គ្រឿងទេស​ផ្សេងៗ​នៅ​សហភាពសូវៀត​ ហាង McDonald's មិនដែល​អស់​អាហារ​ទាល់តែសោះ។ ​

អាថកំបាំង​នេះ​គឺ​ថា ក្រុមហ៊ុន McDonald's បាន​ចរចា​បង្កើតរោងចក្រ​ផ្គត់ផ្គង់​ឯកជន​មួយ​នៅ​សហភាពសូវៀត ដែល​មិន​ត្រូវ​បាន​គេ​ដឹងឮ​នា​គ្រា​នោះ​ ស្រប​ពេល​ដែល​វត្ថុធាតុ​ដើមផ្សេងទៀត​ប្រមាណ៨០​ភាគរយ​ដែលក្រុមហ៊ុន​ត្រូវការ​ ត្រូវនាំ​ចូល​ពី​ក្រៅ​ប្រទេស។​

ទោះ​បី​ជា​ដំណើរការ​នេះ​មាន​ប្រសិទ្ធភាព ប៉ុន្តែ​វា​មិនមែន​ជា​អ្វី​ដែល​ល្អ​ឥតខ្ចោះ​នោះ​ទេ៖ ក្រុមហ៊ុន McDonald's មាន​ដំណើរការ​ទៅ​មុខ​ទាំង​ខាតបង់។ បញ្ហា​នោះ​ក៏​បណ្តាល​មក​ពី​ទស្សនៈ​របស់​អតិថិជន​នា​សម័យ​សហភាព​សូវៀត​ផងដែរ ដោយសារ​តែ​អាហារ​នៅ​ហាង​ McDonald's នា​គ្រា​នោះ​មាន​តម្លៃ​ថ្លៃជាង​ប្រាក់ឈ្នួល​កន្លះ​ថ្ងៃ​របស់​កម្មករ​ទៅ​ទៀត។

“McCanada”

មាន​រឿង​មួយ​ទៀត​ដែលត្រូវបាន​គេ​ដឹង​ឬ​ជា​ទូទៅផងដែរ ​អំពី​ហាង​អាហារ​ស្លាក​សញ្ញា​ពី​សហរដ្ឋអាមេរិក​ ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ដំបូង​នៅ​សហភាព​សូវៀត​។ រឿង​នោះ​គឺ​ថា​ ហាង​ McDonald's នោះ​មក​ពី​ប្រទេស​កាណាដា​ទៅ​វិញ​ទេ។

នាយកប្រតិបត្តិ​របស់​ហាង McDonald's នៅ​កាណាដា លោក George Cohen ដែល​ជា​ជនជាតិ​អាមេរិកាំង​ ដើម​កំណើត​កាណាដា​ គឺជា​អ្នក​ដែល​ផ្តើម​គំនិត​បើក​ហាង McDonald's ដំបូង​នៅ​សហភាព​សូវៀត​ បន្ទាប់​ពី​នាំ​អ្នក​តំណាង​សហភាព​សូវៀត​មក​ហាង McDonald's អំឡុងពេល​កីឡា​អូឡាំពិក​ឆ្នាំ ១៩៧៦ នៅ​ក្នុងក្រុង Montreal។

ក្រុម​អ្នក​តំណាង​ទាំង​នេះ​ចូលចិត្ត​អាហារ​នៅ​ហាង McDonald's ហើយ​ពួកគេ​ថែមទាំង​សរសើរ​សេវាកម្ម​ថែមទៀតផង។

ពេល​នោះ​ក្រុង​មូស្គូ​កំពុងត្រៀម​ខ្លួនធ្វើ​ការ​ម្ចាស់ផ្ទះ​ រៀបចំ​កីឡា​អូឡាំពិក​រដូវ​ក្តៅ​នៅ​ឆ្នាំ ១៩៨០ផង​ដែរ ហើយ​កំពុង​តែ​ស្វែងរក​យុទ្ធសាស្រ្ត​នានា​ ដើម្បី​ផ្តល់​ឲ្យ​អ្នក​ទេសចរណ៍​បរទេ​នូវ​អាហារ​ចម្អិន​ស្រាប់​ ដែល​ពួកគេ​ស្គាល់​ និង​ចូលចិត្ត ប៉ុន្តែត្រូវ​រក្សា​កេរ្តិ៍ឈ្មោះ​របស់​ពួកគេផងដែរ។

​លោក Marc Carena នាយកប្រតិបត្តិ​ហាងMcDonald's នៅ​ប្រទេស​រុស្ស៊ី​នា​ពេល​បច្ចុប្បន្ន​ បាន​ប្រាប់ VOA ថា «ក្នុង​នាម​ជា​ក្រុមហ៊ុន​មក​ពី​កាណាដា​ យើង​បាន​ផ្តល់​នូវ​អ្វី​ដែល​មានភាព​អព្យាក្រឹត្យ​នៅ​ក្នុង​ដំណើរការ​រៀបចំ​ហាង​ទាំង​មូល»។

នយោបាយ​សង្រ្គាម​ត្រជាក់​ដែល​រួម​ទាំងសេចក្តីសម្រេច​របស់​សហរដ្ឋអាមេរិក​នៅ​ក្នុង​ការ​មិន​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្តៅ​ឆ្នាំ​ ១៩៨០ ដោយសារ​តែ​ការ​ចូល​លុកលុយ​របស់​រុស្ស៊ី​នៅ​អាហ្វហ្គានីស្ថាន នៅ​ទី​បំផុត​បាន​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​បរាជ័យ​នៅ​ដំណាក់កាល​ដំបូង។ ​

យ៉ាងណា​ក្តី រយៈពេល​ពីរបី​ឆ្នាំ​បន្ទាប់​មក បូករួម​និង​ការ​ចរចា​អស់រយៈពេល​រាប់ម៉ោង មេដឹកនាំរុស្ស៊ី​លោក Gorbachev បាន​អនុញ្ញាត​ឲ្យ​ហាងអាហារ McDonald's​បើក ដំណើរការ​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​របស់​លោក​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ។

លោក​ Carena បាន​និយាយ​ថា៖ «ការបើកហាង McDonald's គឺ​លើស​ពី​ការ​បើក​សម្ពោធ​ហាង​ធម្មតា​មួយ​ទៅ​ទៀត។ ហាង​នេះ​ជា​និមិត្តរូប​នៃ​ការ​បើក​ចំហ​របស់​សហភាព​សូវៀត​ទៅ​កាន់​បស្ចឹម​លោក»។

​សេវាកម្ម​ជាមួយ​ស្នាមញញឹម

ប្រសិនបើអ្នក​មើល​វីដេអូ​ឯកសារ​ចាស់ៗ ដែល​មាន​នៅ​លើ​គេហទំព័រ Youtube អ្នក​នឹង​មាន​អារម្មណ៍​ថា ដូចជា​ធ្វើ​ដំណើរ​ឆ្លង​កាត់ដំណាក់កាល​តាមពេលវេលា​មួយ ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​មូស្គូ និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។

នៅ​ក្នុង​បទសម្ភាសន៍​មួយ​អំឡុងពេល​សម្ពោធ​ហាង McDonald's ​អតិថិជន​វ័យក្មេង​ម្នាក់​និយាយ​ថា៖ «ពួកគេ​និយាយ​ថា បស្ចឹមលោក​អាក្រក់ ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​អាហារ​នេះ»។

លោក Georgi ដែល​ជា​អតីត​យុទ្ធជន​ចូលនិវត្តន៍​ម្នាក់​បាន​ប្រាប់ VOA ថា៖ «យើង​ចាប់​អារម្មណ៍​ទៅ​លើ​ជីវិត​បែប​ផ្សេង​មួយ​ និង​ថា​តើ​ជីវិត​នោះ​យ៉ាង​ដូចម្តេច​ទៅ»។

លោក​បាន​បន្ត​ថា «ហាង​ McDonald's ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ពិភពលោក​បើក​ទូលាយ​ជាង​មុន។ ប៉ុន្តែ​ឥឡូវ​នេះ​វា​មិន​ដូច​គ្នា​ទេ»។

លោក​ហាក់​ដូចជា​ចង់​សំដៅ​ទៅ​ស្ថានភាព​អន់ថយ​នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​រុស្ស៊ី ទោះ​បី​ជា​ធាតុ​ពិត​ លោក​ទើប​តែ​ហូប​នំប៉័ង​ហាំបឺហ្គឺ Big Mac អស់​មួយ​ក៏​ដោយ។

​កេរដំណែល​ជាប់​លាប់​យូរ​អង្វែង​របស់​ហាង McDonald's នៅ​រុស្ស៊ី​ ប្រហែល​ស្ថិត​នៅ​លើ​សេវាកម្ម​បែប​បស្ចឹម​លោក​ ដែល​ក្រុមហ៊ុន​នេះ​បាន​ផ្តួចផ្តើម​ឡើង​នៅ​រុស្ស៊ី។

បន្ទាប់​ពី​ប្រកាស​រក​បុគ្គលិក​នៅ​ក្នុង​សារព័ត៌មាន​ឈាន​មុខ​គេឈ្មោះថា Moskovsky Komsomolets ​ក្រុមហ៊ុន​ទទួលបាន​ពាក្យ​សុំ​ធ្វើ​ការ​ងារ​ពីបេក្ខជន​ដល់​ទៅ​៣​ម៉ឺន​នាក់​។ ហើយ​ក្រោយ​មក​ក្រុមហ៊ុន​បាន​ចម្រាញ់​ជ្រើសរើស​បេក្ខជន​ចុងក្រោយ​តែ​ ​៦០០​នាក់​ប៉ុណ្ណោះ។

អ្នកស្រី​ Svetlana Polyakova ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​បម្រើការ​ផ្នែក​ត្រឡប់​សាច់​ពេល​ចម្អិន បាន​និយាយ​ថា «ខ្ញុំ​នៅ​ចាំ​ពេល​ខ្ញុំ​កំពុង​រង់ចាំ​រថយន្តក្រុង ហើយ​ខ្ញុំ​បាន​មើល​ទៅ​ស្លាក​យីហោ​ហាង McDonald's ហើយ​ខ្ញុំ​បាន​យំ»។

អ្នកស្រី​ Polyakova ដែល​ឥឡូវ​នេះ​ជា​នាយកផ្នែក​ទំនាក់ទំនង​សាធារណរដ្ឋ​របស់​ហាង McDonald's នៅ​ប្រទេស​រុស្ស៊ី​បាន​បន្ថែម​ថា «ខ្ញុំ​បាន​គិត​ថា ខ្ញុំ​អាច​ធ្វើ​បាន»។

​អ្នក​ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យធ្វើការ​នា​ពេល​នោះ​គឺ​ជា​យុវវ័យ​ និង​ពេញ​កម្លាំង ទោះបីជា​ពួកគេ​មាន​បទពិសោធន៍​តិចតួច​ ឬ​មិន​មាន​ទាល់តែ​សោះក៏ដោយ។

នេះ​គឺហេតុផល​សមរម្យ​មួយ​ក្នុង​ការជ្រើសរើស។ អ្នកស្រី Anna Patrunina ដែល​ពី​ដើម​ឡើយ​ធ្វើ​ការ​ជា​អ្នក​គិតលុយ​ ប៉ុន្តែ​ឥឡូវ​នេះ​អ្នកស្រី​ជា​អនុប្រធាន​ផ្នែក​ប្រតិបត្តិ​ការ​បាន​និយាយ​ថា ជា​ទូទៅបុគ្គលិក​ហាង McDonald's មិនមាន​ទម្លាប់​ផ្សារភ្ជាប់​ជាមួយ​នឹង​សេវាកម្មមិន​សូវ​រាក់ទាក់​នៅ​តាម​ហាង​កាហ្វេ​នានា​នៅ​រុស្ស៊ី​នោះ​ទេ។

អ្នកស្រី​បាន​ប្រាប់ VOA ថា «គេបានសួរយើងថា តើ​អ្នកអាច​ញញឹម​ឲ្យ​បាន​ប្រាំបី​ម៉ោង​ជាប់​គ្នា​បាន​ទេ? ហើយយើង​ទាំងអស់គ្នា​បាន​និយាយ​ថាពិតជា​បាន»។

ការ​ញញឹម​គឺ​ជា​ភាពកក់ក្តៅ​មួយ​ដែល​តែងតែ​មាន​នៅ​តាម​គេហដ្ឋាន​ក្នុង​សង្គម​សូវៀត ប៉ុន្តែ​វា​មិនមែន​ជា​ផ្នែក​មួយ​នៃ​ជីវិត​តាម​សាធារណៈ​នោះ​ទេ។ ពួកអ្នកស្រុក​មិន​ទម្លាប់ វាជារឿងចម្លែក​ ហើយ​វា​ជា​អត្តសញ្ញាណ​អាមេរិកាំង។

សម័យកាលថ្មី ច្បាប់ថ្មី

បច្ចុប្បន្ន​នេះ សេវាកម្ម​ល្អ​នៅ​រុស្ស៊ី​គឺ​មាន​ជាទូទៅ ហើយ​នៅ​ហាង McDonald's គឺ​ល្អ​ដូចគ្នា​ផងដែរ។

ឥឡូវ​នេះក្រុមហ៊ុន McDonald's មាន​ហាង​ចំនួន ៧០០​ ទូទាំង​ប្រទេស​រុស្ស៊ី ហើយ ៩៨​ភាគរយ​នៃ​ការផ្គត់ផ្គង់​មាន​ប្រភព​ដើម​នៅ​ក្នុងស្រុក។

លោក Carena ជាជនជាតិស្វីស និងជាបុគ្គលិកបរទេសតែម្នាក់គត់នៅហាង McDonald's បាននិយាយថា៖«យើង​ជា​ក្រុមហ៊ុន​រុស្ស៊ី​មួយ​ ហើយ​យើង​តែង​នៅ​ជា​ក្រុមហ៊ុន​រុស្ស៊ី​រហូតមក»។

មិនមែន​មនុស្ស​គ្រប់គ្នា​រីករាយ​នោះ​ទេ

លោក Elchin អាយុ ៥៨ ឆ្នាំ ជា​អ្នក​ជំនួញ​ម្នាក់​ដែល​ផ្លាស់​មក​រស់​នៅ​ក្រុង​មូស្គូ​ពី​ក្រុង​បាគូ ប្រទេស​អាស៊ៃបៃហ្សង់ កាល​ពី ៣០​ឆ្នាំ​មុន បាន​និយាយ​ថា «ខ្ញុំ​មិន​ចូលចិត្ត​អាហារ​ឆ្អិន​ស្រាប់​ទេ។ ហើយ​ខ្ញុំ​ក៏​មិនដែល​ធ្លាប់​ចូលចិត្ត​វា​ដែរ»។ លោក​បាន​បន្ថែម​ថា លោក​ចូលចិត្ត​អាហារ​ចម្អិន​នៅ​ផ្ទះ​ជាជាង។

លោក Elchin បាន​និយាយ​ទៀត​ថា «អាហារ​ដូចជា ស៊ុបស្ពៃក្តោប​អ៊ុយក្រែន គាវ​រុស្ស៊ី សាច់អាំង​អាមេនី​ជា​ដើម... ដែលសុទ្ធ​ជា​អាហារមាន​រសជាតិ​ឆ្ងាញ់។ ខ្ញុំ​មិនមាន​អ្វី​ប្រឆាំង​នឹង​សហរដ្ឋអាមេរិកទេ គ្រាន់​តែ​ខ្ញុំ​ចូលចិត្ត​បែប​ប្រពៃណី​ជាង»៕

ប្រែសម្រួល​ដោយ ​ណឹម សុភ័ក្រ្តបញ្ញា​

XS
SM
MD
LG