ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧត្តមសេនីយ៍អាល្លឺម៉ង់និយាយថា រុស្ស៊ីរង​ការខូចខាតនិងបាត់បង់ខ្លាំងនៅក្នុង​សង្គ្រាមជាមួយ​អ៊ុយក្រែន


រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin សំណេះសំណាលជាមួយ​ទាហាន​រុស្ស៊ី នៅមូលដ្ឋាន​ទ័ព​ ក្នុងក្រុង Ryazan ភាគខាង​លិច​ប្រទេស​រុស្ស៊ី កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។ (Photo by Mikhail Klimentyev / SPUTNIK / AFP)
រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin សំណេះសំណាលជាមួយ​ទាហាន​រុស្ស៊ី នៅមូលដ្ឋាន​ទ័ព​ ក្នុងក្រុង Ryazan ភាគខាង​លិច​ប្រទេស​រុស្ស៊ី កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។ (Photo by Mikhail Klimentyev / SPUTNIK / AFP)

រុស្ស៊ី​បាន​រង​ការ​បាត់​បង់​ធនធាន​មនុស្ស​និង​សម្ភារៈ​យ៉ាងច្រើន​នៅ​ក្នុងប្រទេស​អ៊ុយ​ក្រែន​ ហើយ​កងទ័ព​របស់​ខ្លួននឹង​មាន​ភាព​ទន់​ខ្សោយពីក្នុង​សង្គ្រាម​នោះ​។ ​នេះ​បើ​តាម​ការឱ្យ​ដឹង​របស់​មន្ត្រី​ជាន់​ខ្ពស់​អាល្លឺម៉ង់​មួយ​រូប​ ដែល​បាននិយាយក្នុង​បទ​សម្ភាសន៍​មួយ​ ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ ហើយ​ត្រូវ​បាន​ស្រង់​ផ្សាយ​បន្ត​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន​ AFP។

បទ​សម្ភាសន៍​នេះ​កើត​មាន​ឡើង ខណៈ​ដែល​រដ្ឋាភិបាល​ក្រុង​កៀវ​កំពុង​ធ្វើ​ការប្រយុទ្ធ​ ដើម្បី​រក្សា​ការគាំទ្រ​ពី​ប្រទេស​លោក​ខាង​លិច នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​កងកម្លាំង​រុស្ស៊ី​ ដែល​បាន​ចូល​ឈ្លានពាន​ប្រទេស​ខ្លួន តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ ២០២២ មក។

លោក Christian Freuding អ្នក​មើល​ការខុសត្រូវ​លើ​ការគាំទ្ររបស់​កងទ័ព​អាល្លឺម៉ង់សម្រាប់រដ្ឋាភិបាល​ក្រុង​កៀវ​បាន​ប្រាប់​កាសែត Sueddeutsche Zeitung ថា​៖ «អ្នក​ដឹង​ទេ​បើ​យោង​លើ​តួលេខ​ចារកម្ម​បស្ចឹម​ប្រទេសបង្ហាញ​ថា​ កងទ័ព​រុស្ស៊ី ៣សែន​នាក់ បាន​ស្លាប់និង​រងរបួសក្នុង​សង្គ្រាម​ឈ្លាន​ពាន​អ៊ុយក្រែន​ ហើយរុស្ស៊ី​មិន​អាច​ប្រមូល​កម្លាំង​បាន​ទៀត​ឡើយ​សម្រាប់​ធ្វើ​សង្គ្រាម»។

របាយការណ៍​ចារកម្មមួយ​របស់​សហរដ្ឋអាមេរិក ​ដែល​ត្រូវ​បាន​បែក​ធ្លាយកាល​ពី​ខែ​មុន​ បាន​បង្ហាញ​ថា កងទ័ព​រុស្ស៊ីចំនួន​ ៣សែន ​១ម៉ឺន ​៥ពាន់​នាក់ បាន​ស្លាប់​និង​រងរ​បួស​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ​ចាប់​តាំង​ពីសង្គ្រាម​ចាប់​ផ្តើម​មក។

លោក Freuding ដែល​ជា​ទី​ប្រឹក្សាដ៏​សំខាន់​ម្នាក់របស់​រដ្ឋមន្ត្រី​ការពារជាតិអាល្លឺម៉ង់ផង​ដែរ​នោះ​ បានបន្ថែម​ទៀត​ថា៖ ​«រុស្ស៊ី​បានបាត់​បង់យុទ្ធជន​និង​សម្ភារៈយោធា​របស់ខ្លួន​ក្នុង​ចំនួន​ដ៏​ច្រើន»។

លោកថ្លែងបន្ថែមថា​ រុស្ស៊ី​ក៏​ត្រូវ​បាន​គេ​ជឿជាក់​ផង​ដែរ​ថា​ បាន​បាត់បង់​រថគ្រោះនិង​រថពាសដែក​ប្រយុទ្ធអស់​រាប់ពាន់​គ្រឿង​ផង​ដែរ។ លោក​បន្ត​ទៀត​ថា​កងកម្លាំង​រុស្ស៊ី​នឹងចុះខ្សោយ​ពី​សង្គ្រាម​នេះ​ទាំងផ្នែក​សម្ភារៈនិង​កម្លាំង​ប្រយុទ្ធ។

បើ​ទោះ​បី​ជា​យ៉ាង​នេះក្តី ​ក៏​មន្ត្រីយោធា​ជាន់​ខ្ពស់​អាល្លឺម៉ង់​រូបនេះនិយាយ​ថា ​រុស្ស៊ីនៅ​តែអាច​បន្ត​ការរើសកង​ទ័ព​ថ្មីៗដែល​រួម​មាន​ទាំង​ការប្រើប្រាស់​អ្នក​ទោស​ផង​ដែរ។ លោក​បន្ត​ទៀត​ថា​៖ «​ជា​ការ​ពិត​ហើយយើង​ឃើញ​មាន​ការធ្វើ​វិនិយោគ​យ៉ាង​ខ្លាំង​លើ​ឧស្សាហកម្ម​អាវុធ»។​

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កាល​ពីពេល​ថ្មីៗ​នេះ​និយាយ​ថា ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ បាន​ជ្រើសរើស​កងទ័ព​ស្ម័គ្រចិត្ត​ថ្មីប្រមាណ ៤សែន ៨ម៉ឺន ៦ពាន់នាក់ ​ក្នុង​ឆ្នាំ ២០២៣ ហើយ​កិច្ចប្រឹង​ប្រែង​នេះ​គឺ​ដើម្បីបង្កើនកម្លាំង​យោធាឱ្យ​កាន់​តែខ្លាំង​ឡើងក្នុងឆ្នាំ ២០២៤៕

XS
SM
MD
LG