ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្លាំងការពារដែនអាកាសអ៊ុយក្រែនថាខ្លួនបំផ្លាញនាវារុស្ស៊ីក្នុងតំបន់ Crimea


រូបភាពតាម​បណ្តាញ​តេឡេក្រាម @VentdeCrimee នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បង្ហាញ​ទិដ្ឋភាព​នៃនាវា​ចម្បាំង​មួយ​ដែល​ត្រូវបាន​បំផ្លាញ​នៅ​កំពង់ផែ Feodosiya ក្នុងតំបន់ Crimea។ (Photo by Handout / Telegram / @VentdeCrimee / AFP)
រូបភាពតាម​បណ្តាញ​តេឡេក្រាម @VentdeCrimee នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បង្ហាញ​ទិដ្ឋភាព​នៃនាវា​ចម្បាំង​មួយ​ដែល​ត្រូវបាន​បំផ្លាញ​នៅ​កំពង់ផែ Feodosiya ក្នុងតំបន់ Crimea។ (Photo by Handout / Telegram / @VentdeCrimee / AFP)

កង​កម្លាំង​ការពារ​ដែន​អាកាស​អ៊ុយក្រែន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ខ្លួន​បានបំផ្លាញ​នាវាចូល​ចត​មួយគ្រឿងរបស់​រុស្ស៊ី​ក្នុង​តំបន់ Crimea ដែល​ជាផ្នែក​មួយ​នៃកងនាវាជើង​ទឹក​របស់​រុស្ស៊ី​នៅ​ក្នុងសមុទ្រ​ខ្មៅ​ ដែល​ដែល​ខ្លួន​សង្ស័យ​ថា កំពុង​ដឹកជញ្ជូន​ដ្រូនដែលផលិត​ក្នុង​ប្រទេស​អ៊ីរ៉ង់។

នៅ​ក្នុង​សារ​បង្ហោះ​តាម​តេឡេក្រាម​ កងកម្លាំង​ដែន​អាកាស​អ៊ុយក្រែនបាន​បង្ហាញ​ថា នាវា​នោះ​ឈ្មោះ Novocherkask ហើយ​មីស៊ីល cruise របស់​ខ្លួន​បាន​បាញ់​វានៅ​ក្នុង​តំបន់ Fedosia។

មេបញ្ជា​កងទ័ព​អាកាស​អ៊ុយក្រែន លោក Mykola Oleshchuk បាន​បង្ហោះ​វីដេអូ​លើ​បណ្តាញ​តេឡេក្រាម​ដោយ​បង្ហាញ​ពី​ការផ្ទុះ​ដ៏​ខ្លាំង​មួយ​ក្នុងទី​ប្រជុំជន Feodosia នៃ​តំបន់ Crimea។

លោក Oleshchuk ថា កងនាវារបស់​រុស្ស៊ីពេល​នេះ​កំពុង​តែ​រួម​តូច​ទៅ​ៗ។

កងទ័ព​អ៊ុយក្រែន​ក៏​បាន​រាយការណ៍​ផង​ដែរ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​ចំនួន​ ១៣ ​គ្រឿង​ ដែល​រុស្ស៊ី​ប្រើប្រាស់​ក្នុងការ​វាយប្រហារ​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ចន្ទ។ យោធា​អ៊ុយក្រែន​ថា ដ្រូន​នេះ​ត្រូវ​បានបំផ្លាញក្នុង​តំបន់ Odesa, Kherson, Mykolaiv និង​តំបន់ Khmelnytskyi។

ដោយ​ឡែក រុស្ស៊ីបាន​អះអា​ងនៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា កងកម្លាំង​ខ្លួនដណ្តើម​បាន​ទី​ប្រជុំជន​យុទ្ធសាស្ត្រ Maryinka នៅក្នុង​ប្រទេស​អ៊ុយក្រែន​ភាគខាង​កើត​ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​កៀវទាត់​ចោល​នូវ​ការ​អះអាង​នោះ​ ដោយនិយាយ​ថា​ កងកម្លាំង​អ៊ុយក្រែន​បានវាយស្ទាក់​ការវាយ​ប្រហារ​មិន​បាន​ជោគជ័យ ​៣ ​លើក​របស់​រុស្ស៊ី​ នៅ​ជិត​តំបន់​សហគមន៍ ដែល​មានការខូចខាត​និង​ស្ទើរ​តែ​គ្មាន​មនុស្ស​រស់​នៅ​មួយកន្លែង។

ទន្ទឹម​នឹង​នេះ​ដែរ​ អ៊ុយក្រែន​និយាយ​ថា​ ខ្លួនទទួល​បាន​ហិរញ្ញប្បទាន​ចំនួន​ ១​,៣៤ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ភាគ​ច្រើន​មក​ពី​ធនាគារ​ពិភពលោក ដែល​ជា​ថវិកា​សម្រាប់​ប្រើប្រាស់ខ្លះក្នុង​វិស័យ​សង្គម​មួយ​ចំនួន​ ​ ដើម្បី​ជំនួស​ទឹក​ប្រាក់​ដែល​បាន​ប្រើទៅ​លើ​សេចក្តី​ត្រូវការផ្នែកសន្តិសុខ​និង​ការពារ​ជាតិ​ក្នុង​ពេល​កន្លង​ទៅ។

ក្រសួង​ហិរញ្ញវត្ថុ​អ៊ុយក្រែន​ថា កញ្ចប់​ថវិកា​នោះ រួម​មាន​ទឹក​ប្រាក់កម្ចីជាង​ ១ពាន់​លាន​ដុល្លារ​ពី​ធនាគារ​ពិភពលោក ​ជំនួយ​ថវិកា​ចំនួន ១៩០លាន​ដុល្លារ​ពី​ប្រទស​ន័រវេស​ និង​ ៥០លាន​ដុល្លារ​ពី​សហរដ្ឋអាមេរិក ​និង ២០លាន​ដុល្លារ​ទៀត​ពី​ប្រទេស្វីស៕

XS
SM
MD
LG