ប្រទេសអ៊ុយក្រែននិងសម្ពន្ធមិត្តរបស់ខ្លួនបានបញ្ជាក់ថា ការឈ្លានពានរបស់ប្រទេសរុស្ស៊ីកាលពីខែកុម្ភៈគឺជាឧក្រិដ្ឋកម្មឈ្លានពាន ដែលលក្ខន្តិកៈអង្គការសហប្រជាជាតិបានកំណត់ថាជាការប្រើប្រាស់កងកម្លាំងខុសច្បាប់ប្រឆាំងនឹងប្រទេសណាមួយ។
សហភាពអឺរ៉ុបបានបញ្ជាក់កាលពីថ្ងៃទី ៣០ ខែវិច្ឆិកាថា រដ្ឋាភិបាលរុស្ស៊ីត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។
អ្នកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបនៃសភាពអឺរ៉ុប បាននិយាយថា៖ «យើងស្នើបង្កើតតុលាការពិសេសមួយដែលគាំទ្រដោយអង្គការសហប្រជាជាតិដើម្បីស៊ើបអង្កេតនិងកាត់ទោសឧក្រិដ្ឋកម្មឈ្លានពានរបស់រុស្ស៊ី»។
តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កំពុងស៊ើបអង្កេតរួចហើយអំពីការចោទប្រកាន់ដែលថារុស្ស៊ីបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ដែលក្នុងនោះរួមមានទាំងការឃុំឃាំងតាមអំពើចិត្តនិងការសម្លាប់ជនស៊ីវិល ការធ្វើទារុណកម្ម ការចាប់រំលោភ និងការវាយប្រហារសំដៅលើហេដ្ឋារចនា សម្ពន្ធស៊ីវិលរបស់អ៊ុយក្រែនផងដែរ។
ប៉ុន្តែ ប្រទេសរុស្ស៊ីមិនមែនជាប្រទេសហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូមរបស់តុលាការ ICC នោះទេ។ នេះបើតាមការបញ្ជាក់របស់លោកមេធាវី Frank Ledwidge ដែលជាអ្នកស៊ើបអង្កេតរឿងឧក្រិដ្ឋកម្មសង្គ្រាម។
លោក Ledwidge និយាយដូច្នេះថា៖ «តុលាការព្រហ្មទណ្ឌអន្តរជាតិកំពុងប្រឈមនឹងបញ្ហាយុត្តាធិការមួយចំនួន ជាពិសេសទាក់ទិននឹងរឿងឧក្រិដ្ឋកម្មឈ្លានពាន»។
ជំហានដំបូងនៅក្នុងការបង្កើតតុលាការពិសេសមួយគឺការដាក់ស្នើនូវសេចក្ដីសម្រេចទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោក Ledwidge ថ្លែងថា៖ «សេចក្ដីសម្រេចនោះនឹងត្រូវបោះឆ្នោតវេតូប្រឆាំងដោយប្រទេសរុស្ស៊ីនិងប្រហែលជាប្រទេសចិនផងដែរ ហើយវានឹងត្រូវបញ្ជូនទៅមហាសន្និបាតអង្គការសហប្រជាជាតិ។ មហាសន្និបាតអង្គការសហប្រជាជាតិនឹងបោះឆ្នោតលើសេចក្ដីសម្រេចនេះ ដោយប្រហែលជាគាំទ្រក្នុងសំឡេងភាគច្រើន។ ដូច្នេះ តុលាការថ្មីមួយ ដែលគេអាចហៅថា «តុលាការបណ្ដោះអាសន្ន» នឹងទទួលបានការគាំទ្រពីអង្គការសហប្រជាជាតិ»។
ការប្រមូលភ័ស្តុតាងអាចមានភាពស្មុគស្មាញនិងចំណាយពេលវេលាយូរ។
លោក Ledwidge បញ្ជាក់ដូច្នេះថា៖ «ពួកគេត្រូវបង្កើតនូវសង្វាក់ភ័ស្តុតាងរវាង [ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងកងកម្លាំងយោធារបស់លោក។ ករណីនេះគឺងាយស្រួល។ សម្រាប់អ្នកនៅក្រោមបង្គាប់លោក Putin ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តិឧក្រិដ្ឋកម្មឈ្លានពាននេះ ប្រហែលជាចាំបាច់នឹងត្រូវមានភ័ស្តុតាងសម្ងាត់ដែលត្រូវទទួលបាន ដូច្នេះកិច្ចព្រមព្រៀងដើម្បីរៀបចំភ័ស្តុតាងនោះ ផ្តល់ជូនតុលាការនិងរដ្ឋអាជ្ញា ត្រូវធ្វើដូចនៅយូហ្គោស្លាវីដែរ»។
ប្រទេសរុស្ស៊ីបានទទូចថា តុលាការណាមួយដែលនឹងស៊ើបអង្កេតការឈ្លានពានរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនគឺនឹងខ្វះភាពស្របច្បាប់។
លោក Ledwidge បានជួយប្រមូលភ័ស្តុតាងនៅក្នុងអតីតប្រទេសយូហ្គោស្លាវីសម្រាប់ការកាត់ ទោសលោកអតីតប្រធានាធិបតី Slobodan Milosevic កាលពីឆ្នាំ ២០០១ ចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
លោក Ledwidge បានលើកឡើងថា៖ «ជាការពិត មេដឹកនាំផ្ដាច់ការរុស្ស៊ីនឹងឆ្លើយតបភ្លាមៗដោយចំអកចំពោះការបង្កើតតុលាការនេះ។ ករណីដូចគ្នានេះដែរធ្លាប់បានកើតឡើងពាក់ព័ន្ធនឹងករណីលោក Milosevic។ ស្នាមញញឹមនៅលើមុខរបស់លោក Milosevic និងបក្ខពួករបស់លោកត្រូវបានបាត់បង់យ៉ាងឆាប់រហ័សក្នុងពេលពីរឆ្នាំក្រោយមកនៅពេលដែលរដ្ឋាភិបាលរបស់លោកបានដួលរលំ ហើយនៅទីបំផុតលោកត្រូវបានបង្ហាញខ្លួននៅក្នុងតុលាការទីក្រុងឡាអេ។ តើករណីនេះនឹងកើតឡើងឬទេសម្រាប់លោក Putin? យើងនឹងចាំមើល»។
លើកចុងក្រោយបង្អស់ដែលតុលាការមួយត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតលើឧក្រិដ្ឋកម្ម ឈ្លានពានគឺនៅក្នុងឆ្នាំ ១៩៤៥ ក្នុងអំឡុងពេលការកាត់ក្ដីនៅតុលាការក្រុង Nuremberg នៅចុងសម័យសង្គ្រាមលោកលើកទីពីរ។
អ្នកគាំទ្រឱ្យមានការបង្កើតតុលាការនេះឡើងបាននិយាយថា វាសំខាន់បំផុតនៅពេលឥឡូវនេះដែលរុស្ស៊ីត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕