ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បារាំង​រៀបចំ​សន្និសីទ​ផ្ដោត​លើ​តម្រូវការ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អ៊ុយក្រែន


ប្រទេស​បារាំង​បាន​រៀបចំ​សន្និសីទ​មួយ​ជាមួយ​នឹង​អ្នក​ផ្ដល់​ជំនួយ​អន្តរជាតិ​នានា​នៅ​​ថ្ងៃ​អង្គារ​នេះ​ដោយ​ផ្ដោត​លើ​ការ​ជួយ​ប្រទេស​អ៊ុយក្រែន​ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២២។
ប្រទេស​បារាំង​បាន​រៀបចំ​សន្និសីទ​មួយ​ជាមួយ​នឹង​អ្នក​ផ្ដល់​ជំនួយ​អន្តរជាតិ​នានា​នៅ​​ថ្ងៃ​អង្គារ​នេះ​ដោយ​ផ្ដោត​លើ​ការ​ជួយ​ប្រទេស​អ៊ុយក្រែន​ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២២។

ប្រទេស​បារាំង​បាន​រៀបចំ​សន្និសីទ​មួយ​ជាមួយ​នឹង​អ្នក​ផ្ដល់​ជំនួយ​អន្តរជាតិ​នានា​នៅថ្ងៃ​អង្គារ​នេះ​ដោយ​ផ្ដោត​លើ​ការ​ជួយ​ប្រទេស​អ៊ុយក្រែន​ដោះស្រាយ​ការ​វាយ​ប្រហារ​របស់​ប្រទេស​រុស្ស៊ី​លើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន។

សន្និសីទ​នេះ​មាន​វត្តមាន​ចូលរួម​ពី​អ្នក​តំណាង​រដ្ឋាភិបាល​ក៏​ដូចជា​ក្រុមហ៊ុន​និង​ទីភ្នាក់ងារ​ជំនួយ​នានា និង​មាន​គោល​បំណង​ផ្ដល់​ដល់​អ៊ុយក្រែន​ទាំង​ហិរញ្ញវត្ថុ​និង​ឧបករណ៍​ដែល​អ៊ុយក្រែន​ត្រូវការ​ដើម្បី​រក្សា​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​អគ្គិសនី​និង​ថាមពល​ឱ្យ​នៅ​ដំណើរការ បើ​ទោះបីជា​មាន​ការ​វាយ​ប្រហារ​ពី​រុស្ស៊ី​ក៏ដោយ។

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​និយាយ​ថា រុស្ស៊ី​កំពុង​ព្យាយាម «ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​អ៊ុយក្រែន​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​អស់​សង្ឃឹម» ហើយ​គោល​បំណង​នៃ​សន្និសីទ​នេះ​គឺ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​អ៊ុយក្រែន «ឆ្លង​ផុត​រដូវ​រងា​នេះ»។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ថ្លែង​សុន្ទរកថា​ទៅ​កាន់​សន្និសីទ​នេះ​តាម​វីដេអូ​អនឡាញ និង​បាន​ប្រាប់​អ្នក​ចូលរួម​ថា​ប្រទេស​របស់​លោក​ត្រូវការ​ម៉ាស៊ីន​ភ្លើង​ឱ្យ​បាន​ច្រើន​ដូច​ដែល​ខ្លួន​ត្រូវការ​រថពាស​ដែក​សម្រាប់​កងទ័ព​របស់​ខ្លួន​ដូច្នេះ​ដែរ។

ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​អ្នកស្រី Ursula von der Leyen បាន​និយាយ​ថា សហភាព​អឺរ៉ុប​នឹង​ផ្ដល់​ម៉ាស៊ីន​ភ្លើង​ចំនួន ៤០ គ្រឿង​ដើម្បី​ជួយ​ផ្ដល់​ថាមពល​ដល់​មន្ទីរពេទ្យ​នានា​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​និង​ម៉ាស៊ីន​ភ្លើង​ចំនួន ៨០០ គ្រឿង​សម្រាប់​ការ​ប្រើប្រាស់​នៅ​តាម​កន្លែង​ផ្សេង​ទៀត​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន។

សន្និសីទ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​បណ្ដា​មេដឹកនាំ​នៃ​ក្រុម​ប្រទេស G-7 បាន​សន្យា​កាលពី​ថ្ងៃ​ចន្ទ​ថា​នឹង​បំពេញ​តាម​សំណើ​បន្ទាន់​របស់​អ៊ុយក្រែន​សម្រាប់​ផ្នែក​យោធា​និង​សម្ភារៈ​ការពារ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង Reuters

XS
SM
MD
LG