កាលពីថ្ងៃអាទិត្យ ចៅក្រមរុស្សីម្នាក់បាននិយាយថាអតីតមេបញ្ជាការប៉ូលិសChechen ម្នាក់បានទទួលសារភាពអំពីការទាក់ទិនរបស់គាត់ក្នុងការធ្វើឃាតលោក Boris Nemtsov មេដឹកនាំក្រុមប្រឆាំង នៅពេលដែលអាជ្ញាធរបន្តការស៊ើបអង្កេតរបស់ពួកគេតទៅមុខអំពីជនជាប់សង្ស័យបួននាក់ទៀត។
ជនទាំង៥នាក់នេះបានចេញបង្ហាញខ្លួនក្នុងតុលាការមួយក្នុងក្រុងម៉ូស្គូ ហើយបានត្រូវចាប់ឃុំឃាំង នៅពេលក្រុមមន្ត្រីបានសាកសួរចម្លើយពួកគេអំពីការបាញ់សម្លាប់លោក Nemtsov ដែលជាសត្រូវខ្លាំងក្លាម្នាក់របស់ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃទី២៧ខែកុម្ភៈ។ លោក Nemtsov បានត្រូវបានបាញ់ចំខ្នងបួនគ្រាប់ នៅពេលលោកដើរឆ្លងស្ពានមួយជាមិត្តស្រីលោកនៅជិតវិមានក្រឹមទ្បាំង។
ចៅក្រម Nataliya Mushnikov បាននិយាយថា បុរសមា្នក់ក្នុងបណ្តាពួកជនត្រូវចោទប្រកាន់ពីបទធ្វើឃាតនៅក្នុងករណីនោះ គឺអតីតមេបញ្ជាការរងប៉ូលិស Chechen ឈ្មោះ Zaur Dadayev ដែលបានចុះហត្ថលេខាលើសេចក្តីសារភាពមួយ ទោះបីជារូបគេមិនបានប្រាប់អំពីសេចក្តីល្អិតល្អន់នៃមុខនាទីរបស់គាត់ក៏ដោយ។ ក៏ប៉ុន្តែចៅក្រមរូបនេះក៏បាននិយាយផងដែរថាជនជាប់សង្ស័យទីពីរដែលបានត្រូវចោទប្រកាន់ពីបទធ្វើឃាតលោក Nemtsovឈ្មោះ Anzor Gubashev បានបដិសេធថា គាត់គ្មានជាប់ទាក់ទិនក្នុងឃាតកម្មនេះទេ៕