ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិធី​បុណ្យ​សព​មេដឹកនាំ​បក្ស​ប្រឆាំង​​​រុស្ស៊ី​ក្នុង​ទីក្រុង​ម៉ូស្គូ


មនុស្ស​ដើរ​តាម​មឈូស​លោក Boris Nemtsov ក្នុង​ពិធី​បុណ្យ​សព​របស់​លោក​ នៅ​ឯ​មជ្ឈមណ្ឌល​ Sakharov ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស៊្សី​ កាល​ពី​ថ្ងៃ​អង្គារ ទី​៣ ខែ​មិនា ឆ្នាំ​២០១៥។
មនុស្ស​ដើរ​តាម​មឈូស​លោក Boris Nemtsov ក្នុង​ពិធី​បុណ្យ​សព​របស់​លោក​ នៅ​ឯ​មជ្ឈមណ្ឌល​ Sakharov ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស៊្សី​ កាល​ពី​ថ្ងៃ​អង្គារ ទី​៣ ខែ​មិនា ឆ្នាំ​២០១៥។

នៅ​ថ្ងៃ​អង្គារ​នេះ ​ក្រុម​អ្នក​កាន់​ទុក្ខ​បាន​បង្ហាញ​ការគោរព​ដល់​លោក Boris Nemtsov ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ប្រទេស​រុស្ស៊ី ​ដែល​ជា​អ្នក​រិះ​គន់​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​ដ៏​ខ្លាំង ​ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់នៅ​ពេល​ដើរ​ចេញ​ពី​វិមាន​ក្រឹម​ឡាំង​កាល​ពី​សប្តាហ៍​មុន។

មិត្ត​ភ័ក្រ្តនិង​ក្រុម​គ្រួសារ​បានកាន់​ផ្កា​ដើរ​កាត់​ក្តារ​មឈូស​បើក​គម្រប​របស់​លោក Nemtsov ​អាយុ​៥៥​ឆ្នាំ​ ដែល​សព​របស់​លោក​កំពុង​ត្រូវ​បាន​ដាក់​តម្កល់​ជា​ផ្លូវ​រដ្ឋ​នៅ​ឯ​មជ្ឈមណ្ឌល Andrei Sakharov ​នៅ​ក្នុង​ទីក្រុង​ម៉ូស្គូ។

ឧប​នាយករដ្ឋ​មន្រ្តី​រុស៊្សី​ លោក Arkady Dvorkovich ​បាន​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រតិភូ​រុស្ស៊ី​ក្នុង​ពិធី​នោះ។

លោក John Teff ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិកប្រចាំ​នៅ​ប្រទេស​រុស្ស៊ីក៏​បាន​ចូល​រួម​ដែរ ​ហើយ​លោក John Major អតីត​នាយករដ្ឋ​មន្រ្តី​អង់​គ្លេស​ក៏​បាន​ចូល​រួម​ក្នុង​ពិធី​នោះ​ដែរ។

សព​របស់​លោក Nemtsov ​នឹង​ត្រូវ​បញ្ចុះ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះនៅ​កន្លែង​បញ្ចុះ​សព Troekurovskoye ​នៅ​ទី​ក្រុង​ម៉ូស្គូ។

​អតីត​ឧបនាយករដ្ឋ​មន្រ្តីត្រូវ​បាន​គេ​បាញ់​៤​លើក​ពី​ខាង​ក្រោយ​ ដោយ​ឧក្រិដ្ឋ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ​នៅ​ពេល​ដែល​លោក​បាន​ដើរ​ឆ្លង​កាត់​ស្ពានជាមួយ​ដៃគូ​ស្រី​របស់​ខ្លួន។

ប្រធានា​ធិបតី​រុស្ស៊ី Vladimir Putin ​បាន​សន្យា​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ពេញ​លេញ​ពី​ការធ្វើ​ឃាត​ដ៏​រន្ធត់​នេះ ​ដែល​សកម្មជន​គណបក្ស​ប្រឆាំងជាច្រើន​បាន​និយាយ​ថា ​ជា​ការ​សងសឹក​ដល់​លោក Nemtsovក្នុង​ការ​រិះគន់​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ។

​មន្រ្តី​សហភាព​អឺរ៉ុប​យ៉ាង​ហោច​ណាស់​ក៏​២​នាក់​ដែរ ត្រូវ​បាន​គេ​រារាំង​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ម៉ូស្គូ​ដើម្បី​ចូល​រួម​ពិធី​បុណ្យ​សព​របស់​លោក Nemtsov៕

XS
SM
MD
LG