នាយកក្រសួងសន្តិសុខសហព័ន្ធប្រទេសរុស្ស៊ី លោក Alexander Bortnikov បានថ្លែងប្រាប់ទូរទស្សន៍រដ្ឋថា ប្រទេសរុស្ស៊ីបានចាប់ខ្លួនជនជាប់សង្ស័យ ២ នាក់ក្នុងរឿងឃាតកម្មលើលោក Boris Nemtsov មេដឹកនាំប្រឆាំង។
លោក Bortnikov បានថ្លែងនៅថ្ងៃសៅរ៍នេះថា បុរសទាំង ២ នាក់ ឈ្មោះ Anzor Gubashev និង Zaur Dadayev មកពីតំបន់ Caucasus ភាគខាងជើង តែមិនបានប្រាប់ព័ត៌មានពិស្តារដទៃទៀតទេ។
គេមិនដឹងច្បាស់ថាតើជនជាប់សង្ស័យទាំង ២ នាក់ ត្រូវចោទថាជាអ្នកបាញ់សម្លាប់លោក Nemtsov កាលពីជាងមួយសន្តាហ៍មុននោះឬទេ។ លោក Bortnikov ថ្លែងថា គេបានជំរាបលោកប្រធានាធិបតី Vladimir Putin ឲ្យដឹងអំពីការចាប់ខ្លួនបុរសទាំង ២ នាក់នោះ។
មនុស្សយ៉ាងតិចម្នាក់បានបាញ់លោក Nemtsov ចំនួន ៤ គ្រាប់ កាលពីយប់ថ្ងៃសុក្រ ទី ២៧ ខែកុម្ភៈ ពេលលោកនិងមិត្តស្រីម្នាក់បានដើរឆ្លងស្ពានលើទន្លេ មូស្គូ នៅមិនឆ្ងាយប៉ុន្មានពីវិមាន Kremlin។ មិត្តស្រីរបស់លោកមិនបានត្រូវរងរបួសទេ៕