ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ថា ការ​ដណ្ដើម​បាន​ទីក្រុង Bakhmut គឺ​សំខាន់​សម្រាប់​ការ​វាយលុក​ចូល​ជ្រៅ​ក្នុង​តំបន់


ពលរដ្ឋ​អ៊ុយក្រែន​ចម្អិន​ម្ហូប​នៅ​លើ​ជណ្ដើរ​អគារ​ផ្ទះល្វែង​មួយ​ក្នុង​ទីក្រុង Chasiv Yar តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៣។
ពលរដ្ឋ​អ៊ុយក្រែន​ចម្អិន​ម្ហូប​នៅ​លើ​ជណ្ដើរ​អគារ​ផ្ទះល្វែង​មួយ​ក្នុង​ទីក្រុង Chasiv Yar តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៣។

រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​លោក Sergei Shoigu បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការ​ដណ្ដើម​បាន​ទីក្រុង Bakhmut នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​គឺ​សំខាន់​ដើម្បី​ធ្វើ​ប្រតិបត្តិការ​វាយលុក​ចូល​កាន់តែ​ជ្រៅ​នៅ​ក្នុង​តំបន់​នោះ។ ចំណែក​ឯ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy វិញ​បាន​សន្យា​រក្សា​ការ​ប្រយុទ្ធ​ដើម្បី​ទីក្រុង Bakhmut។

លោក Shoigu បាន​បញ្ជាក់​នៅ​ពេល​លោក​និយាយ​ទៅ​កាន់​មន្ត្រី​យោធា​រុស្ស៊ី​ថា ទីក្រុង Bakhmut គឺ​ជា​មណ្ឌល​ការពារ​ដ៏​សំខាន់​មួយ​សម្រាប់​កងទ័ព​អ៊ុយក្រែន។ លោក​បាន​បន្ថែម​ថា ប្រសិនបើ​ដណ្ដើម​បាន​ទីក្រុង​នេះ កងទ័ព​រុស្ស៊ី​អាច​រុល​ចូល «ជ្រៅ​ទៅ​ក្នុង​ខ្សែ​ការពារ​របស់​អ៊ុយក្រែន»។

លោក Zelenskyy បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​កាលពី​យប់​ថ្ងៃ​ចន្ទ​ថា មេបញ្ជាការ​យោធា​របស់​លោក​បាន​គាំទ្រ​ជា​ឯកច្ឆន្ទ​មិន​ឱ្យ​ដក​កងទ័ព​ចេញពី​ទីក្រុង Bakhmut ដែល​ជា​ទីតាំង​នៃ​ការ​វាយ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​អស់​រយៈពេល​រាប់​ខែ​មក​ហើយ។

លោក Zelenskyy បាន​និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​បាន​ប្រាប់​អគ្គ​មេបញ្ជាការ​ឱ្យ​ស្វែងរក​កម្លាំង​សមរម្យ​ដើម្បី​ជួយ​កងទ័ព​របស់​យើង​នៅ​ទីក្រុង Bakhmut។ គ្មាន​ផ្នែក​ណា​មួយ​នៃ​ប្រទេស​អ៊ុយក្រែន​ដែល​អាច​ត្រូវ​បោះបង់​ចោល​នោះ​ឡើយ។ គ្មាន​លេណដ្ឋាន​អ៊ុយក្រែន​ណា​មួយ​ដែល​យើង​មិន​អាច​ខ្វល់ខ្វាយ​អំពី​ភាព​ធន់​និង​វីរភាព​របស់​អ្នក​ចម្បាំង​យើង​បាន​ទេ»។

អ្នក​វិភាគ​នានា​បាន​និយាយ​ថា ការ​ការពារ​របស់​អ៊ុយក្រែន​មិន​ឱ្យ​បាត់បង់​ទីក្រុង Bakhmut «នៅតែ​រឹងមាំ​បែប​យុទ្ធសាស្ត្រ ដោយសារតែ​អ៊ុយក្រែន​នៅតែ​បន្ត​បំផ្លាញ​កងទ័ព​និង​យុទ្ធោបករណ៍​របស់​រុស្ស៊ី​ដរាបណា​កងទ័ព​អ៊ុយក្រែន​មិន​មាន​ការ​ស្លាប់​និង​រង​របួស​ច្រើន៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP និង​ Reuters

XS
SM
MD
LG