ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​រាយការណ៍​ពី​ការ​វាយប្រហារ​​​ដោយ​ដ្រូន​​របស់​អ៊ុយក្រែន​លើ​រដ្ឋធានី​មូស្គូ​​


បុគ្គលិក​សន្តិសុខ​រុស្ស៊ី​ស៊ើប​អង្កេត​នៅ​អគារ​​ដែល​រង​ការ​​ខូចខាត​នៅ​ក្នុង​ទី​ក្រុង​មូស្គូ ក្រោយ​ពី​អ្វី​ដែល​ត្រូវ​បាន​រាយការណ៍​ថា​ជា​វាយប្រហារ​តាម​ដ្រូន​ដោយ​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២៣។
បុគ្គលិក​សន្តិសុខ​រុស្ស៊ី​ស៊ើប​អង្កេត​នៅ​អគារ​​ដែល​រង​ការ​​ខូចខាត​នៅ​ក្នុង​ទី​ក្រុង​មូស្គូ ក្រោយ​ពី​អ្វី​ដែល​ត្រូវ​បាន​រាយការណ៍​ថា​ជា​វាយប្រហារ​តាម​ដ្រូន​ដោយ​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២៣។

ក្រុម​មន្ត្រី​រុស្ស៊ី​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះថា​ ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​អ៊ុយក្រែន​ជា​ច្រើន​គ្រឿង ដែល​វាយប្រហារ​សំដៅ​លើ​រដ្ឋធានី​មូស្គូ​ ប្រទេស​រុស្ស៊ី​ ដោយបំណែក​ដ្រូនដែល​ត្រូវ​បាញ់ទម្លាក់​មួយ​គ្រឿង​ បាន​ធ្លាក់ចំ​អគារ​ខ្ពស់​មួយ​ខ្នងក្នុង​រដ្ឋធានីនេះ។​

អភិបាល​រដ្ឋធានី​មូស្គូ​ លោក​ Sergei Sobyanin ​បាន​និយាយ​លើ​តេឡេក្រាម​ថា​ អគារ​នោះជា​អគារ​ដដែល​ដែល​ធ្លាប់​រង​ការវាយប្រហារ​ដោយ​ដ្រូន​របស់​អ៊ុយក្រែន​កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ផង​ដែរ។

គេ​មិន​ឃើញ​មាន​សេចក្តី​រាយការណ៍​ពី​អ្នក​របួស ដោយ​ការ​វាយប្រហារនៅ​ថ្ងៃ​អង្គារ​នេះ​ទេ។
យន្តហោះ​ដ្រូន​របស់​អ៊ុយក្រែន​ បាន​ធ្វើ​ការ​វាយប្រហារ​ជា​ច្រើន​លើក លើ​តំបន់​រដ្ឋធានីរបស់​ប្រទេស​រុស្ស៊ីនៅ​ក្នុង​ខែ​កក្កដា​កន្លង​ទៅ​នេះ​ ដែល​ជា​ការ​បង្ហាញពី​ស្ថានភាព​ងាយ​រងគ្រោះរបស់​រដ្ឋធានី​មូស្គូ​ ខណៈ​ពេល​ដែលសង្គ្រាមរុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន​ កំពុង​ឈាន​ចូលដល់​ខែ​ទី​១៨​របស់​ខ្លួន​ហើយ​។ ​

ការ​វាយ​ប្រហារ​តាម​ដ្រូន​របស់​អ៊ុយក្រែន ដែល​រួមទាំង​ការ​វាយប្រហារ​នៅ​ថ្ងៃ​អង្គារ​នេះ​ផង​ដែរ​ មាន​រួម​សំដៅ​ទៅ​លើតំបន់​ពាណិជ្ជកម្ម​ Moskva-Citi ដែល​ស្ថិត​នៅ​ចម្ងាយ​ជា​ច្រើន​គីឡូម៉ែត្រ​ពី​វិមាន​ក្រឹមឡាំង​ ដែល​ធ្វើ​ឱ្យ​មាន​ការ​ភ័យ​រន្ធត់​ពី​ក្រុម​បុគ្គលិកនិង​និយោជក​នៅ​ទីនោះ​ ដែល​មាន​អារម្មណ៍​គិត​ថា​ សង្គ្រាម​បាន​ចូល​មក​ដល់​មជ្ឈមណ្ឌល​ដ៏​សំខាន់​របស់​រុស្ស៊ី​ហើយ​នៅពេល​នេះ។

ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំមួយ​របស់​រុស្ស៊ី​ឈ្មោះ​ Yandex​ ដែលមាន​ការិយាល័យ​ជា​ច្រើន​កន្លែង​នៅ​ជុំវិញ​រដ្ឋធានី​មូស្គូ​ និង​តំបន់​ពាណិជ្ជកម្ម​ Moskva-Citi​ បានប្រាប់​បុគ្គលិក​របស់​ខ្លួន​ឱ្យ​ច​ចេញ​ពី​កន្លែង​ធ្វើ​ការ​នៅ​ពេល​យប់​ ដែល​ការ​វាយប្រហារ​លើរដ្ឋធានី​មូស្គូច្រើន​តែ​កើត​មាន​ឡើង​នៅ​ពេល​នោះ។​ ​

សហរដ្ឋអាមេរិក​មិនលើក​ទឹកចិត្ត​ឬ​គាំទ្រ​ឱ្យ​មាន​ការ​វាយប្រហារ​ទៅ​លើ​ទឹកដីខាង​ក្នុង​ប្រទេស​រុស្ស៊ី​នោះ​ឡើយ។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​សម្របសម្រួល​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិសេតវិមាន​ ដែល​បាន​ប្រាប់​ទូរទស្សន៍​ CNN កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ៕ ​

ព័ត៌មាន​មួយ​ចំនួន​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន​ The Associated Press, Agence France-Presse និង Reuters។

XS
SM
MD
LG