ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អ៊ីរ៉ង់​និយាយ​ថា​ ខ្លួន​​ចាប់ផ្ដើម​ជំរុញ​​ការចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​​​រហូត​ដល់​២០%


រូបឯកសារ៖ ទង់ជាតិ​អ៊ីរ៉ង់​ត្រូវ​បាន​ដោត​នៅ​ពី​មុខ​រោងចក្រ​ផលិត​នុយក្លេអ៊ែរ​ Bushehr របស់​អ៊ីរ៉ង់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រទេស​អ៊ីរ៉ង់​និយាយថា​ ខ្លួន​បាន​ចាប់​ផ្តើម​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូមរហូតដល់​២០​% ដែល​ជា​ជំហាន​ចុង​ក្រោយ​របស់​ខ្លួន​ ​ផ្ទុយ​ពី​កិច្ចព្រម​ព្រៀង​អន្តរជាតិ​ឆ្នាំ​២០១៥​ ដែល​បាន​កំហិត​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់ប្រទេស​នេះ ជា​ថ្នូរ​នឹង​ការដកចេញ​ទណ្ឌកម្ម​ផ្សេងៗ។​

សារព័ត៌មាន​ក្នុង​ស្រុក​របស់​អ៊ីរ៉ង់​ បាន​ដក​ស្រង់​សម្តី​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាលលោក​ Ali Rabiei ដោយ​និយាយ​ថា​ ​ការ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​ក្នុង​កម្រិត​ខ្ពស់​មួយ​ ត្រូវ​បាន​ចាប់​ផ្តើម​ឡើង​កាលពី​ថ្ងៃ​ចន្ទ ​នៅក្នុង​រោងចក្រ​ Fordo ​ដែល​ស្ថិត​ក្នុង​រូង​ភ្នំ។

ក្នុង​ពេល​កន្លង​ទៅ អ៊ីរ៉ង់​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​ដល់​ត្រឹម​កម្រិត​ប្រមាណ​៤,៥% ​តែ​ប៉ុណ្ណោះ។​

ការចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​ ក្នុងចំនួន​ដ៏​ច្រើន​នេះ​ បាន​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ​ថា​អ៊ីរ៉ង់​អាច​នឹងផលិត​អាវុធ​នុយក្លេអ៊ែរ​ ដែល​តម្រូវ​ឲ្យមាន​សារធាតុ​អ៊ុយរ៉ាញ៉ូម​ ប្រមាណ​៩០%។ ​ប្រទេស​អ៊ីរ៉ង់​ធ្លាប់​បាន​និយាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ថា​ ខ្លួន​គ្មាន​បំណង​ផលិត​អាវុធ​នុយក្លេអ៊ែរ​ទេ​ ហើយ​ថា​ កម្មវិធីនុយក្លេអ៊ែរ​របស់​ខ្លួន​នេះ​ គឺ​សម្រាប់​ប្រើប្រាស់​ក្នុង​គោល​បំណង​សន្តិភាព​តែ​ប៉ុណ្ណោះ។

សហរដ្ឋ​អាមេរិក​ បានដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​កម្មវិធី​នុយក្លេអ៊ែរអ៊ីរ៉ង់​ ក្នុង​ឆ្នាំ​២០១៨​ និង​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ជា​ពិសេសផ្តោត​ទៅ​លើ​វិស័យ​ផលិត​ប្រេង​ដ៏​សំខាន់​របស់​អ៊ីរ៉ង់។ ​

ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​សហរដ្ឋ​អាមេរិក​ លោក Joe Biden​ លើក​ឡើង​ថាលោកមាន​បំណង​នឹង​ចូលរួម​ ក្នុង​កិច្ចព្រមព្រៀង​នោះ​ឡើង​វិញ ​ប្រសិន​បើ​អ៊ីរ៉ង់ងាក​ត្រឡប់​មក​អនុវត្ត​តាម៕

XS
SM
MD
LG