ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រុស្ស៊ី​នឹង​ចាត់​ទុក​យន្ត​ហោះ​អាមេរិក​ហោះ​នៅ​ស៊ីរី​ថា​ជា«​គោលដៅ‍»​របស់​ពួក​គេ


យន្ត​ហោះ Super Hornet ​មួយ​គ្រឿង​កំពុង​ហោះឡើង​ពី​មូលដ្ឋាន​ទ័ព​ជើង​ទឹក​អាមេរិក​នៅ​លើ​នាវា​ចម្បាំង USS Nimitz។ យន្ត​ហោះ​ប្រភេទ​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បាញ់​ទម្លាក់​យន្តហោះ​ស៊ីរី SU-22 កាល​ពី​ថ្ងៃអាទិត្យ។

រុស្ស៊ី​និយាយ​ថា ឥឡូវ​នេះ​ខ្លួន​នឹង​ចាត់​ទុក​យន្តហោះ​របស់​ក្រុម​សម្ព័ន្ធ​មិត្ត​ដែល​ដឹកនាំ​ដោយ​អាមេរិក​ដែល​ហោះ​កាត់​ប្រទេស​ស៊ីរី ជា​គោលដៅ បន្ទាប់​ពី​យន្តហោះ​ចម្បាំង​អាមេរិក​មួយ​គ្រឿង​បាន​បាញ់​ទម្លាក់​យន្តហោះ​យោធា​ស៊ីរី​ជា​លើក​ដំបូង​បង្អស់​ក្នុង​ជម្លោះ​រយៈ​ពេល​៦​ឆ្នាំ​មក​នេះ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ យោធា​រុស្ស៊ី​ក៏​បាន​ឲ្យ​ដឹង​ថា ខ្លួន​កំពុង​តែ​ផ្អាក​ការ​ប្រើប្រាស់​ទូរស័ព្ទ​សម្រាប់​ហេតុការណ៍​អាសន្ន​មួយ​ខ្សែ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ហេតុការណ៍​ចៃដន្យ​ណា​មួយ​ដែល​ពាក់ព័ន្ធ​នឹង​យោធា។ ​

ថ្វីដ្បិត​តែ​រុស្ស៊ី​បាន​ចេញ​សេចក្តីថ្លែងការណ៍​យ៉ាង​ដូច្នេះ​ក៏​ដោយ ក៏​លោក​ឧត្តមសេនីយ៍ Joseph Dunford ប្រធាន​ក្រុម​នាយ​អគ្គសេនាធិការ​ចម្រុះ​អាមេរិក​បាន​ថ្លែង​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ថា​ក្រុម​មន្ត្រី​កំពុង​តែ​ព្យាយាម​បង្កើត​ខ្សែ​របស់​ខ្លួន​ឡើង​វិញ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ដ៏​ប្រល័យ ហើយ​ថា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​កុំ​ឲ្យ​មាន​ជម្លោះ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​កាល​ពី​ពេល​មុន។

កាល​ពី​មុន យោធា​រុស្ស៊ី​បាន​ចោទប្រកាន់​ថា «បញ្ជាការ​របស់​កងកម្លាំង​នៃ​ក្រុម​សម្ព័ន្ធ​មិត្ត​មិន​បាន​ប្រើប្រាស់​ខ្សែ​ទំនាក់​ទំនង​ដែល​បាន​បង្កើត​រួច​ហើយ​ដើម្បី​ទប់ស្កាត់​ដល់​ហេតុការណ៍​នានា​នៅ​ក្នុង​ដែន​អាកាស​របស់​ស៊ីរី​នោះ​ទេ‍»។ ប្រតិកម្ម​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ បាន​កើតមាន​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​យន្តហោះ​ចម្បាំង​អាមេរិក​មួយ​គ្រឿង​បាន​បាញ់​ទម្លាក់​យន្តហោះ​របស់​ស៊ីរី​សម្រាប់​ទម្លាក់​គ្រាប់​លើ​អ្នក​ប្រយុទ្ធ​ដែល​អាមេរិក​គាំទ្រ ដែល​ប្រយុទ្ធ​ជាមួយ​នឹង​ក្រុម​រដ្ឋ​ឥស្លាម។ ​

អាមេរិក​បាន​ហៅ​ការ​វាយ​ប្រហារ​របស់​ខ្លួន​ថា​ជា​សកម្ម «ការពារ​ខ្លួន​របស់​កងកម្លាំង​ដែល​ជា​ដៃ​គូ​របស់​ក្រុមសម្ព័ន្ធមិត្ត‍»៕

XS
SM
MD
LG