ប្រធានាធិបតីបារាំងថ្មី លោក Emmanuel Macron បានចាត់ទុកបណ្តាញសារព័ត៌មាន RT និងបណ្តាញសារព័ត៌មាន Sputnik ដែលគាំទ្រដោយរដ្ឋាភិបាលក្រុងក្រឹមឡាំង ថាជាសារព័ត៌មានបែប «ឃោសនា» ក្រោយពេលដែលលោកបានជួបពិភាក្សាផ្ទាល់ជាលើកដំបូងជាមួយនឹងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin។
លោក Macron បានហៅបណ្តាញសារព័ត៌មានទាំងនេះថាជា «ផ្នែកនៃឥទ្ធិពលនិងការឃោសនា» ប្រឆាំងនឹងរូបលោកនៅក្នុងអំឡុងការបោះឆ្នោតប្រធានាធិបតីនៅប្រទេសបារាំង ដែលនៅពេលនោះលោក Putin ត្រូវបានគេឃើញថា គាំទ្រលោកស្រី Marine Le Pen ដែលជាបេក្ខជនម្នាក់មកពីគណបក្សអភិរក្សនិយម។ ការចូលលួចយកព័ត៌មានតាមរយៈប្រព័ន្ធអ៊ីនធឺណិតដែលត្រូវបានចោទប្រកាន់នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Macron ត្រូវបានគេរកឃើញថា មានពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី។
លោក Putin បានបដិសេធការចោទប្រកាន់នេះ នៅក្នុងងសន្និសីទសារព័ត៌មានកាលពីថ្ងៃច័ន្ទ នៅវិមាន Versailles នៃប្រទេសបារាំង ដោយលើកឡើងថារដ្ឋាភិបាលក្រុង ក្រឹមឡាំង មិនបានព្យាយាមជះឥទ្ធិពលលើការបោះឆ្នោតនៅប្រទេសបារាំងទេ ក៏ប៉ុន្តែ លោក Putin មិនបានធ្វើការលើកឡើងផ្សេងទៀត ដើម្បីការពារជំនួបរវាងរូបលោក និងអ្នកស្រី Le Pen កាលពីខែមីនាកន្លងទៅនេះឡើយ។
លោក Macron បាននិយាយថា លោកក៏បានពិភាក្សាអំពីបញ្ហាសិទ្ធិរបស់ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា LGBT នៅក្នុងតំបន់ Chechnya ផងដែរ៕