ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី Trump ជួប​ជាមួយ​នឹង​រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី​ស្តី​អំពី​បញ្ហា​ស៊ីរី


លោក​ប្រធានាធិបតី​ Donald Trump ជួប​ជាមួយ​នឹង​រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី Sergey Lavrov (រូប​ទី២​ខាង​ឆ្វេង) នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​ Donald Trump ជួប​ជាមួយ​នឹង​រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី Sergey Lavrov (រូប​ទី២​ខាង​ឆ្វេង) នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។

មួយ​ថ្ងៃ​ក្រោយ​ពី​បាន​ដក​ចេញ​ពី​តំណែង​របស់​ប្រធាន​ទីភ្នាក់ងារស៊ើបអង្កេត​អំពី​ចំណង​ទាក់ទង​របស់​រដ្ឋបាល​លោក​ជាមួយ​ប្រទេស​រុស្ស៊ី​មកលោក​ប្រធានាធិបតី​ Donald Trump បាន​ទទួល​លោក​រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី​ Sergei Lavrov នៅ​ឯសេតវិមាន​ដើម្បី​ធ្វើ​ការ​ចរចា​ផ្តោតការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ប្រទេស​ស៊ីរី។

លោក Trump បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែត​នៅ​ក្រោយ​ជំនួប​នេះ​ថា «ខ្ញុំ​មាន​ជំនួប​មួយ​ល្អ​ណាស់​ជាមួយ​លោក Lavrov។ ​ខ្ញុំ​យល់​ថា​ជា​ការ​ល្អ​ប្រសើរ​ណាស់»។

ដោយ​អង្គុយ​នៅ​ក្នុង​បន្ទប់​រាង​ពង​ក្រពើ​ដោយ​មាន​លោក​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ស.រ.អា. Henry Kissinger អង្គុយ​នៅ​ជិត​លោក លោក Trump បាន​និយាយ​ផ្តល់​សេចក្តី​ល្អិតល្អន់​បន្តិច​បន្តួច​អំពី​ការ​ពិភាក្សា​របស់​លោក​ជាមួយ​អ្នក​ការ​ទូត​រុស្ស៊ី​រូប​នេះ។​ លោក​ប្រធានាធិបតី​បាន​ថ្លែង​ថា «ខ្ញុំ​យល់​ថា​យើង​នឹង​ចាត់​វិធានការ​ល្អ​ប្រសើរ​អំពី​បញ្ហា​ប្រទេស​ស៊ីរី។​ ខ្ញុំ​យល់​ថា​អ្វី​ដែល​កំពុង​កើត​មាន​ឡើង​មាន​ភាព​វិជ្ជមាន​ពិត​ប្រាកដ។ យើង​នឹង​បញ្ឈប់​ការ​សម្លាប់ និង​ការ​ស្លាប់​របស់​មនុស្ស»។

ទស្សនកិច្ច​របស់​លោក​ Lavrov ជា​ជំនួប​កម្រិត​ខ្ពស់​បំផុត​ដែល​លោក​ Trump បាន​ធ្វើ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ចាប់​តាំង​ពីលោក​បាន​ចូល​កាន់​តំណែង ហើយ​ជំនួប​នេះ​បាន​ធ្វើ​ឡើង​មួយ​ខែ​ក្រោយ​ពេល​លោក​ប្រធានាធិបតី​បាន​និយាយ​ថា ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​មូស្គូ​មាន​កម្រិត​ទាប​បំផុត​ជាង​ពេល​ណាៗ​ទាំង​អស់។ ពួក​មន្ត្រី​ស.រ.អា. និង​រុស្ស៊ី​បាន​និយាយ​ថា ​កំពុង​មាន​ការ​ពិភាក្សា​គ្នា​អំពី​លទ្ធភាព​នៃ​ជំនួប​មួយ​រវាង​លោក​ Trump និង​លោក Putin នៅ​ខាង​ក្រៅ​សន្និសីទ​កំពូល​នៃ​ក្រុម​ប្រទេស G-20 នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ក្នុង​ខែ​កក្កដា​ខាង​មុខនេះ៕

XS
SM
MD
LG