ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ីវាយប្រហារតាមអាកាសលើរដ្ឋធានីកៀវ


ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងធ្វើប្រតិបត្តិការនៅទីតាំងមួយបន្ទាប់ពីការវាយប្រហារ​របស់រុស្ស៊ីលើទីក្រុងកៀវ ប្រទេសអ៊ុយក្រែន នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។
ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងធ្វើប្រតិបត្តិការនៅទីតាំងមួយបន្ទាប់ពីការវាយប្រហារ​របស់រុស្ស៊ីលើទីក្រុងកៀវ ប្រទេសអ៊ុយក្រែន នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។

រុស្ស៊ី​បាន​វាយ​ប្រហារ​តាម​អាកាស​លើ​រដ្ឋធានី​កៀវ​នៃ​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ហើយ​ កងទ័ព​ជើង​អាកាស​អ៊ុយក្រែន​ថា​ខ្លួន​បាន​បាញ់​ទម្លាក់​មីស៊ីល​ទាំង ៣១ គ្រឿង​របស់​រុស្ស៊ី។

អភិបាល​រដ្ឋធានី​កៀវ​លោក Vitali Klitschko បាន​បញ្ជាក់​តាម Telegram ថា​បំណែករបស់​រ៉ុក្កែត​ទាំង​នោះ​បាន​ធ្លាក់​លើ​សង្កាត់​ជាច្រើន​នៅ​ក្នុង​ទីក្រុង​នោះ ដោយ​ប៉ះ​ចំ​អគារ​លំនៅដ្ឋាននិង​បណ្ដាល​ឱ្យ​មាន​ភ្លើង​ឆេះ​មួយ​ចំនួន​ផងដែរ។

លោក Klitschko បាន​និយាយ​ថា មនុស្ស​យ៉ាងតិច ១០ នាក់​បាន​រងរបួស។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​បញ្ជាក់​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ «អំពើ​ភេរវកម្ម​ដូចនេះ​នៅ​បន្ត​ជា​រៀងរាល់​ថ្ងៃ​និង​រៀងរាល់​យប់»។

លោក Zelenskyy បាន​អំពាវនាវ​ឱ្យ​មាន​ការ​គាំទ្រ​ពី​ដៃគូ​នានា​របស់​អ៊ុយក្រែន ជាពិសេស​ឱ្យ​មាន​ការ​ផ្ដល់​ប្រព័ន្ធ​ការពារ​ដែន​អាកាស។

ការ​វាយ​ប្រហារ​លើ​រដ្ឋធានី​កៀវ​នេះ​បាន​កើតឡើង​មួយ​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​លោក Zelenskyy បាន​ទទួល​ជួប​ពិភាក្សា​ជាមួយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន​លោក Jake Sullivan។

លោក Sullivan មាន​បំណង​ធានា​ចំពោះ​អ៊ុយក្រែន​ថា សហរដ្ឋ​អាមេរិក​នៅ​បន្ត​គាំទ្រ​អ៊ុយក្រែន និង​ថា​ទោះបីជា​មាន​ការ​ពន្យារពេល​អនុម័ត​លើ​ជំនួយ​នៅ​រដ្ឋសភា​អាមេរិក​ក៏ដោយ ក៏​ជំនួយ​ចំនួន​រាប់​ពាន់​លាន​ដុល្លារ​នឹង​ត្រូវ​បញ្ជូន​ទៅ​អ៊ុយក្រែន​ជា​មិនខាន។

លោក Sullivan បាន​ជួប​ជាមួយ​លោក Andriy Yermak ដែល​ជា​នាយក​ខុទ្ទកាល័យ​ប្រធានាធិបតី​អ៊ុយក្រែន។ ពួកគេ​បាន​ពិភាក្សា​គ្នា​អំពី​អ្វី​ដែល​អ៊ុយក្រែន​ត្រូវការ​នៅ​សមរភូមិ​និង​អំពី​កិច្ចប្រជុំ​កំពូល​ពីរ​ដែល​នឹង​ចូល​មក​ដល់​ឆាប់ៗ​នេះ ដែល​នោះ​គឺ​កិច្ច​ប្រជុំ​របស់​អង្គការ​អូតង់ (NATO) នៅ​ខែ​កក្កដា​ខាង​មុខ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន និង​កិច្ច​ប្រជុំ​អំពី​សន្តិភាព​នៅ​ក្នុង​ប្រទេស​ស្វីស​ដែល​អាច​ធ្វើ​ឡើង​នៅ​រដូវ​ផ្ការីក​នេះ។ លោក Yermak បាន​និយាយ​ថា ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី អាច​ចូលរួម ប៉ុន្តែ​អ៊ុយក្រែន​នឹង​មិន​អញ្ជើញ​រុស្ស៊ី​ឱ្យ​ចូលរួម​នោះទេ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG