ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ីរាយការណ៍ថាបានបំផ្លាញមីស៊ីលនិងដ្រូនរបស់អ៊ុយក្រែន


ស្ត្រីម្នាក់ឈរនៅច្រកចូលសាលាមត្តេយ្យមួយ​ដែលរងការវាយប្រហាររបស់​អ៊ុយក្រែ នៅតំបន់ជម្លោះ Belgorod ក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។
ស្ត្រីម្នាក់ឈរនៅច្រកចូលសាលាមត្តេយ្យមួយ​ដែលរងការវាយប្រហាររបស់​អ៊ុយក្រែ នៅតំបន់ជម្លោះ Belgorod ក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​រាយការណ៍​នៅ​ថ្ងៃពុធ​នេះ​ថា ​ខ្លួន​បាន​បញ្ជៀស​ការវាយ​ប្រហារ​របស់​អ៊ុយក្រែន​ដោយ​មីស៊ីល​និង​ដ្រូន​លើ​តំបន់​រុស្ស៊ី​មួយ​ចំនួន​ ស្របពេល​ដែល​ប្រធាន​កិច្ចការ​គោលនយោបាយ​ការបរទេស​របស់​សហភាព​អឺរ៉ុប លោក Joseph Borrell ​បាន​ស្នើឱ្យ​ប្រើប្រាស់​ប្រាក់ចំណូល​ដែលបាន​មកពី​ការបង្កក​ទ្រព្យ​សម្បត្តិ​របស់​រុស្ស៊ី​នៅ​អឺរ៉ុប ​ដើម្បី​យកទៅ​បន្ថែម​លើ​មូលនិធិ​មួយ ​សម្រាប់​បញ្ជូន​ជំនួយ​យោធា​ឱ្យ​អ៊ុយក្រែន។

រុស្ស៊ី​បាន​និយាយ​ថា ​កងការពារ​ដែន​អាកាស​របស់​ខ្លួន​បាន​បំផ្លាញ​មីស៊ីល​អ៊ុយក្រែន​១៣ ​គ្រាប់ ​និង​ដ្រូន​មួយ​គ្រឿង ​លើ​តំបន់ Belgorod ​ដែល​នៅ​ជាប់​ប្រទេស​អ៊ុយក្រែន។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​និយាយ​ថា ​ខ្លួន​បាន​បំផ្លាញ​ដ្រូន​អ៊ុយក្រែន ​៤ ​គ្រឿង​ទៀត​ លើ​តំបន់ ​Saratov ​នៅ​ភាគខាងជើង​ប្រទេស​រុស្ស៊ី។

អភិបាល​តំបន់ ​Saratov ​លោក Roman Busargin ​បាន​សរសេរ​លើ​បណ្តាញ​សង្គម Telegram ​ថា ​គ្មាន​មនុស្ស​រងរបួស​ឬ​ស្លាប់​ទេ ​ហើយ​គ្មាន​ការខូចខាត​ដោយសារ​កម្ទេច​ដែល​ធ្លាក់លើ​ដី​ទេ។

នៅក្នុង​ទីក្រុង​ព្រុចសែល​ លោក Borrell ​បាន​ដាក់​សំណើ​របស់​លោក ​ដើម្បី​យកប្រាក់​ចំណូល​បាន​មកពី​ការប្រាក់​លើទ្រព្យ​សម្បត្តិ​របស់​រុស៊្សី ​និង​យក​ប្រាក់​នោះ​ចំនួន​ ៩០ ​ភាគរយ ​ទៅដាក់ក្នុង​អង្គភាព​រក្សា​សន្តិភាព​អឺរ៉ុប។

លោក​បាន​ថ្លែង​ថា ​ប្រាក់​នោះ​មាន​ចំនួន​ប្រហែល​ ៣.០០០​ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន លោក Denys Shmyhal ​បាន​ស្ថិត​នៅក្នុង​ទីក្រុង​ព្រុចសែល ​ដើម្បី​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ជាមួយ​ក្រុមមន្ត្រី​សហភាព​អឺរ៉ុប​ ដែល​លោក Borrell បាន​និយាយ​ថា ​មាន​រួមទាំង​ការពិភាក្សា​អំពី​ការគាំទ្រ​អ៊ុយក្រែនក្នុង​ការការពារ​ខ្លួន​ប្រឆាំង​នឹង​រុស្ស៊ី ​និង​ការរក​វិធីឱ្យ​អ៊ុយក្រែន​ចូលជា​សមាជិក​នៃ​សហភាព​អឺរ៉ុប៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះត្រូវបានដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​REUTERS

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG