អនុសញ្ញាទីក្រុងរ៉ូម បានបង្កើតឲ្យមានតុលាការឧក្រិដ្ឋកម្មអន្តរជាតិនេះ នៅឆ្នាំ១៩៩៨។ បន្ទាប់ពីបង្កើតបានពីរឆ្នាំក្រោយមក រដ្ឋាភិបាលទីក្រុងមូស្គូ ក៏បានចុះហត្ថលេខាលើអនុសញ្ញានេះ ប៉ុន្តែមិនដែលទទួលបានសច្ចាប័នឡើយ។
នៅក្នុងការដកខ្លួនចេញ ក្រសួងការបរទេសនៃទីក្រុងមូស្គូ បានចោទតុលាការដែលមានទីតាំងនៅទីក្រុងឡាអេ ថា «មិនមានឯករាជ្យភាពពិតប្រាកដ» និងបានបដិសេធចោលកិច្ចការរបស់តុលាការនេះថាធ្វើការ «ប្រកាន់តែម្ខាង និងគ្មានប្រសិទ្ធផល»។
ការដកខ្លួនចេញនេះ កើតឡើងមួយថ្ងៃក្រោយបន្ទាប់ពីប្រធានព្រះរាជអាជ្ញាតុលាការ ចេញផ្សាយរបាយកាណ៍មួយដែលបញ្ជាក់ថា ស្ថានភាពនៅក្នុងតំបន់ឧបទ្វីប Crimea និងទីក្រុង Sevastopol «ពិតជាតំបន់ដែលនៅតែស្ថិតក្រោមការកាន់កាប់» របស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ ទីក្រុងមូស្គូបានដាក់បញ្ចូលបន្ថែមដែនដីអ៊ុយក្រែននេះ នៅខែមីនា ឆ្នាំ២០១៤ ក្រោយពីមានការរិះគន់យ៉ាងខ្លាំងតាមការស្ទង់ប្រជាមតិ។
ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សដែលរួមមានលោកស្រី Elizabeth Evenson នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា ការដកខ្លួនរបស់ទីក្រុងមូស្គូ នឹងមិនជះឥទ្ធិពលដល់កិច្ចការរបស់តុលាការឡើយ។
លោកស្រី Elizabeth Evenson បាននិយាយថា៖ «វាពិតជាគ្មានផលប៉ះពាល់អ្វីឡើយ។ ជាក់ស្តែង ទោះបីជាប្រទេសរុស្ស៊ីបានចុះហត្ថលេខាអនុសញ្ញាបង្កើតតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក៏ដោយ ក៏ប៉ុន្តែ រុស្ស៊ីមិនដែលជាសមាជិករបស់តុលាការទេ។ ដូច្នេះ រឿងនេះ មិនមែនជារឿងធំសម្រាប់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICCផ្ទាល់នោះទេ»។
លោកស្រី Evenson បាននិយាយថាវាពិតជាបង្ហាញអំពីការដកថយរបស់ប្រទេសរុស្ស៊ី ចេញការប្តេជ្ញាចិត្តនិងប្រព័ន្ធយុត្តិធម៌អន្តរជាតិ។ លោកស្រីបន្ថែមថាអង្គការឃ្លាំមើលសិទ្ធិមនុស្ស យល់ថាទង្វើនេះ គឺជាផ្នែកមួយនៃ «ការបង្កគ្រោះថ្នាក់លំនាំទ្រង់ទ្រាយធំ» ដែលទីក្រុងមូស្គូកំពុងធ្វើទៅលើប្រជាជនសាមញ្ញ និងការទទួលបានយុត្តិធម៌សម្រាប់ប្រជាជនទាំងនោះ។
ប្រែសម្រួលដោយ សើ សាយ្យាណា