រុស្ស៊ីបានពង្រឹងការវាយប្រហាររបស់ខ្លួនទៅលើអ្វីដែលរដ្ឋាភិបាលក្រឹមឡាំង (Kremlin) និយាយថា ជាទីដៅរបស់ក្រុមរដ្ឋឥស្លាមនៅស៊ីរី ដោយបានធ្វើការបាញ់ប្រហារទាំងតាមផ្លូវគោក និងផ្លូវទឹក ខណៈពេលមានរបាយការណ៍ផ្សេងៗពីការវាយប្រហារផ្លូវគោកដោយក្រុមកងទ័ពស្មោះស្ម័គ្រនឹងមេដឹកនាំស៊ីរីលោក Bashar al-Assad។
នៅក្នុងការផ្សាយតាមកញ្ចក់ទូរទស្សន៍ពីវិមានប្រធានាធិបតីនៅក្រុង Sochi រដ្ឋមន្រ្តីការពារជាតិរបស់រុស្ស៊ី លោក Sergei Shoigu បានប្រាប់ទៅកាន់លោកប្រធានាធិបតី Putin ថា នាវាចម្បាំងរុស្ស៊ីចំនួនបួននៅសមុទ្រ Caspian បានបាញ់គ្រាប់មីស៊ីល២៦គ្រាប់ទៅកាន់ទីតាំងដែលក្រុមរដ្ឋឥស្លាមរស់នៅក្នុងស៊ីរី។ លោក Shoigu បាននិយាយថា គ្រប់គ្រាប់មីស៊ីលទាំងអស់បានបាញ់ចំគោលដៅ។
លោក Putin បានធ្វើការសាទរកិច្ចប្រឹងប្រែងរបស់ក្រុមយោធានៅស៊ីរីមកទល់ពេលនេះ ប៉ុន្តែបានព្រមានថា វានៅតែឆាប់នៅឡើយនៅក្នុងការនិយាយពីលទ្ធផលពេលនេះ។ លោកប្រធានាធិបតីក៏បានបញ្ជាឲ្យលោក Shoigu បន្តស្វះស្វែងផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយនឹងសហរដ្ឋអាមេរិក តួកគី អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ និងអ៊ីរ៉ាក់ទៅលើយុទ្ធនាការនៅស៊ីរី។
យ៉ាងហោចណាស់មានចម្ងល់ខ្លះៗពីអ្វីដែលរដ្ឋាភិបាលក្រុងមូស្គូបានដាក់បង្ហាញជាសាធារណៈនូវគោលដៅស្រដៀងគ្នាជាច្រើនទៅនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ នោះគឺ ការកម្ទេចចោលនូវការគំរាមកំហែងទាំងឡាយពីសំណាក់ក្រុមរដ្ឋឥស្លាម និងនាំសន្តិភាពមកឲ្យស៊ីរី។
ប៉ុន្តែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបាននិយាយថា រុស្ស៊ីប្រហែលមានគោលដៅមួយផ្សេងទៀត ដែលនេះគឺ ការពង្រឹងលើកស្ទួយរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad ដែលជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលក្រុងមូស្គូ។
របាយការណ៍បឋមបានបង្ហាញថា រុស្ស៊ីកំពុងតែផ្តោតការវាយប្រហារតាមអាកាសរបស់ខ្លួនទៅលើតំបន់ដែលត្រូវបានគ្រប់គ្រងដោយកងកម្លាំងប្រឆាំងលោក Assad ជាជាងតំបន់នៃរដ្ឋឥស្លាម។
រដ្ឋាភិបាលក្រឹមឡាំងបានច្រានចោលការលើកឡើងដូចនេះ។ ដោយនិយាយទៅកាន់ទូរទស្សន៍ជាតិ អនុរដ្ឋមន្រី្តក្រសួងការពារជាតិ លោក Antatolii Antonov បានកត់សម្គាល់ថា ការទម្លាក់គ្រាប់បែកបានកំណត់គោលដៅទៅលើទីតាំងរបស់ក្រុមភេរវជនជាមួយនឹងភាពច្បាស់លាស់១០០ភាគរយ។
លោក Vladimir Ryzhkov អតីតសមាជិកនៃក្រុមប្រឹក្សា Duma របស់រុស្ស៊ី និងជាឥស្សរជននយោបាយបក្សប្រឆាំងមួយរូបបានប្រាប់ VOA ថា យុទ្ធនាការរបស់រុស្ស៊ីបានកំពុងបង្ហាញពីកំណែ ទម្រង់យោធាប្រកបដោយប្រសិទ្ធភាព ដែលត្រូវបានធ្វើឡើងអស់រយៈពេលប្រាំឆ្នាំកន្លងមកនេះ។
លោកបានបន្តថា ខ្ញុំមានអារម្មណ៍ថា មន្រ្តីយោធារុស្ស៊ីបានកំពុងបង្ហាញទៅអាមេរិកថា ពួកគេក៏មានយន្តហោះ និងគ្រាប់បែកដូចគ្នានេះដែរ។ ពួកគេក៏អាចធ្វើយុទ្ធនាការយោធាដូចអាមេរិកផងដែរ។ លោកបានបន្ថែមថា យោធាជំនាន់ថ្មីរបស់រុស្ស៊ីនេះ ពិតជាមានសមត្ថភាពខ្លាំងណាស់។
ប្រជាជនរុស្ស៊ីបានបង្ហាញនូវការយល់ព្រមបែបស្ទាក់ស្ទើរមួយទៅលើយុទ្ធនាការវាយប្រហារតាមអាកាសរបស់រដ្ឋាភិបាលក្រឹមឡាំងប្រឆាំងនឹងក្រុមរដ្ឋឥស្លាម។ ប៉ុន្តែពួកគេមិនសូវបង្ហាញការយល់ព្រមប៉ុន្មានទៅនឹងវត្តមានកងកម្លាំងយោធារុស្ស៊ីនៅស៊ីរីទេ នេះជាអ្វីដែលរដ្ឋាភិបាលក្រឹមឡាំងបានអះអាងថា មិនអាចកើតមានឡើយសម្រាប់ពេលឥឡូវនេះ។
ប៉ុន្តែឥស្សរជននយោបាយមួយចំនួន ដែលក្នុងនោះរួមមានមេដឹកនាំតំបន់ Chechnya លោក Ramzan Kadyrov បានអំពាវនាវឲ្យក្រុមអ្នកស្ម័គ្រចិត្តរុស្ស៊ីចូលរួមជាមួយនឹងយោធាស៊ីរីនៅក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាម។
ការណ៍នេះ គឺជាការក្រើនរំលឹកពីសកម្មភាពរបស់រុស្ស៊ីនៅប្រទេសអ៊ុយក្រែន ទីដែលនិយមន័យទាហាន និងអ្នកស្ម័គ្រចិត្តមិនទាន់បានបែងចែកឲ្យច្បាស់នៅឡើយ យោងទៅតាមបរិបទរបស់រដ្ឋាភិបាលក្រុងមូស្គូ។
ហើយបន្ទាប់មក មានអ្នកដែលមានក្តីបារម្ភពីការបង្កកំហុសដដែលឡើងវិញម្តងទៀត ដូចនៅពេលដែលរុស្ស៊ីបានចូលលុកលុយអាហ្វហ្គានីស្ថាន។
លោកស្រី Valentina Melnikova នៃគណៈកម្មាការមាតាទាហាន (Soldiers Mothers Committee) ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយដែលការពារផលប្រយោជន៍ក្រុមគ្រួសារយោធិនបានធ្វើការរំលឹកពីរឿងរ៉ាវនៅអាហ្វហ្គានីស្ថានថា ក្រុមអាជ្ញាធររុស្ស៊ីក៏បាននិយាយពីយុទ្ធនាការមួយដែលទំហំនៅមានកម្រិតដូចគ្នានេះដែរ។
ជាមួយនឹងយុទ្ធនាការវាយប្រហារតាមអាកាសនៅស៊ីរីដែលមានអាយុកាលត្រឹមតែមួយសប្តាហ៍ រដ្ឋាភិបាលក្រឹមឡាំងហាក់ដូចជាមានគោលបំណងបញ្ចៀសពីការប្រៀបធៀបទៅនឹងរឿងរ៉ាវពីអតីតកាល៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា