រុស្ស៊ីបានសុំឲ្យអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិបើកការស៊ើបអង្កេតថ្មីនៅក្នុងការធ្លាក់ជើងហោះហើរ MH-17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីកាលពីឆ្នាំទៅ នៅតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។
ថ្លែងកាលពីថ្ងៃពុធនៅទីក្រុងមូស្គូ លោក Oleg Storchevoy អនុប្រធានទីភ្នាក់ងារអាកាសចរណ៍ហព័ន្ធរុស្ស៊ី បានប្រឆាំងលទ្ធផលនៃការស៊ើបអង្កេតរបស់ប្រទេសហូឡង់ ហើយបាននិយាយថា រុស្ស៊ីមានសិទ្ធិផ្តួចផ្តើមបន្តការស៊ើបអង្កេតពីមហន្តរាយនេះ។
លោកនិយាយថា៖ «របាយការណ៍នេះ មិនមានការពិតដែលបញ្ជាក់ពីការវាយតម្លៃពេញលេញនិងភាពដែលគួរឲ្យទុកចិត្តបាននៃការស៊ើបអង្កេតនេះទេ។ គុណភាពនៃការស៊ើបអង្កេត មិនបានធ្វើឲ្យយើងពេញចិត្តទេ ហើយតាមមតិរបស់យើង ការស៊ើបអង្កេតនេះបានធ្វើឡើងដោយរំលោភបទដ្ឋាន ICAO»។
គណៈកម្មការស៊ើបអង្កេតការធ្លាក់យន្តហោះធុន MH-17 ដែលដឹកនាំដោយហូឡង់បានប្រាប់ឲ្យដឹងនៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា យន្តហោះនោះបានត្រូវបាញ់ទម្លាក់ដោយកាំជ្រួចមីស៊ីលពីដីទៅអាកាស។ ក៏ប៉ុន្តែ លោក Storchevoy បាននិយាយថា មិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីគាំទ្រការអះអាងនោះទេ។
លោក និយាយថា៖ «តាមការពិត នៅលើសំបកដែលគ្របលើតួយន្តហោះ Boeing 777 មិនមានប្រហោងដែលចង្អុលបង្ហាញថា យន្តហោះនោះបានត្រូវបាញ់ទម្លាក់ដោយកាំជ្រួច BUK M1 ទេ។ មិនមានការខូចខាតដែលបានបញ្ជាក់ពីប្រភេទនៃអំបែងរាងដូចជាមេអំបៅនោះទេ។
យន្តហោះម៉ាក្ស Boeing 777 បានធ្លាក់កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ នៅតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដែលជាទីកន្លែងប្រយុទ្ធរវាងពួកឧទ្ទាមដែលគាំទ្រដោយរុស្ស៊ីនិងកងទ័ពរដ្ឋាភិបាលអ៊ុយក្រែន ដោយបានសម្លាប់មនុស្ស១៩៨នាក់នៅលើយន្តហោះនោះ៕