យោធាអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃពុធនេះថា ទាហានរុស្ស៊ីបានបន្តដាក់សម្ពាធលើទីក្រុង Bakhmut នៅភាគខាងកើតប្រទេសអ៊ុយក្រែននៅក្នុងពេលពេញមួយថ្ងៃកន្លងមកនេះ។ ស្របពេលនោះដែរ រុស្ស៊ីបានបាញ់ផ្លោងដាក់លើគោលដៅស៊ីវិលនានានៅភាគខាងត្បូង ក្នុងពេលមួយថ្ងៃក្រោយមកបន្ទាប់ពីបានធ្វើការវាយប្រហារខ្លាំងក្លាតាមអាកាសលើទីក្រុងកៀវនិងទីក្រុងផ្សេងៗទៀតរបស់អ៊ុយក្រែន។
កងទ័ពរុស្ស៊ីបានវាយប្រហារ ៥៥ ដងលើគោលដៅនានារបស់អ៊ុយក្រែននៅក្នុងទីក្រុង Bakhmut ក្នុងពេលមួយថ្ងៃកន្លងមកនេះ។ នេះបើតាមការបញ្ជាក់របស់អគ្គសេនាធិការកងទ័ពអ៊ុយក្រែននៅក្នុងសេចក្ដីជូនដំណឹងប្រចាំថ្ងៃរបស់ខ្លួន ដោយបានបន្ថែមថា ការប្រយុទ្ធខ្លាំងក្លាបំផុតនៅបន្តធ្វើឡើងនៅសមរភូមិជួរមុខ Bakhmut-Avdiyivka-Maryinka ដែលជាចំណុចកណ្ដាលនៃការវាយរុលចូលរបស់យោធារុស្ស៊ីនៅភាគខាងកើតប្រទេសអ៊ុយក្រែន។
យោធាអ៊ុយក្រែនបានបញ្ជាក់ថា រុស្ស៊ីបានវាយប្រហារសំដៅលើទាំងគោលដៅយោធានិងគោលដៅស៊ីវិលដោយការវាយប្រហារតាមអាកាសចំនួន ៥៧ ដងនិងការបាញ់កាំភ្លើងធំផ្ទួនៗគ្នាចំនួន ៩៦ គ្រាប់ចេញពីប្រព័ន្ធរ៉ុក្កែតនៅក្នុងរយៈពេលដូចគ្នានេះដែរ។ យោធាអ៊ុយក្រែនបានបន្ថែមថា កងការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូនវាយប្រហារដែលធ្វើនៅអ៊ីរ៉ង់ចំនួន១០គ្រឿង និងដ្រូនឈ្លបយកការណ៍ចំនួន៦គ្រឿង។
ប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា Patriot ដែលត្រូវបានកងទ័ពអ៊ុយក្រែនប្រើ ទំនងជារងការខូចខាតខ្លះពីការវាយប្រហាររបស់រុស្ស៊ី។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសហរដ្ឋអាមេរិក២រូបកាលពីថ្ងៃអង្គារ។ មន្ត្រីទាំង២រូបនោះបានបន្ថែមថា ប្រព័ន្ធនេះហាក់មិនរងការបំផ្លាញនោះទេ។
ខែលការពារដែនអាកាស Patriot នេះគឺជាប្រព័ន្ធមួយក្នុងចំណោមប្រព័ន្ធការពារដែនអាកាសដ៏ទំនើបនានាដែលក្រុមបស្ចិមប្រទេសផ្គត់ផ្គង់ដល់អ៊ុយក្រែនដើម្បីជួយអ៊ុយក្រែនទប់ទល់នឹងយុទ្ធនាការវាយប្រហារតាមអាកាសរបស់រុស្ស៊ី ដែលបានសំដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រោងចក្រអគ្គិសនី និងកន្លែងផ្សេងៗទៀត។
មន្ត្រីសហរដ្ឋអាមេរិកមួយរូបដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនិងយោងលើព័ត៌មានដំបូងៗ បាននិយាយថា រដ្ឋាភិបាលអាមេរិកនិងរដ្ឋាភិបាលអ៊ុយក្រែនបានពិភាក្សាគ្នារួចហើយអំពីវិធីដ៏ល្អបំផុតនៅក្នុងការជួសជុសប្រព័ន្ធ Patriot នេះ៕