ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រុស្ស៊ី​និយាយ​ថាពួក​ជន​សកម្ម​ប្រយុទ្ធរដ្ឋឥស្លាម​ប្រហែល​១ម៉ឺននាក់​ស្ថិត​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន


កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​ឈរ​ជើង​នៅជិត​ស្ថានីយ៍​ទូរទស្សន៍ Shamshad ក្រោយ​ពេល​មាន​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​មួយ​នៅ​ទីក្រុង​កាប៊ុល កាល​ពី​ខែ​វិច្ឆិកា ដែល​ក្រុម​រដ្ឋ​ឥស្លាម​បាន​អះអាង​ទទួល​ខុស​ត្រូវ។

ប្រទេស​រុស្ស៊ី​បាន​ប៉ាន់​ស្មានថា ​មាន​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ប្រហែល​១ម៉ឺន នាក់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ហើយ​ចំនួន​នេះ​នឹង​កើន​ឡើង​ពីព្រោះ​តែ​ពួក​អ្នកប្រយុទ្ធ​ដែល​កំពុង​រត់​គេច​ខ្លួន​ពី​ប្រទេស​ស៊ីរី​ និង​អ៊ីរ៉ាក់​កំពុង​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ដែល​ហែកហួរ​ដោយ​សារ​សង្គ្រាម​នេះ។

បណ្តាញ​ព័ត៌មាន​របស់​រុស្ស៊ី​កាល​ពី​ថ្ងៃ​សៅរ៍​បាន​ដក​ស្រង់​សម្តី​លោក Zamir Kabulov បេសកជន​ពិសេស​របស់​ប្រធានា​ធិបតី​រុស្ស៊ី​សម្រាប់​ប្រទេសអាហ្វហ្គានីស្ថាន​មក​ចុះផ្សាយ​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ​មានការ​ព្រួយ​កង្វល់​ពិសេស​អំពីការ​កើន​ឡើង​នូវ​ជន​សកម្ម​ប្រយុទ្ធរដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេសអាហ្វហ្គានីស្ថាន​នេះ។ ​ក្រុម​រដ្ឋ​ឥស្លាម​បាន​កើនឡើង​នូវ​អំណាច​របស់​ខ្លួន​យ៉ាង​ខ្លាំង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​នៅ​បណ្តា​ខេត្តខាង​ជើង​នៃ​ប្រទេសអាហ្វហ្គានីស្ថាន​មាន​ព្រំ​ដែន​ជាមួយប្រទេស តាហ្ស៊ីគីស្ថាន ​និង តួកម៉េនីស្ថាន ។

លោក ​Kabulov​ បាន​ប្រាប់​ទីភ្នាក់​ងារ​ព័ត៌មាន ​Sputnik​ របស់រុស្ស៊ី​ថា៖ «រុស្ស៊ី​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​មុនគេ​ដែល​មាន​ការ​ភ្ញាក់​ផ្អើល​ពី​ការងើប​ឡើង​នូវ​ពួក​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេសអាហ្វហ្គានីស្ថាន​នេះ។​ ក្រុមរដ្ឋ​ឥស្លាម​បាន​កើន​ឡើង​នូវ​អំណាចរបស់​ខ្លួន​នៅ​ក្នុង​ប្រទេស​នោះ​កាល​ពី​ពេល​ថ្មីៗ​នេះ។ យោង​តាម​ការ​ប៉ាន់​ស្មាន​របស់​យើង ​ចំនួន​របស់​ពួក​ជន​សកម្ម​ប្រយុទ្ធ​មាន​លើស​ពី​១ម៉ឺននាក់​ទៀត​ ហើយ​ចំនួន​នេះ​នឹងកើន​ឡើង ​ជាពិសេស​បណ្តាល​មក​ពីការ​មក​ដល់​របស់​ពួក​អ្នក​ប្រយុទ្ធ​ថ្មី​មក​ពី​ប្រទេស​ស៊ីរី​និង​អ៊ីរ៉ាក់‍»។

​បេកសកជន​រុស្ស៊ី​រូប​នោះ ​បាន​ចោទ​ប្រកាន់​ថា ​ឧទ្ធម្ភាគចក្រ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​កំពុង​ដឹក​ពួក​អ្នក​ប្រយុទ្ធនិង​កំពុង​ផ្គត់​ផ្គង់​ឧបករណ៍​ខាង​យោធា​របស់​ប្រទេស​លោក​ខាង​លិច​ទៅ​ឲ្យសាខា​របស់​ក្រុម​ភេរវជន​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន៕

XS
SM
MD
LG