ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Tillerson៖ យុទ្ធសាស្ត្រថ្មី​នឹង​ «នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​វិជ្ជមាន» ទៅ​លើ​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន


លោក​រដ្ឋ​មន្ត្រី​ការបរទេស Rex Tillerson ថ្លែង​នៅ​ក្រសួង​ការបរទេស​ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ស្តី​ពី​គោលនយោបាយ​អាមេរិក​លើ​ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧។
លោក​រដ្ឋ​មន្ត្រី​ការបរទេស Rex Tillerson ថ្លែង​នៅ​ក្រសួង​ការបរទេស​ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ស្តី​ពី​គោលនយោបាយ​អាមេរិក​លើ​ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Rex Tillerson និយាយ​ថា លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ បាន​ផ្តល់​អំណាច​ដល់​មេបញ្ជាការ​ទាហាន​អាមេរិក ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ ផ្អែក​ទៅ​លើ​ស្ថានភាព​សមរភូមិ​នៅ​អាហ្វហ្គានីស្ថាន។ លោក​ Tillerson បាន​បន្ត​ថា ការណ៍​នេះ​នឹង​ជួយ​ជ្រោមជ្រែង​ដល់​ឥទ្ធិពល​របស់​សហរដ្ឋអាមេរិក​នៅ​ក្នុង​សង្គ្រាម ដែល​បាន​អូស​បន្លាយ​ពេល​យ៉ាង​យូរ​បង្អស់​នេះ។

​ការ​ប្រកាស​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​ពី​យុទ្ធសាស្ត្រសម្រាប់​ប្រទេស​អាហ្វហ្គានីស្ថាន​ បាន​ទទួល​ការ​គាំទ្រ​យ៉ាងខ្លាំង​ក្លាពី​សំណាក់​រដ្ឋមន្ត្រីការបរទេស​លោក Rex Tillerson ដែល​បាន​និយាយថា យុទ្ធសាស្ត្រនោះ​នឹងមិន​ផ្អែក​ទៅ​លើ​កាលកំណត់​នោះ​ទេ ប៉ុន្តែ​ផ្អែកទៅ​លើ​ស្ថានភាព​សមរភូមិ​នៅ​អាហ្វហ្គានីស្ថាន​ទៅ​វិញ។

លោក​រដ្ឋមន្ត្រី​ការបរទេស Rex Tillerson បាន​មាន​ប្រសាសន៍​ថា៖

«ការ​ប្រយុទ្ធ​គ្នា​នឹង​នៅ​តែ​ត្រូវ​រ៉ាប់រង​ដោយ​កងកម្លាំង​អាហ្វហ្គានីស្ថាន ដោយ​យោធា និង​កងកម្លាំង​សន្តិសុខ​របស់​ពួកគេ។ ប៉ុន្តែ​យើង​ជឿ​ថា យើង​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​វិជ្ជមាន​ទៅ​លើ​អ្វី​ ដែល​ជា​សង្គ្រាម​ ដែល​យើង​កំពុង​ចាញ់​មួយ ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ។ បើ​មិន​អញ្ចឹង​ទេ យ៉ាងហោចណាស់​ យើង​អាច​រក្សា​ស្ថានការណ៍​បាន»។

ប៉ុន្តែ​លោក Tillerson បាន​ទទួលស្គាល់​ថា ទោះ​បី​ជា​ការ​ផ្តោត​ថ្មី​មិន​អាច​នាំឲ្យ​មាន​ជ័យជម្នះ​យោធា​ទាំងស្រុង​ក៏​ដោយ។ លោក​ក៏​បាន​អំពាវនាវ​ឲ្យ​ក្រុម​តាលីបង់​ចូល​តុ​ពិភាក្សា​ផង​ដែរ។ លោក​បាន​និយាយ​ថា៖

«ខ្ញុំ​គិត​ថា លោក​ប្រធានាធិបតី​បាន​និយាយ​ច្បាស់​ពី​រឿង​នេះ កិច្ច​ប្រឹងប្រែង​ទាំងស្រុង​នេះ​មាន​គោលបំណង​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​តាលីបង់​ ដើម្បី​ឲ្យ​ក្រុម​នេះ​យល់​ ថា​ខ្លួននឹង​មិន​ឈ្នះ​សង្គ្រាម​នៅ​សមរភូមិ​ទេ។ យើង​ប្រហែល​មិន​អាច​ឈ្នះ​សង្គ្រាម​នេះ ហើយ​ក្រុម​នោះ​ក៏​នឹង​មិន​ឈ្នះ​ផង​ដែរ»។

លោក Tillerson បាន​យល់ស្របជាមួយ​លោក​ត្រាំ​ថា បញ្ហា​ស្មុគស្មាញ​របស់​អាហ្វហ្គានីស្ថាន​ អាច​ត្រូវ​ដោះស្រាយ​បាន​ ជាមួយ​នឹង​មធ្យោបាយ​ជា​លក្ខណៈ​តំបន់​ប៉ុណ្ណោះ ដែល​ក្នុងនោះ​រួម​មាន​ឥណ្ឌា និង​ប៉ាគីស្ថាន​ផងដែរ។ យ៉ាងណាក្តី លោក​បាន​និយាយ​ថា ប៉ាគីស្ថាន​ត្រូវ​ការ​ផ្លាស់ប្តូរ​ចំណាត់ការ​របស់​ខ្លួន​ទៅ​នឹង​ក្រុម​ភេរវករ។ អ្នក​វិភាគ​មួយ​ចំនួន​ រួមទាំង​លោក David Sedney ដែល​និយាយ​នៅ​ក្នុង​កម្មវិធី «View 360» នៃ VOA ជា​ភាសា​ Urdu យល់​ស្រប​ចំពោះ​រឿង​នេះ។

លោក David Sedney ដែលជា​អតីត​អ្នក​ការទូត​អាមេរិក​ផង​ដែរ​នោះ បាន​និយាយ​ថា៖

«ប៉ាគីស្ថាន​ត្រូវ​ចាត់​វិធានការ​មុតមាំ​ ដើម្បី​រារាំង​មេដឹកនាំ​ក្រុម​តាលីបង់​ កុំ​ឲ្យ​ចូល​រួម​ជួបជុំ​គ្នា​នៅ​ប៉ាគីស្ថាន ក៏​ដូចជា បញ្ឈប់​លំហូរ​អាវុធ យុទ្ធភណ្ឌ និង​គ្រឿងផ្ទុះ ពី​ប៉ាគីស្ថាន​ចូល​ក្នុង​អាហ្វហ្គានីស្ថាន។ ឥឡូវនេះ ប៉ាគីស្ថាន​ដឹង​ថា ខ្លួន​មិន​អាច​អង្គុយ​រង់ចាំ​សហរដ្ឋអាមេរិក​បាន​ទេ»។

លោក William Goodfellow បាន​ប្រាប់​កម្មវិធី​ «View 360» ថា លោក​មិន​ឃើញ​មាន​ការ​ផ្លាស់ប្តូរ​ធំដុំ​ណា​មួយ​នៅ​ក្នុង​យុទ្ធសាស្ត្ររបស់​សហរដ្ឋអាមេរិក​ចំពោះ​អាហ្វហ្គានីស្ថាន​នោះ​ទេ។ លោក​បាន​និយាយ​ថា៖

«ខ្ញុំ​គិត​ថា ហេតុផល​ ដែល​ពួកគេ​ដាក់​ទ័ព​បន្ថែម​ គឺ​ពីព្រោះ​តែ ពួកគេ​ព្រួយបារម្ភ​ថា ក្រុម​តាលីបង់​មាន​គំនិត​ផ្តួចផ្តើម ហើយ​មេបញ្ជាការ​ទាហាន​អាមេរិក​គ្រាន់​តែ​និយាយ​ថា «យើង​កំពុងមាន​ការ​ជាប់​គាំង។ ទេ យើង​មិន​មាន​ការ​ជាប់​គាំង​ទេ»។ អញ្ចឹង​គឺ​ថា ភាគី​អាមេរិកកំពុង​តែ​ចាញ់។ ហើយ​ខ្ញុំ​គិត​ថា ការ​ដាក់​ទ័ព​បន្ថែមនឹង​ជួយ​នាំ​យក​ស្ថានភាព​មួយ ដែល​ពិតជា មាន​ការ​ជាប់​គាំង និង​រៀបចំ​ឲ្យ​មាន​ដំណោះស្រាយ​តាមរយៈ​ការ​ចរចា​មួយ»។

ដំណោះស្រាយ​តាមរយៈ​ការ​ចរចា​ទំនង​ជា​លទ្ធផល​ទទួលយក​បាន​មួយ​សម្រាប់​មនុស្ស​ភាគច្រើន​នៅ​អាហ្វហ្គានីស្ថាន ដែល​កំពុង​រ៉ាំរ៉ៃ​នឹង​សង្គ្រាម៕

ប្រែសម្រួលដោយ​ ណឹម សុភ័ក្ត្របញ្ញា

XS
SM
MD
LG