ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ព្រមាន​ថា​លោក Putin ឈ្លក់​វង្វេង​​​នឹង​វោហាសាស្ត្រ​ផ្ទាល់​ខ្លួន​


ប្រធានាធិបតី​រុស្ស៊ី ​លោក​ Vladimir Putin ស្តាប់​ក្នុង​អំឡុង​វេទិកា​យុវជន​មួយ​នៅ​រដ្ឋធានី​មូស្គូ​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២២។
ប្រធានាធិបតី​រុស្ស៊ី ​លោក​ Vladimir Putin ស្តាប់​ក្នុង​អំឡុង​វេទិកា​យុវជន​មួយ​នៅ​រដ្ឋធានី​មូស្គូ​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២២។

ប្រធានាធិបតី​រុស្ស៊ី ​លោក​ Vladimir Putin ​ដែល​ហាក់​ដូចជា​ ឈ្លក់​វង្វេង​នឹង​ការ​យល់​ឃើញ​ និង​សម្តី​បំផ្លើស​របស់​គាត់​ផ្ទាល់​នោះ​ និងមិន​អាច​បោះបង់​ចោល​បំណង​ប្រាថ្នា​របស់​គាត់​ក្នុង​ការ​ដណ្តើម​យក​ប្រទេស​អ៊ុយក្រែន​បាន​ឡើយ ​ទោះបី​ជា​ត្រូវ​ចំណាយ​ច្រើន​យ៉ាងណា​ក៏​ដោយ។​ នេះបើ​យោង​តាម​ការ​វាយ​តម្លៃ​ជា​សាធារណៈ​ដោយ​មេ​ចារកម្ម​កំពូល​របស់​អាមេរិក។ ​

នាយក ​CIA ​លោក ​William Burns​ ដែល​ជា​មន្ត្រី​ចុង​ក្រោយ​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​ជួប​ជាមួយ​លោក Putin​ មុនពេល​លោក​បាន​បញ្ជា​ឱ្យ​កង​កម្លាំង​រុស្ស៊ី​ចូល​អ៊ុយក្រែន​ក្នុង​ខែ​កុម្ភៈ​នោះ​ បាន​ព្រមាន​កាលពី​ល្ងាច​ថ្ងៃពុធ​ថា​ មេ​ដឹកនាំ​រុស្ស៊ី​ពិតជា​ជឿថា​ គាត់​ត្រូវតែ​យក​ឈ្នះ​អ៊ុយក្រែន​ដើម្បី​សម្រេច​ជោគ​វាសនា​របស់​គាត់។​

លោក​ Burns​ បាន​ប្រាប់​ទស្សនិកជន​នៅ​ឯ​វេទិកា​សន្តិសុខ​ Aspen​ ប្រចាំ​ឆ្នាំ​នៅ​ទីក្រុង​ Aspen​ រដ្ឋ ​Colorado​ថា៖ «លោក​ Putin ​ពិត​ជា​ជឿជាក់​លើ​វោហាសាស្ត្រ​របស់​គាត់​ ហើយ​ខ្ញុំ​បាន​ឮ​គាត់​និយាយ​ជា​លក្ខណៈ​ឯកជន​ជាច្រើន​ឆ្នាំ​មក​នេះ​ថា ​អ៊ុយក្រែន​មិន​មែន​ជា​ប្រទេស​ពិត​ប្រាកដ​នោះ​ទេ។ ​… គាត់​ពិត​ជា​គិត​ថា​ គាត់​អាច​វៃ​យក​ទីក្រុង​កៀវ​ក្នុង​រយៈ​ពេលតិច​ជាង​មួយ​សប្តាហ៍»។​ លោក ​Burns ​បាន​បន្ថែម​ថា៖ «គាត់​មាន​ជំនឿ​ថា​ ជោគ​វាសនា​របស់​គាត់​ក្នុង​នាម​ជា​មេ​ដឹកនាំ​រុស្ស៊ី​ត្រូវ​តែ​ស្តារ​ប្រទេស​រុស្ស៊ី​ជា​មហា​អំណាច​ឡើង​វិញ...។ ​គាត់​មិន​ជឿ​ថា​ គាត់​អាច​ធ្វើ​ដូច្នេះ​បានដោយ​មិន​គ្រប់គ្រង​អ៊ុយក្រែន​និង​មិន​គ្រប់គ្រង​ជម្រើស​របស់​អ៊ុយក្រែន​នោះ​ទេ។ ​គាត់​ជឿ​ថា​ វា​ជា​អាទិភាព​ចាំបាច់​របស់​គាត់ ជា​អាទិភាព​ចាំបាច់របស់​រុស្ស៊ី​ក្នុង​ការ​ត្រួតត្រា​អ៊ុយក្រែន»។​

ការ​វាយ​តម្លៃ​របស់​សហរដ្ឋ​អាមេរិក​កាលពី​មុន​ បាន​បង្ហាញ​ថា ​ ខណៈ​លោក ​Putin​ មិន​មាន​ចេតនា​បោះបង់​ចោល​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​គាត់​ដណ្តើម​យក​អ៊ុយក្រែន​ទាំងមូល​នោះ ​តាម​មើលទៅ​គាត់​អាច​មាន​ឆន្ទៈ​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​ជាផ្លូវការ​ ដើម្បី​ផ្តល់​ពេល​វេលា​ឲ្យ​កង​កម្លាំង​របស់​គាត់​ក្នុង​ការ​រៀបចំ​ឡើង​វិញ​ បន្ទាប់ពី​ការ​ខាតបង់​យ៉ាង​ច្រើន​ ចាប់តាំង​ពី​ការ​ឈ្លានពាន​បាន​ចាប់​ផ្តើម។​

នាយក​ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​ជាតិ​របស់​សហ​រដ្ឋ​អាមេរិក​ ​អ្នកស្រី​ Avril Haines ​បាន​និយាយ​កាលពី​ខែ​មុន​ថា៖​ «តាម​ទស្សនៈ​របស់​យើង​ គេ​អាច​ជឿ​បាន​ទាំងស្រុង​ថា​ ​អាស្រ័យ​លើ​ការ​វិវឌ្ឍ​នៃ​សភាពការណ៍​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ហើយ​លោក ​Putin​ជឿជាក់​ថា​ អាច​មាន​ប្រយោជន៍​ធ្វើ​កិច្ច​ព្រមព្រៀង​មួយ​ចំនួន»។​

ការ​ប៉ាន់​ស្មាន​របស់​ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​អាមេរិក​និយាយ​ថា​ ទាហាន​រុស្ស៊ី​ប្រមាណ​១​ម៉ឺន​៥ពាន់​នាក់​បាន​ស្លាប់​នៅ​អ៊ុយក្រែន ​និង​ ៤ម៉ឺន​៥​ពាន់​នាក់​រងរបួស។​ មន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន​បាន​និយាយ​ថា​ ​ចំនួន​ទាហាន​រុស្ស៊ី​ស្លាប់​មាន​ប្រហែល​៣​ម៉ឺន​៨​ពាន់​នាក់។ ​លោក​Burns​ ហាក់​បីដូច​ជា​សង្ស័យ​អំពី​គំនិត​សុទិដ្ឋិនិយម​អំពី​លទ្ធភាព​មាន​កិច្ច​ព្រមព្រៀង​ ព្រោះ​វា​ខុស​ពី​ទស្សនៈ​របស់​លោក ​Putin ​អំពី​ពិភពលោក៕

XS
SM
MD
LG