ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រុស្ស៊ី​ពង្រឹង​ការ​វាយប្រហារ​តាម​អាកាស​នៅ​ស៊ីរី​ ប្រឆាំង​នឹង​សត្រូវ​របស់​ប្រធានាធិបតី​ Assad


កង​យោធា​រុស្ស៊ី​ភ្ជាប់​គ្រាប់បែក​កំណត់​ទី​ដៅ​ទៅ​កាន់​យន្តហោះ​ចម្បាំង​ Su-34 នៅ​មូលដ្ឋាន​ទ័ព​អាកាស​ Hmeimim នៅ​ប្រទេស​ស៊ីរី។

ប្រទេស​រុស្ស៊ី​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន​បាន​បង្កើន​ការ​វាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ការ​គាំទ្រ​កងទ័ព​ស៊ីរី ​ដែល​បាន​កាន់​កាប់​ភូមិ​ចំនួន​២ នៅ​ភាគ​ខាង​ជើងទីក្រុង​ Hamaចាប់​តាំង​ពី​យប់​ថ្ងៃ​សុក្រ​មក។

លោក Igor Konashenko អ្នកនាំ​ពាក្យ​ក្រសួងការពារ​ជាតិ​រុស្ស៊ី ​ដែល​បាន​ថ្លែង​ទៅ​កាន់​ក្រុមអ្នក​យក​ព័ត៌មានរុស្ស៊ី​កាល​ពី​ថ្ងៃសៅរ៍ ​បាន​ភ្ជាប់​ការ​កើន​ឡើង​នូវ​ការ​វាយប្រហារ​ទៅ​នឹង​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ទី​ដៅ​នៅ​លើ​ដី​ ដែល​បាន​រក​ឃើញ​តាម​ការ​ឈ្លបយកការណ៍​តាម​អាកាស​ និង​ផ្កាយ​រណប។

នៅរដ្ឋ​ធានី​វ៉ាស៊ីនតោន ​ក្រុម​មន្រ្តី​ការ​ពារ​ជាតិ​អាមេរិក​បាន​ធ្វើ​សន្និសីទតាមវីដេអូ​មួយ​ជាមួយ​សមភាគី​រុស្ស៊ី ​ដែល​ជា​ការ​ប្រឹងប្រែង​មួយ​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កិច្ច​ប្រតិបត្តិការ​ហោះ​ហើរ​ដោយ​សុវត្ថិភាព​នៅ​ក្នុង​ដែន​អាកាសដ៏​មមារញឹក​នោះ។ លោក Peter Cook ​អ្នកនាំ​ពាក្យ​មន្ទីរ​បញ្ចកោណ ​បាន​ពណ៌​នាការ​ពិភាក្សា​នោះ​ថា ប្រកប​ដោយ​វិជ្ជាជីវៈ​ ហើយ​លោក​បាន​និយាយ​ថា ​ក្រុម​មន្រ្តី​ទាំង​នោះបាន​ផ្តោត​លើ​ទម្រង់​ការ​សុវត្ថិភាព​ដែន​អាកាស​ដ៏​តូច​ចង្អៀត​នេះ។

ក្រសួងការពារ​ជាតិ​រុស្ស៊ី​បាន​ប្រើប្រាស់​ភាសា​ប្រហាក់​ប្រហែល​គ្នា​ ដើម្បី​ពណ៌នា​ការ​ពិភាក្សា​នេះ។ក្រុម​មន្រ្តី​អាមេរិក​បាន​រិះគន់​រុស្ស៊ី​យ៉ាង​ខ្លាំង ​បន្ទាប់​ពី​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​បាន​ផ្តល់​ការ​ព្រមាន​មិន​ច្បាស់​លាស់​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា​ ប្រហែល​មួយ​ម៉ោង​មុន​ពេល​ចាប់​ផ្តើម​ការវាយ​ប្រហារ​តាម​អាកាស​លើក​ដំបូង​របស់​ខ្លួន​នៅ​ខាង​ក្នុង​ប្រទេស៊ីរី​នៅ​ក្នុង​ការ​គាំទ្រ​ប្រធានាធិបតី​ Basher al-Assad ​ដែល​មាន​ជម្លោះ​នោះ។

​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​បាន​អះអាង​ថា ​ការវាយ​ប្រហារ​នោះ​កំពុង​ចាត់​ទីដៅលើ​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​សំ​ខាន់​ៗ ​ក៏​ប៉ុន្តែ​ក្រុម​ឧទ្ទាម​បាន​និយាយ​ថា ​ការ​វាយ​ប្រហារ​ភាគ​ច្រើន​កំពុង​ត្រូវ​ចំ​តំបន់​នានា​ ដែល​មិនមាន​វត្តមាន​របស់​ក្រុម​ជ្រុល​និយម​នោះ៕

XS
SM
MD
LG