សាលាក្តីនៃអង្គការសហប្រជាជាតិបានបញ្ជាឱ្យរុស្ស៊ីប្រគល់នាវាចម្បាំងអ៊ុយក្រែន៣គ្រឿង និងដោះលែងនាវិកជាង២០នាក់ ដែលត្រូវបានចាប់ក្នុងការប្រឈមមុខគ្នាមួយកាលពីខែវិច្ឆិកានៅឧបទ្វីបគ្រីមេ។ សាលាក្តីអន្តរជាតិសម្រាប់ច្បាប់សមុទ្រដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ បានចេញបទបញ្ជាកាលពីថ្ងៃសៅរ៍ បន្ទាប់ពីសវនាការកាលពីដើមខែនេះ។
ការចាប់នាវានេះបានកើតឡើងក្នុងអំឡុងការប្រឈមមុខដាក់គ្នាកាលពីថ្ងៃទី២៥ ខែវិច្ឆិកា នៅច្រក Kerch ដែលបែងចែមតំបន់គ្រីមេ និងដែនដីរុស្ស៊ី។ វាជាការប៉ះទង្គិចខាងយោធាជាលើកដំបូងរវាងរុស្ស៊ីនិងអ៊ុយក្រែនចាប់តាំងរដ្ឋាភិបាលក្រុងមូស្គូ បានភ្ជាប់ឧបទ្វីបគ្រីមេជាដែនដីរបស់ខ្លួនកាលពីឆ្នាំ ២០១៤ ដែលត្រូវបានចាត់ទុកជាទូទៅថាជាសកម្មភាពខុសច្បាប់។
អ៊ុយក្រែនបានអះអាងថា រុស្ស៊ីបានឃាត់នាវារបស់ខ្លួននៅក្នុងសមុទ្រខ្មៅ នៅពេលដែលពួកគេវិលត្រឡប់ទៅទីក្រុងកំពង់ផែ Odessa របស់អ៊ុយក្រែន។ អ៊ុយក្រែនបានអះអាងថា នាវារបស់ខ្លួនការពារដោយច្បាប់សមុទ្រ ហើយមិនអាចត្រូវបានចាប់បែបនេះទេ។
រុស្ស៊ីបានអះអាងថា នាវានេះបានព្យាយាមចូលសមុទ្រ Azov តាមច្រក Kerch ដែលជាការប្រឆាំងនឹងបទបញ្ជារបស់រុស្ស៊ីឱ្យឈប់ ពីព្រោះរុស្ស៊ីបានបិទផ្លូវទឹកជាបណ្តោះអាសន្ន។ ប្រទេសរុស្ស៊ីបានចោទក្រុមនាវិកថា បានរំលោភព្រំដែនរបស់ខ្លួន និងបានអះអាងថា សាលាក្តីនេះមិនមានយុត្តាធិការលើបញ្ហានេះទេ ដោយសារមានការលើកលែងសម្រាប់សកម្មភាពយោធា។
រុស្ស៊ីមិនបានចូលរួមក្នុងសវនាការ ឬសម័យប្រជុំ កាលពីថ្ងៃសៅរ៍ទេ។
សេចក្តីសម្រេចរបស់សាលាក្តីក្រុង Hamburg មានអំណាចខាងច្បាប់ ប៉ុន្តែគ្មានអំណាចពង្រឹងការសម្រេចនេះទេ។ សាលាក្តីនេះទុកពេលឱ្យភាគីទាំងពីររហូតដល់ថ្ងៃទី២៥ ខែមិថុនា ដើម្បីរាយការណ៍អំពីការអនុវត្តបទបញ្ជារបស់ខ្លួន៕