រុស្ស៊ីបានអនុម័តច្បាប់«អង្គភាពមិនគួរស្វាគមន៍» ក្នុងឆ្នាំ ២០១៥ និងបានចាត់ទុកអង្គភាពប្រព័ន្ធផ្សព្វផ្សាយជាច្រើនជា«អង្គភាពមិនគួរស្វាគមន៍»ចាប់តាំងពីឆ្នាំ ២០២១ មក។ វិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាព (RFE/RL) ស្ថិតក្នុងលេខរៀងទី ១៤២ ដែលត្រូវបានដាក់ក្នុងបញ្ជី«អង្គការមិនគួរស្វាគមន៍»នេះ។
រដ្ឋាភិបាលរុស្ស៊ីកាលពីថ្ងៃអង្គារ ទី ២០ ខែកុម្ភៈ បានចាត់ទុកវិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាពRFE/RL ដែលជាសម្ព័ន្ធនឹងវីអូអេជា «អង្គការមិនគួរស្វាគមន៍» ក្នុងចំណាត់ការដែលបង្ហាញពីការគាបសង្កត់យ៉ាងខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលវិមានក្រឹមឡាំង។
សារព័ត៌មានមួយដែលមានមូលដ្ឋាននៅទីក្រុងប្រាកបានរាយការណ៍ថា ការចាត់ទុកបែបនេះបើកផ្លូវឱ្យមានការចោទប្រកាន់ព្រហ្មទណ្ឌដល់បុគ្គលិកវិទ្យុ RFE/RL ម្ចាស់ជំនួយនិងប្រភពផ្តល់ព័ត៌មាននានា។
សារព័ត៌មាននេះត្រូវបានដាក់ចូលក្នុងបញ្ជី «អង្គការមិនគួរស្វាគមន៍» ដែលកាន់កាប់ដោយក្រសួងយុត្តិធម៌របស់រុស្ស៊ី ដោយស្ថិតក្នុងលេខរៀងទី ១៤២ ដែលត្រូវបានធ្វើចំណាត់ថ្នាក់បែបនេះ។
ប្រធានវិទ្យុ RFE/RL លោក Stephen Capus ថ្លែងថា ការធ្វើចំណាត់ថ្នាក់នេះ«គ្រាន់តែជាឧទាហរណ៍ថ្មីៗបង្អស់ដែលបង្ហាញពីវិធីរដ្ឋាភិបាលរុស្ស៊ីចាត់ទុកការរាយការណ៍ការពិតថាជាការគំរាមកំហែងខ្លាំងក្លាមួយ»។
លោក Capus បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ពលរដ្ឋរុស្ស៊ីរាប់លាននាក់បានពឹងផ្អែកលើពួកយើងអស់ជាច្រើនទសវត្សមកហើយ ដោយមានទស្សនិកជនយ៉ាងច្រើនដែលមិនធ្លាប់មានក្នុងកំណត់ត្រាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ចាប់តាំងពីការស្លាប់របស់លោក Aleksei Navalny ហើយការប៉ុនប៉ងរារាំងពួកយើងនឹងធ្វើឱ្យវិទ្យុ RFE/RL ខិតខំកាន់តែខ្លាំងក្នុងការនាំយកព័ត៌មានឯករាជ្យនិងសេរីមកឱ្យពលរដ្ឋរុស្ស៊ី»។
ស្ថានទូតរុស្ស៊ីនៅរដ្ឋធានីវ៉ាស៊ីនតោនមិនបានឆ្លើយតបភ្លាមៗចំពោះអ៊ីមែលវីអូអេ ដែលស្នើសុំការអត្ថាធិប្បាយនោះទេ។
ច្បាប់ «អង្គការមិនគួរស្វាគមន៍» របស់រុស្ស៊ីត្រូវបានអនុម័តនៅឆ្នាំ ២០១៥។ អង្គភាពប្រព័ន្ធផ្សព្វផ្សាយជាច្រើនត្រូវបានចាត់ទុកថា «មិនគួរស្វាគមន៍» ចាប់តាំងពីឆ្នាំ ២០២១មក នេះបើយោងតាមគណៈកម្មាធិការការពារអ្នកសារព័ត៌មាន។ ក្នុងចំណោមពួកគេមានសារព័ត៌មាន Meduza សារព័ត៌មាន Novaya Gazeta Europe និងសារព័ត៌មាន Bellingcat។
រដ្ឋាភិបាលក្រុងមូស្គូបានកំណត់គោលដៅលើវិទ្យុ RFE/RL អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
នៅឆ្នាំ ២០១៧ អាជ្ញាធររុស្ស៊ីបានចាត់ទុកសារព័ត៌មាននេះជា«ភ្នាក់ងារបរទេស»។ ចាប់តាំងពីពេលនោះមក វិទ្យុ RFE/RL បានបដិសេធមិនបង់ប្រាក់ពិន័យជាច្រើនដែលសរុបជាង ១៤ លានដុល្លារចំពោះការមិនគោរពតាមច្បាប់នោះ។
ច្បាប់ភ្នាក់ងារបរទេសចូលជាធរមាននៅក្នុងឆ្នាំ ២០១២ ហើយចាប់តាំងពីពេលនោះមក ច្បាប់នោះត្រូវបានប្រើប្រាស់ដើម្បីកំណត់ក្រុមនិងបុគ្គលដែលរិះគន់រដ្ឋាភិបាលវិមានក្រឹមឡាំង។ រុស្ស៊ីក៏បានប្រកាសថាវីអូអេជាភ្នាក់ងារបរទេសដែរ។
បុគ្គលិកវិទ្យុ RFE/RL ជាង ៣០ នាក់ ក៏ត្រូវបានដាក់ក្នុងបញ្ជីជា«ភ្នាក់ងារបរទេស»ផងដែរ។
អ្នកយកព័ត៌មានរបស់វិទ្យុ RFE/RL អ្នកស្រី Alsu Kurmasheva ត្រូវបានជាប់ពន្ធនាគារក្នុងប្រទេសរុស្ស៊ីចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ ក្រោមបទចោទប្រកាន់ថាមិនបានចុះបញ្ជីជា«ភ្នាក់ងារបរទេស»។
អ្នកស្រី Kurmasheva ដែលមានសញ្ជាតិពីរគឺអាមេរិក និងរុស្ស៊ីរូបនេះបានធ្វើដំណើរទៅប្រទេសរុស្ស៊ីក្នុងខែឧសភា ឆ្នាំ ២០២៣ ដោយសារមានបញ្ហាគ្រួសារបន្ទាន់។ នៅពេលដែលអ្នកស្រីព្យាយាមចាកចេញពីប្រទេសក្នុងខែមិថុនា លិខិតឆ្លងដែនរបស់អ្នកស្រីត្រូវបានរឹបអូស។ អ្នកស្រីត្រូវបានឃុំខ្លួនខណៈពេលរង់ចាំយកលិខិតឆ្លងដែនវិញ។
ក្រៅពីបទចោទថាជាភ្នាក់ងារបរទេស អ្នកស្រី Kurmasheva ក៏កំពុងប្រឈមនឹងការចោទប្រកាន់ពីការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីកងទ័ពរុស្ស៊ីផងដែរ។ ប្រសិនបើត្រូវបានកាត់ទោស អ្នកស្រីប្រឈមនឹងការផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ។
អ្នកស្រី Kurmasheva និងនិយោជករបស់អ្នកស្រីបដិសេធការចោទប្រកាន់លើអ្នកស្រី៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន