ស.រ.អា.និងប្រទេសរុស្ស៊ីកំពុងចាត់វិធានការតបតរគ្នាទៅវិញទៅមកជាមួយការចូលរួមរបស់ពួកគេនៅក្នុងសន្ធិសញ្ញានុយក្លេអ៊ែរមួយដែលពួកអ្នកនយោបាយនិងពួកអ្នកវិភាគឃើញថាជាការចាប់ផ្តើមការប្រកួតប្រជែងសព្វាវុធ។
ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានប្រកាសនៅថ្ងៃសៅរ៍នេះថាប្រទេសរុស្ស៊ីផ្អាកការចូលរួមរបស់ខ្លួនក្នុងសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរមានវង់ប្រតិបត្តិការមធ្យមកាលពីសម័យសង្គ្រាមត្រជាក់។ ចំណាត់ការនេះរបស់រុស្ស៊ីមានឡើងក្រោយសកម្មភាពស្រដៀងគ្នាកាលពីថ្ងៃសុក្រដោយស.រ.អា.។
លោក Putin បាននិយាយនៅក្នុងសុន្ទរកថាមួយតាមទូរទស្សន៍នៅថ្ងៃសៅរ៍នេះថា «ពួកដៃគូអាមេរិកាំងបានប្រកាសថាពួកគេផ្អាកការចូលរួមរបស់ពួកគេនៅក្នុងកិច្ចព្រមព្រៀងនេះ យើងផ្អាកការចូលរួមរបស់យើងដែរ»។
លោក Putin បានថ្លែងថាប្រទេសរុស្ស៊ីនឹងចាប់ផ្តើមធ្វើការក្នុងការបង្កើតកាំជ្រួចមីស៊ីលថ្មីៗ ដោយមានរួមបញ្ចូលទាំងកាំជ្រួចមីស៊ីលដែលមានសន្ទុះលឿនជាងសំឡេងផងដែរ។ លោកបាននិយាយប្រាប់រដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារប្រទេសរបស់លោកកុំឱ្យផ្តើមគំនិតធ្វើកិច្ចចរចាអំពីការដកសព្វាវុធជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ លោកប្រធានាធិបតីស.រ.អា. Donald Trump បានប្រកាសថាស.រ.អា.ផ្អាកការប្រព្រឹត្តតាមសន្ធិសញ្ញានេះដែលមានរយៈពេលច្រើនទសវត្សរ៍មកហើយ ដោយលោកបានចោទប្រកាន់អាជ្ញាធរវិមានក្រឹមឡាំងថាបានរំលោភលើកិច្ចព្រមព្រៀងនេះ។
លោក Trump បាននិយាយថា៖ «ជាយូរយាមកហើយ ប្រទេសរុស្ស៊ីបានរំលោភលើសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរមានវង់ប្រតិបត្តិការមធ្យមហៅកាត់ថា INF ជាមួយការគ្មានទោសពៃរ៍ អភិវឌ្ឍដោយសម្ងាត់និងដាក់ពង្រាយប្រព័ន្ធកាំជ្រួចមីស៊ីលមួយដែលត្រូវបានហាមប្រាមដែលដក់ឱ្យមានការគំរាមកំហែងដោយផ្ទាល់មួយដល់សម្ព័ន្ធមិត្តនិងក្រុមទាហានយើងនៅក្រៅប្រទេស»៕