អ្នកការទូតកំពូលរុស្ស៊ីម្នាក់បានធ្វើដំណើរទៅប្រទេសប៉ាគីស្ថានដើម្បីពិភាក្សាអំពីកិច្ចខំប្រឹងប្រែងដើម្បីជំរុញឲ្យមានការចរចាសន្តិភាពដោយផ្ទាល់រវាងភាគីសង្គ្រាមនានានៅប្រទេសអាហ្វហ្គានីស្ថានដែលជាប្រទេសជិតខាង។
បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ីទទួលបន្ទុកកិច្ចការអាហ្វហ្គានីស្ថាន លោក Zamir Kabulov កំពុងធ្វើទស្សនកិច្ចនៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដបន្ទាប់ពីកិច្ចចរចារវាងតំណាងពិសេសរបស់សហរដ្ឋអាមេរិក លោក Zalmay Khalilzad និងក្រុមតាលីបង់នៅប្រទេសកាតា សម្រាប់ការផ្សះផ្សាសង្គ្រាមអាហ្វហ្គានីស្ថាន។ ប្រទេសប៉ាគីស្ថានបានប្រកាសថា ខ្លួនបានរៀបចំកិច្ចចរចាសន្តិភាពដោយផ្ទាល់រវាងបេសកជនរបស់សហរដ្ឋអាមេរិកនិងក្រុមតាលីបង់។
នៅពេលសួរអំពីការរំពឹងទុកបន្ទាប់ពីកិច្ចប្រជុំជាមួយលោក Kabulov មន្ត្រីជាន់ខ្ពស់ប៉ាគីស្ថានបានប្រាប់ VOA ថា «បណ្តាប្រទេសនៅក្នុងតំបន់មានចំណាប់អាម្មរណ៍និងក្តីបារម្ភអំពីសង្គ្រាមនៅអាហ្វហ្គានីស្ថាន ហើយនឹងបន្តផ្លាស់ប្តូរទស្សនៈទៅវិញទៅមកអំពីការវិវត្តស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន»។
មន្ត្រីដែលសុំមិនបង្ហាញអត្តសញ្ញាណម្នាក់បាននិយាយថា បេសកជនរុស្ស៊ីនឹងចាប់ផ្តើមកិច្ចប្រជុំជាផ្លូវការជាមួយក្រសួងការបរទេសប៉ាគីស្ថានចាប់ពីថ្ងៃអង្គារនេះទៅ។
ប្រទេសរុស្ស៊ីកំពុងបង្កើតកិច្ចខំប្រឹងប្រែងរបស់ខ្លួនដើម្បីព្យាយាមនាំយកក្រុមតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថានមកតុចរចា ដោយបារម្ភថាអស្ថិរភាពដែលបន្តកើតឡើងនៅប្រទេសអាហ្វហ្គានីស្ថាននឹងគំរាមកំហែងដល់សម្ព័ន្ធមិត្តនៅតំបន់អាស៊ីកណ្តាលដែលចែកព្រំដែនជាមួយនឹងប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ៕