រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានថ្លែងប្រាប់សមភាគីចិនរបស់លោកកាលពីថ្ងៃសៅរ៍ថា ការគាំទ្ររបស់ចិនចំពោះសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ធ្វើឱ្យស្មុគស្មាញដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរនេះកំពុងតែស្មុគស្មាញរួចទៅហើយ ដោយសារតែបញ្ហាជាច្រើនផ្សេងទៀត។
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានបន្ទោសសហរដ្ឋអាមេរិកចំពោះការធ្លាក់ចុះនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបាននិយាយថា គោលនយោបាយរបស់សហរដ្ឋអាមេរិកបានដើរខុសផ្លូវដោយសារតែអ្វីដែលលោកបានហៅថា គឺជាការយល់ខុសថាចិនគឺជាការគំរាមកំហែង។
លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi បានថ្លែងថា៖ «មនុស្សជាច្រើនយល់ថាសហរដ្ឋអាមេរិកកំពុងតែរងទុក្ខពីការភ័យខ្លាចចិន»។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយរបស់ចិន។
លោក Wang Yi បានថ្លែងទៀតថា៖ «ប្រសិនបើការគំរាមកំហែងនេះត្រូវបានអនុញ្ញាតឱ្យរីកកាន់តែធំ នោះគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិននឹងត្រូវដើរដល់ផ្លូវទាល់ ដោយគ្មានច្រកចេញវិញបាននោះទេ»។
មន្ត្រីការទូតកំពូលរបស់សហរដ្ឋអាមេរិក លោក Blinken ដែលបានធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដែលគេរំពឹងថា លោកនឹងនិយាយអំពីបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ា បាននិយាយថា លោកបានលើកឡើងអំពី «ការព្រួយកង្វល់ដ៏ជ្រាលជ្រៅរបស់សហរដ្ឋអាមេរិកទាក់ទិននឹងវោហារសាស្ត្របង្ករឿងកាន់តែខ្លាំងឡើងរបស់ចិន និងសកម្មភាពរបស់ចិនចំពោះកោះតៃវ៉ាន់»។
លោកBlinken ក៏បានគូសបញ្ជាក់ផងដែរថា លោកបានលើកឡើងអំពីកង្វល់របស់សហរដ្ឋអាមេរិកទាក់ទិននឹងការប្រើប្រាស់យុទ្ធសាស្ត្ររបស់ចិននៅសមុទ្រចិនខាងត្បូង ការគាបសង្កត់សេរីភាពនៅក្នុងទីក្រុងហុងកុង ការបង្ខំកម្លាំងពលកម្ម ការប្រព្រឹត្តទៅលើជនជាតិភាគតិចនិងអ្នកកាន់សាសនាភាគតិចនៅទីបេ និងអំពើប្រល័យពូជសាសន៍នៅក្នុងខេត្ត Xinjiang ផងដែរ។
បន្ថែមពីនោះទៀត លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកក៏បាននិយាយផងដែរថា លោកនិងលោក Wang បានពិភាក្សាគ្នាអំពីវិធីដែលអាចឱ្យមានកិច្ចសហប្រតិបត្តិការគ្នាច្រើនជាងមុនរវាងសហរដ្ឋអាមេរិកនិងចិន ទៅលើបញ្ហានានាដូចជាវិបត្តិអាកាសធាតុ សន្ដិសុខស្បៀង សុខភាពសកលលោក និងការប្រយុទ្ធប្រឆាំងនឹងការជួញដូរថ្នាំញៀនផងដែរ៕