នៅតែប៉ុន្មានថ្ងៃទៀតនេះនឹងដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងស.រ.អា. មានការព្រួយបារម្ភខ្លាំងឡើងៗអំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសរុស្ស៊ីក្នុងការធ្វើឱ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យស.រ.អា.មានហួសពីការបោះឆ្នោតនៅថ្ងៃទី៦ ខែវិច្ឆិកា ឬការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ២០២០។
ក្រុមមន្ត្រីខាងការពារប្រទេសនិងខាងសន្តិសុខព្រួយបារម្ភថាជាផ្នែកមួយនៃផែនការរបស់រដ្ឋាភិបាលក្រុងម៉ូស្គូដែលកំពុងមានធ្វើដើម្បីបង្កឱ្យមានការបែកបាក់គ្នានិងការមិនស្រុះស្រួលគ្នា រដ្ឋាភិបាលរុស្ស៊ីកំពុងខិតខំព្យាយាមយកជ័យជម្នះលើក្រុមយោធាស.រ.អា.មិនមែនដោយប្រើគ្រាប់កាំភ្លើងទេ តែដោយប្រើ tweetsនិងរូបភាពកំប្លែងផ្សព្វផ្សាយតាមបណ្តាញអ៊ិនធឺណិត។
កលល្បិចនេះជាយុទ្ធសាស្ត្រមួយប្រទេសរុស្ស៊ីក្នុងការស្វែងរកភាពប្រេះឆាក្នុងសង្គមអាមេរិកាំងដែលមានការមិនទុកចិត្តគ្នានិងមានកំហឹងរួចស្រេចហើយនោះ ហើយពង្រីកការបែកបាក់គ្នាទាំងនោះឱ្យធំជាងមុនដោយប្រើសារមានទិសដៅ។
បើតាមក្រុមអតីតមន្ត្រីស.រ.អា.និងបស្ចឹមប្រទេសនិងមន្ត្រីបច្ចុប្បន្នថា ក្នុងករណីនៃក្រុមយោធាស.រ.អា. គោលដៅនៃអាជ្ញាធរវិមានក្រឹមឡាំងគឺទំនងជាបង្កើតអ្វីដែលគេស្គាល់ថាជាការត្រួតត្រាដែលធ្វើដោយឥតគិត។ មន្ត្រីទាំងនេះបាននិយាយថាដោយផ្សាយព័ត៌មានមិនពិតដល់ក្រុមទាហានស.រ.អា. ប្រទេសរុស្ស៊ីអាចធ្វើឱ្យពួកទាហានអាមេរិកាំងទាំងនេះធ្វើការជ្រើសរើសឬធ្វើសេចក្តីសម្រេចចិត្តដែលនាំឱ្យមានផលប្រយោជន៍ដល់រដ្ឋាភិបាលក្រុងម៉ូស្គូ៕