ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ចោទ​ប្រកាន់​ស្ត្រី​រុស្ស៊ី​ម្នាក់​ពាក់ព័ន្ធ​នឹង​ការ​ជ្រៀតជ្រែក​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៨ នេះ


មនុស្សម្នា​បោះឆ្នោត​នៅ​ក្រុម​ប្រឹក្សា​បោះឆ្នោត​តំបន់ Oklahoma កាលពី​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ក្នុង​ក្រុង Oklahoma។
មនុស្សម្នា​បោះឆ្នោត​នៅ​ក្រុម​ប្រឹក្សា​បោះឆ្នោត​តំបន់ Oklahoma កាលពី​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ក្នុង​ក្រុង Oklahoma។

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ ទីភ្នាក់ងារ​អនុវត្ត​ច្បាប់ និង​ទីភ្នាក់ងារ​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ថា ប្រទេស​រុស្ស៊ី​កំពុង​ប្រឹងប្រែង​វាយ​ប្រហារ​លើ​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​អាមេរិក​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

ទីភ្នាក់ងារ​ទាំង​នេះ​បាន​បង្ហាញ​នូវ​ភស្តុតាង​ថ្មី​ចុង​ក្រោយ​បំផុត​នៅ​ក្នុង​ការ​ចោទ​ប្រកាន់​ថ្មី​ប្រឆាំង​នឹង​ជនជាតិ​រុស្ស៊ី​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​អ្នក​ជំនួញ​ស្ដុកស្ដម្ភ​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា «ចុងភៅ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin»។

កាល​ពី​ថ្ងៃ​ទី ១៩ ខែ​តុលា​កន្លង​ទៅ​នេះ សហរដ្ឋ​អាមេរិក​បាន​បើក​ពាក្យ​បណ្ដឹង​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​នាង Elena Alekseevna Khusyaynova អាយុ ៤៤ ឆ្នាំ មក​ពី​ទីក្រុង St. Petersburg ប្រទេស​រុស្ស៊ី ដោយ​ធ្វើ​ឲ្យ​នាង​ក្លាយជា​ជនជាតិ​រុស្ស៊ី​ដំបូង​គេ​បង្អស់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ជ្រៀតជ្រែក​ចូល​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៨ នេះ។

បើ​យោង​តាម​ពាក្យ​បណ្ដឹង​ព្រហ្មទណ្ឌ​នេះ នាង Khusyaynova គឺ​ជា​ប្រធាន​ផ្នែក​គណនេយ្យ​នៃ​គម្រោង​របស់​រុស្ស៊ី​មួយ​ឈ្មោះ​ថា «គម្រោង Lakhta» ដែល​ជា​ប្រតិបត្តិការ «សង្គ្រាម​ព័ត៌មាន» គ្រប់គ្រង​ដោយ​ទីភ្នាក់ងារ​ស្រាវជ្រាវ​អ៊ីនធឺណិត​របស់​រុស្ស៊ី។ ទីភ្នាក់ងារ​ស្រាវជ្រាវ​អ៊ីនធឺណិត​នេះ​គឺ​ជា​ក្រុមហ៊ុន​បង្ហោះ​ព័ត៌មាន​អុចអាល​នានា​តាម​បណ្ដាញ​សង្គម​មួយ ដែល​ត្រូវ​បាន​មេធាវី​ពិសេស​របស់​សហរដ្ឋ​អាមេរិក​លោក Robert Mueller ចោទ​ប្រកាន់​កាល​ពី​ដើម​ឆ្នាំ​នេះ នៅ​ក្នុង​ផ្នែក​មួយ​នៃ​ការ​ស៊ើប​អង្កេត​របស់​លោក​លើ​ករណី​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ចូល​ក្នុង​ការ​បោះ​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក។

ពាក្យ​បណ្ដឹង​នោះ​បាន​បង្ហាញ​ថា នាង Khusyaynova គឺ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​ការ​ចំណាយ​សម្រាប់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​បណ្ដាញ​សង្គម និង​មើល​ការ​ខុស​ត្រូវ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​ភ្នាក់ងារ​កណ្ដាល​នានា នៅ​ពេល​ដែល​នាង​ជួយ​បង្កើត​គណនី​បណ្ដាញ​សង្គម​រាប់​ពាន់​គណនី ដូចជា Facebook និង Twitter ជា​ដើម ដែល​គណនី​មួយ​ចំនួន​ក្នុង​ចំណោម​នោះ​មាន​អ្នក​គាំទ្រ​តាមដាន​រាប់​ម៉ឺន​នាក់។

ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៨

ប៉ុន្តែ មិន​ដូចជា​ពាក្យ​បណ្ដឹង​ព្រហ្មទណ្ឌ​កាល​ពី​លើក​មុនៗ​ទេ មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា នាង Khusyusynova បាន​ធ្វើ​សកម្មភាព​ផុត​ពី​អ្វី​ដែល​បាន​ធ្វើ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ ២០១៦ ទៅ​ទៀត ដោយសារតែ​នាង​ឧបត្ថម្ភ​ថវិកា​ដល់​កិច្ច​ប្រឹងប្រែង​បង្កើត​គណនី​បណ្ដាញ​សង្គម​ថ្មី​ដែល​ផ្ដោត​លើ​ទាំង​បញ្ហា និង​បេក្ខជន​ទាំង​ពីរ​គណបក្ស​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

ដូច​កិច្ច​ប្រឹងប្រែង​កាល​ពី​លើក​មុនៗ​នៅ​ក្រោម «គម្រោង Lakhta» នេះ គណនី​ទាំង​អស់​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​មើល​ទៅ​ឲ្យ​ដូច​ជា​គណនី​របស់​សកម្មជន​នយោបាយ​អាមេរិកាំង​ពិត​ប្រាកដ​នានា ដោយ​ប្រើ​បណ្ដាញ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ផ្ទាល់​ខ្លួន​ដែល​ហៅ​ថា VPN និង​វិធី​ផ្សេង​ទៀត​ដើម្បី​លាក់​អត្តសញ្ញាណ​របស់​ពួកគេ។

មន្ត្រី​អាមេរិក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា អ្នក​ដែល​គ្រប់គ្រង​គណនី​ទាំង​នោះ​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ធ្វើ​យ៉ាង​ណា​បង្ក​ឲ្យ​មាន​ការ​បែកបាក់ និង​ការ​មិន​ទុក​ចិត្ត​កាន់តែ​ខ្លាំង​រវាង​សមាជិក​នៃ​គណបក្ស​នយោបាយ​ទាំង​អស់ «តាម​រយៈ​ការ​គាំទ្រ​ក្រុម​ជ្រុល​និយម​នានា» និង​ដើម្បី «ធ្វើ​ឲ្យ​ជម្លោះ​រវាង​ជាតិ​សាសន៍​ភាគ​តិច និង​ប្រជាពលរដ្ឋ​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​កាន់តែ​ធ្ងន់ធ្ងរ​ឡើង»។

សារ​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ទាំង​នោះ​ផ្ដោត​លើ​ប្រធានបទ​ជា​ច្រើន ដែល​ក្នុង​នោះ​មាន​ដូចជា​បញ្ហា​អន្តោប្រវេសន៍ ការ​គ្រប់គ្រង​អាវុធ ទង់​ជាតិ​សម័យ​សង្គ្រាម​ស៊ីវិល​អាមេរិក និង​ការ​ជជែក​ដេញដោល​អំពី​កីឡាករ​បាល់​បោះ​អាមេរិកាំង​ដែល​លត់​ជង្គង់​គោរព​ភ្លេង​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ជា​ដើម។

មន្ត្រី​អាមេរិកាំង​និយាយ​ថា ហេតុការណ៍​ជាក់លាក់​មួយ​ចំនួន​ដូចជា ការ​បាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ កុប្បកម្ម​នៅ​ទីក្រុង Charlottesville រដ្ឋ Virginia និង​សេចក្ដី​សម្រេច​នានា​របស់​សេតវិមាន​លោក Trump ក៏​ត្រូវ​បាន​ប្រើ​ជា​ឧបករណ៍​ផង​ដែរ។

មេធាវី​អាមេរិកាំង​លោក Zachary Terwilliger បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា៖ «គោល​បំណង​ជា​យុទ្ធសាស្ត្រ​នៃ​អំពើ​ទុច្ចរិត​ដែល​បន្ត​មក​ដល់​សព្វថ្ងៃ​នេះ​គឺ​ដើម្បី​បង្កើត​ជម្លោះ​នៅ​ក្នុង​ប្រព័ន្ធ​នយោបាយ​សហរដ្ឋ​អាមេរិក និង​ដើម្បី​បំផ្លាញ​ការ​ទុក​ចិត្ត​លើ​ស្ថាប័ន​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក»។

នៅ​ពេល​ដែល​គេ​សួរ​អំពី​ការ​ចោទ​ប្រកាន់​ថ្មី​ទាំង​នេះ​នៅ​ក្នុង​អំឡុង​ពេល​លោក​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋ Arizona ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ហៅ​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ថា​មិន​ទាក់ទង​នឹង​កិច្ច​ប្រឹងប្រែង​របស់​លោក​នោះ​ទេ។

លោក Trump បាន​ប្រាប់​អ្នក​កាសែត​ដូច្នេះ​ថា៖ «ខ្ញុំ​គ្មាន​ជាប់​ពាក់ព័ន្ធ​អ្វី​ទាំង​អស់​ជាមួយ​នឹង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​ខ្ញុំ។ ប្រសិនបើ​ពួកគេ​ជា​អ្នក​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ ភាគ​ច្រើន​នៃ​ពួកគេ​ប្រហែល​ជា​ចូលចិត្ត​លោកស្រី Hillary Clinton ជាង​ខ្ញុំ»។

រូបឯកសារ៖ លោក Donald Trump និងលោកស្រី Hillary Clinton ក្នុងអំឡុងពេលជជែកតទល់គ្នា នៅមុន​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅឆ្នាំ២០១៦។
រូបឯកសារ៖ លោក Donald Trump និងលោកស្រី Hillary Clinton ក្នុងអំឡុងពេលជជែកតទល់គ្នា នៅមុន​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅឆ្នាំ២០១៦។

ការ​ព្រមាន និង​ការ​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ជា​ថ្មី​

ពាក្យ​បណ្ដឹង​នេះ​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​មន្ត្រី​ស៊ើបការណ៍​សម្ងាត់ និង​មន្ត្រី​សន្តិសុខ​សហរដ្ឋ​អាមេរិក​មាន​បំណង​ចង់​ព្រមាន​ផង និង​ចង់​ធានា​ចំពោះ​អ្នក​បោះ​ឆ្នោត​អាមេរិកាំង​ផង​អំពី​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​អាមេរិក​ដែល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ៦ ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

លោក Chris Krebs អនុ​រដ្ឋមន្ត្រី​នៃ​នាយកដ្ឋាន​កម្មវិធី និង​ការ​ការពារ​ជាតិ​នៃ​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក បាន​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី ១៩ ខែ​តុលា​ថា៖ «យើង​មិន​ឃើញ​មាន​ស្ថានការណ៍​ដូច​ទៅ​នឹង​ស្ថានការណ៍​កាល​ពី​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៦ នោះ​ទេ។ កាល​ពី​ឆ្នាំ ២០១៦ មាន​នូវ​យុទ្ធនាការ​ប្រើ​អ៊ីមែល​បោក​បញ្ឆោត​ជា​ច្រើន»។

លោក Krebs និង​មន្ត្រី​ផ្សេង​ទៀត​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មិន​មាន​ការ​កើន​ឡើង​ណា​មួយ​ទាក់ទិន​នឹង​ការ​ប៉ុនប៉ង​ជ្រៀតជ្រែក​ចូល​ក្នុង​ប្រព័ន្ធ​បោះ​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ ហើយ​ក៏​គ្មាន​ការ​ជ្រៀតជ្រែក​ចូល​ក្នុង​ប្រព័ន្ធ​ណា​មួយ​ពាក់ព័ន្ធ​នឹង​ការ​រាប់​សន្លឹក​ឆ្នោត​ផង​ដែរ។

មន្ត្រី​អាមេរិក​បាន​និយាយ​ថា ភាគ​ច្រើន​នៃ​ប្រព័ន្ធ​ទាំង​នោះ​ត្រូវ​បាន​ធ្វើ​ទំនើបកម្ម ឬ​ក៏​ត្រូវ​បាន​ពង្រឹង​ឡើង ដោយ​ពួកគេ​បញ្ជាក់​ថា ហេដ្ឋារចនាសម្ព័ន្ធ​បោះ​ឆ្នោត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ជាង ៩០ ភាគរយ កំពុង​ត្រូវ​បាន​ត្រួត​ពិនិត្យ​ដោយ​ឧបករណ៍​ចាប់​សញ្ញា ដែល​អាច​ចាប់​សកម្មភាព​ព្យាបាទ​នានា​បាន។

ប៉ុន្តែ ស្រប​ពេល​នោះ​ដែរ ការិយាល័យ​ប្រធាន​ស៊ើបការណ៍​សម្ងាត់​ជាតិ​របស់​អាមេរិក បាន​ព្រមាន​កាល​ពី​ថ្ងៃ​ទី ១៩ ខែ​តុលា អំពី​ការ​ប្រឹងប្រែង​ជា​បន្ត​របស់​សត្រូវ​សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើ​ឲ្យ​អ្នក​បោះ​ឆ្នោត​ប្ដូរ​ចិត្ត​គាំទ្រ​ចំពោះ​គណបក្ស​ណា​មួយ។

ការិយាល័យ​ប្រធាន​ស៊ើបការណ៍​សម្ងាត់​ជាតិ​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​រួម​ជាមួយ​នឹង​ក្រសួង​យុត្តិធម៌ ទីភ្នាក់ងារ FBI និង​ក្រសួង​សន្តិសុខ​មាតុភូមិ​ដូច្នេះ​ថា៖ «យើង​មាន​ការ​ព្រួយ​បារម្ភ​អំពី​យុទ្ធនាការ​ជា​បន្ត​របស់​ប្រទេស​រុស្ស៊ី ប្រទេស​ចិន និង​តួ​អង្គ​បរទេស​ផ្សេង​ទៀត ដែល​ក្នុង​នោះ​មាន​ទាំង​ប្រទេស​អ៊ីរ៉ង់​ផង​ដែរ ដែល​ចង់​បំផ្លាញ​ជំនឿ​ទុកចិត្ត​លើ​ស្ថាប័ន​ប្រជាធិបតេយ្យ និង​ចង់​ជះ​ឥទ្ធិពល​លើ​ចិត្ត​គំនិត​របស់​សាធារណជន​នានា»។

សេចក្ដី​ប្រកាស​នោះ​បាន​បន្ថែម​ថា៖ «សកម្មភាព​ទាំង​នេះ​ក៏​មាន​បំណង​ជះ​ឥទ្ធិពល​លើ​ទស្សនៈ និង​ការ​សម្រេច​ចិត្ត​របស់​អ្នក​បោះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៨ នេះ និង​ការ​បោះ​ឆ្នោត​ឆ្នាំ ២០២០ ខាង​មុខ​របស់​សហរដ្ឋ​អាមេរិក»។

មន្ត្រី​អាមេរិក​បាន​និយាយ​ថា ទាំង​ប្រទេស​ចិន និង​អ៊ីរ៉ង់​សុទ្ធតែ​បាន​បង្កើន​សកម្មភាព​របស់​ខ្លួន​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ជះ​ឥទ្ធិពល​លើ​ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមេរិក។ មន្ត្រី​អាមេរិក​បច្ចុប្បន្ន និង​អតីត​មន្ត្រី​អាមេរិក​មួយ​ចំនួន បាន​ហៅ​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ចិន​នៅ​ក្នុង​ការ​ជ្រៀតជ្រែក​ចូល​ការ​បោះ​ឆ្នោត​នេះ​ថា​មាន​លក្ខណៈ​ស្មុគស្មាញ និង​មាន​ចេតនា​ខ្លាំងក្លា​នៅ​ក្នុង​ការ​បណ្ដុះ​ទស្សនៈ​ចូលចិត្ត​ប្រទេស​ចិន​នៅ​ក្នុង​រយៈពេល​វែង។

ប៉ុន្តែ សកម្មភាព​ទាំង​នេះ​នៅ​មិន​ទាន់​អាច​ប្រៀប​បាន​ជាមួយ​នឹង​វិសាលភាព​នៃ​សកម្មភាព​របស់​ប្រទេស​រុស្ស៊ី​នោះ​ទេ ដោយ​ក្នុង​នោះ​មានតែ​សកម្មភាព​មួយ​ចំនួន​របស់​រុស្ស៊ី​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​បង្ហាញ​ឡើង​នៅ​ក្នុង​ពាក្យ​បណ្ដឹង​ព្រហ្មទណ្ឌ។

ឧបត្ថម្ភ​ដោយ​រុស្ស៊ី

ឯកសារ​ហិរញ្ញវត្ថុ​ដែល​ទទួល​បាន​នៅ​ក្នុង​ផ្នែក​មួយ​នៃ​ការ​ស៊ើប​អង្កេត​បាន​បង្ហាញ​ថា គិត​មក​ទល់​ខែ​មករា ឆ្នាំ ២០១៦ នាង Khusyaynova និង «គម្រោង Lakhta» មាន​ថវិកា​ចំនួន ៣៥ លាន​ដុល្លារ​សម្រាប់​ធ្វើ​កិច្ចការ។ នាង​បាន​ចំណាយ​ប្រហែល ១០ លាន​ដុល្លារ​នៅ​ក្នុង​រយៈពេល ៦ ខែ​ដំបូង​នៃ​ឆ្នាំ ២០១៨។

ការ​ចំណាយ​របស់​នាង​នៅ​ឆ្នាំ ២០១៨ នេះ មាន​ដូចជា​ការ​ផ្សព្វផ្សាយ​លើ Facebook ចំនួន ៦ ម៉ឺន​ដុល្លារ ការ​ផ្សព្វផ្សាយ​លើ Instagram ចំនួន ៦ ពាន់​ដុល្លារ និង​ការ​ចំណាយ​ចំនួន ១ ម៉ឺន ៨ ពាន់​ដុល្លារ​សម្រាប់ «អ្នក​សរសេរ​ប្លុក» និង​សម្រាប់​ការ​បង្កើត​គណនី​លើ Twitter។

មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ថវិកា​ទាំង​នេះ​គឺ​បាន​មក​ពី​អ្នក​ជំនួយ​រុស្ស៊ី​លោក Yevgeniy Prigozhin។

លោក Prigozhin ត្រូវ​គេ​ស្គាល់​ថា​ជា «ចុងភៅ​របស់​លោក Putin» ដោយសារតែ​ក្រុមហ៊ុន​របស់​លោក​ផ្ដល់​សេវា​ម្ហូប​អាហារ​ដល់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។ គេ​ជឿ​ថា លោក Prigozhin មាន​ទំនាក់ទំនង​ជ្រាលជ្រៅ​ជាមួយ​នឹង​ស្ថាប័ន​នយោបាយ និង​យោធា​របស់​រុស្ស៊ី។

លោក​ក៏​ជា​អ្នក​គ្រប់គ្រង​ផង​ដែរ​លើ​ក្រុមហ៊ុន Concord Management and Consulting LLC ដែល​ជា​អង្គភាព​មួយ​ក្នុង​ចំណោម​អង្គភាព ៣ ដែល​រង​ការ​ចោទ​ប្រកាន់​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើប​អង្កេត​របស់​មេធាវី​ពិសេស​អាមេរិកាំង​លោក Robert Mueller។

មេធាវី​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​តំណាង​ឲ្យ​ក្រុមហ៊ុន Concord នេះ មិន​បាន​ឆ្លើយតប​ចំពោះ​ការ​ស្នើ​របស់ VOA សុំ​យោបល់​លើ​រឿង​នេះ​ទេ៕

XS
SM
MD
LG