ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ីថ្លែងថាបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនពីរគ្រឿងសំដៅទីក្រុងមូស្គូ


ព្រះវិហារគ្រិស្តមួយបានរងការបំផ្លិចបំផ្លាញបន្ទាប់ពីការបាញ់មីស៊ីលរបស់រុស្ស៊ី នៅតំបន់ Zaporizhzhia កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣។

រុស្ស៊ី​និយាយ​ថា ​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​របស់​អ៊ុយក្រែន​ចំនួន​ ១១ ​គ្រឿង ​ដែល​ហោះ​មក​កាន់​ឧបទ្វីប ​Crimea ​ហើយ​នឹង​ ២ គ្រឿង​ទៀត​ហោះ​មកកាន់​រដ្ឋធានី​មូស្គូ។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​លើ​តេឡេក្រាម​ថា​ ដ្រូន​ ២ ​គ្រឿង​ដែល​ដៅ​ការវាយ​ប្រហារ​លើ​រដ្ឋធានី​មូស្គូ​ត្រូវ​បាន​បាញ់​ទម្លាក់ ​ហើយ​ក៏​ដូច​ដ្រូន​ ២ ​គ្រឿងដែល​ហោះ​នៅ​ជិត​ទីក្រុង Sevastopol នៅ​ឆ្នេរ​សមុទ្រ Crimea។ សេចក្តី​ថ្លែងការណ៍​នោះ​បាន​បញ្ជាក់​ថា ​ដ្រូន​ ៩ ​គ្រឿង​ «ត្រូវ​បាន​រារាំង​ដោយ​ឧបករណ៍សង្គ្រាម​អេឡិចត្រូនិក ​ហើយ​បាន​ធ្លាក់​នៅ​ក្នុង​សមុទ្រ​ខ្មៅ»។

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ​អាជ្ញាធរ​រុស្ស៊ី​បាន​និយាយ​ថា ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន ២ ​គ្រឿង​របស់​អ៊ុយក្រែន ​ដែល​បាន​ហោះ​តម្រង់ទៅកាន់​រដ្ឋធានី​មូស្គូ។

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ​បាន​និយាយ​នៅ​លើ​បណ្តាញសង្គម X ដែលស្គាល់ថា Twitter ថា​ការវាយ​ប្រហារ​របស់​រុស្ស៊ី​លើ​ទីក្រុង Zaporizhzhia ភាគ​ខាង​ត្បូង​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏ ៣ នាក់​ដែរ។ លោក​បាន​និយាយ​ទៀត​ថា «អគារ​ធម្មតា​មួយ​ខ្នង​បាន​រង​ការវាយ​ប្រហារ ​ព្រះវិហារ​គ្រិស្ត​សាសនា​មួយ​កន្លែង​និង​អគារ​លំនៅដ្ឋានមួយ​ខ្នង​បាន​រងការខូច​ខាត»។

លោក​ប្រធានាធិបតី Zelenskyy បាន​និយាយ​ថា ​អ៊ុយក្រែន​ត្រូវការ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ច្រើន​ជាង​ដែល​ខ្លួន​មាន។ លោក​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​គ្មាន​ការមន្ទិល​សង្ស័យ​ឡើយ​ថា ​យន្តហោះ​ចម្បាំង​ប្រភេទ F-16s នឹង​ស្ថិត​នៅ​លើ​ដែន​អាកាស​របស់​យើង»។

មន្ត្រី​អ៊ុយក្រែន​បាន​ស្វះស្វែង​រក​គ្រាប់​រំសេវ​និង​អាវុធ​ទំនើបៗកាន់តែ​ច្រើន​ឡើង​ថែម​ទៀត រួមទាំង​ប្រព័ន្ធ​ការពារ​ដែន​អាកាស​និង​យន្តហោះ​ចម្បាំង ​ដើម្បី​ឱ្យ​ស៊ីគ្នា​នឹង​សមត្ថភាព​ខាង​យោធា​របស់​រុស្ស៊ី។

លោក​ប្រធានាធិបតី Zelenskyy បាន​មាន​ប្រសាសន៍​ទៀត​ថា ​ការ​មាន​យន្តហោះ​ចម្បាំង​ប្រភេទ F-16s ​មិន​ត្រឹមតែ​បង្កើន​ការមាន​ប្រៀប​ខាង​ដែន​អាកាស​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​មាន​កម្លាំង​ស្មើ​គ្នា​នឹង​កម្លាំង​របស់​រុស្ស៊ី។

ប្រទេស​ដាណឺម៉ាក​បាន​និយាយ​កាលពី​ចុង​ខែ​មិថុនា​ថា ​ការហ្វឹកហាត់​អ្នក​បើកបរ​យន្តហោះ​ជាតិ​អ៊ុយក្រែន​ដើម្បី​បើកបរ​យន្តហោះ​ចម្បាំង​ប្រភេទ F-16s បាន​ចាប់ផ្តើម៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, Reuters និង AFP

XS
SM
MD
LG