នៅថ្ងៃពុធនេះប្រទេសអ៊ុយក្រែនបានរាយការណ៍ថាកងកម្លាំងរុស្ស៊ីបានវាយប្រហារដោយដ្រូនក្នុងតំបន់ Odesa នាប៉ែកខាងត្បូងប្រទេស។
លោក Yuri Kruk មេបញ្ជាការយោធាអ៊ុយក្រែនក្នុងតំបន់ Odesa បាននិយាយថាដ្រូនទាំងនេះបានបណ្តាលឱ្យមានអគ្គិភ័យនៅហេដ្ឋារចនាសម្ព័ន្ធមួយកន្លែង តែគ្មានមនុស្សស្លាប់ទេ។
រុស្ស៊ីបានប្រើដ្រូនជាច្រើនដើម្បីវាយប្រហារប្រទេសអ៊ុយក្រែន ដោយមានរួមការវាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធផងដែរ។
នៅថ្ងៃពុធនេះ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានសម្តែងការគាំទ្រដល់ការប្រឹងប្រែងរបស់ប្រទេសស៊ុយអែតក្នុងការចូលរួមក្នុងសម្ពន្ធភាពអូតង់។
ថ្លែងនៅក្នុងទស្សនកិច្ចមួយនៅមូលដ្ឋានកងទ័ពជើងទឹកស៊ុយអែត Musko លោក Austin បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក«បន្តគាំទ្រដល់ការចូលរួមយ៉ាងឆាប់រហ័សរបស់អស់លោកអ្នកក្នុងអង្គការអូតង់ហើយយើងនឹងប្រឹងប្រែងឱ្យការណ៍នេះបានសម្រេចនៅមុនសន្និសីទកំពូល»។
លោក Austin បាននិយាយថាកងកម្លាំងស៊ុយអែតនឹង«បន្ថែមតម្លៃច្រើនដល់អូតង់ កិច្ចប្រឹងប្រែងទាំងអស់របស់យើង អស់លោកមានកងយោធាប្រកបដោយវិជ្ជាជីវៈខ្ពស់ណាស់ហើយស៊ុយអែតបានវិនិយោគច្រើនក្នុងទំនើបកម្មកាលពីបីបួនឆ្នាំមុននេះ»។
ស៊ុយអែតបានដាក់ពាក្យសុំចូលជាសមាជិកអូតង់ជាមួយប្រទេសហ្វាំងឡង់ជាការឆ្លើយតបនឹងការលុកលុយរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនកាលពីឆ្នាំទៅមិញ។
ហ្វាំងឡង់បានចូលរួមជាផ្លូវការក្នុងសម្ព័ន្ធភាពយោធានេះកាលពីដើមខែមេសា។ ការសុំចូលជាសមាជិករបស់ស៊ុយអែតត្រូវផ្អាកដោយសារមានការជំទាស់ពីប្រទេសហុងគ្រីនិងប្រទេសតួកគីដែលនិយាយថា ស៊ុយអែតមិនបានចាត់ការឱ្យបានគ្រប់គ្រាន់ដើម្បីបង្ក្រាបលើក្រុមនានាដែលតួកគីចាត់ទុកថាជាអង្គការភេរវកម្ម៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters